ក្រុង​ដាកាៈ អង្គការ​បរិស្ថាន Greenpeace ​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​នាំចេញ​ប្រេង​ផលិត​ពី​​ត្រី និង​អាហារ​​ផលិត​ពី​ត្រី​រាប់​តោន​ពី​អាហ្វ្រិក​​ទៅ​ប្រទេស ​ចិន និង​អឺរ៉ុប បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​របប​អាហារ​របស់​​ប្រជាជន​អាហ្វ្រិក​​រាប់​លាន​នាក់​។

អង្គការ​ Greenpeace បាន​ឲ្យដឹង​​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​នៅ​ទីក្រុង​ដាកា ប្រទេស ​សេណេហ្កាល់ ​ថា ខ្លួន​បាន​កំណត់​​អត្តសញ្ញាណ​រោងចក្រ​ចំនួន​ ៥០ ដែល​ផលិត​ប្រេង និង​អាហារ​ពី​ត្រី ភាគ​ច្រើន​នៅ​​​ប្រទេស ​ម៉ូរីតានី​ ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​​បណ្ដា​ប្រទេស​អាហ្វ្រិក​​ខាង​លិច​ផ្សេង​ទៀត​​ ដូច​ជា​ប្រទេស​ ​សេណេហ្កាល់ និង​ហ្គំប៊ី ​ផង​ដែរ។​

លោក​ Ibrahima Cisse ទទួល​បន្ទុក​យុទ្ធនាការ​ការពារ​មហា​​សមុទ្រ​នៅ​អាហ្វ្រិក​​របស់​អង្គការ Greenpeace ​បាន​ថ្លែង​​ថា៖​ «ត្រី​ច្រើន​សែន​តោន​ ត្រូវ​បាន​​ផលិត​ទៅ​ជា​អាហារ ឬ​ប្រេង​សម្រាប់​ការ​នាំចេញ​ ​ដែល​​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​បុរស និងស្ដ្រី ជនជាតិ​អាហ្វ្រិក​​ប្រហែល​ ៤០ ​លាន​នាក់​»។​

ផលិតផល​ត្រី​ត្រូវ​បាន​ប្រើប្រាស់​ជា​ចំណី​សម្រាប់ ​មាន់ ​ទា សត្វជ្រូក និង​សត្វ​កសិដ្ឋាន​​ផ្សេង​​ទៀត​។​

លោក Cisse ​ថ្លែង​ថា​៖ «​​ប្រជាជន​អាហ្វ្រិក​ត្រូវ​តែ​ទទួល​បាន​​ផល​ប្រយោជន៍​មុន​ពេល​​ធ្វើ​​កសិកម្ម​ឧស្សាហកម្ម​»។​

អង្គការ​ Greenpeace បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​នៅ​អាហ្វ្រិក​​ខាង​លិច​ «ត្រូវ​បញ្ចប់​ឧស្សាហកម្ម​​ប្រេង​ និង​​អាហារ​​ផលិត​ពី​ត្រី​នេះ ដែល​ជា​ការ​គំរាម​កំហែង​ដ៏​ពិត​ប្រាកដ​មួយ​​ដល់​ស្ដុកត្រី​នៅ​ក្នុង​តំបន់​នេះ ជា​ពិសេស​ចំពោះ​សន្ដិសុខ​ចំណី​អាហារ​របស់​ប្រជាជន​​មូលដ្ឋាន​» ដែល​ស្ថិត​ក្នុង​ចំណោម​​ប្រជាជន​ក្រីក្រ​បំផុត​​លើ​​ពិភព​លោក​។​

អង្គការ​នេះ​បាន​ប៉ាន់​ប្រមាណ​​ថា ត្រី​តំណាង​ឲ្យ​​ ៧០ ភាគរយ ​នៃ​ការ​ញ៉ាំ​សារធាតុ​ប្រូតេអ៊ីន​សត្វ​របស់​ប្រជាជន​​​ក្នុង​ប្រទេស ​សេណេហ្កាល់ និង ៥០ ​ភាគរយ ​​​ក្នុង​ប្រទេស ​ហ្គំប៊ី​។​

ពូជ​ត្រី​​សំខាន់ៗ​ដែល​បាន​គំរាម​កំហែង​ដោយ​ឧស្សាហកម្ម​នេះ ​គឺ​ត្រី​តូចៗ ដូច​ជា​​ប្រភេទ​ត្រី​សាឌីន ​ជា​ដើម​។​

នៅ​ឆ្នាំ​មុន ​ប្រទេស ​ម៉ូរីតានី ​បាន​នាំចេញ​ «ចំណែក​ដ៏​ធំ​» នៃ​​ផលិតផល​ត្រី​របស់​ខ្លួន​ទៅ​​ចិន ​អឺរ៉ុប ​​តួកគី និង​វៀតណាម។ នេះបើ​​តាម​របាយការណ៍​របស់​អង្គការ​នេះ​៕ AFP/LA