ភ្នំពេញៈ ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​​កំណើន​ខ្ពស់​ឡើង​វិញ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ បន្ទាប់ពី​មាន​ការថមថយ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​មួយ​បាន​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។ ​

ទិន្នន័យ JETRO បាន​បង្ហាញ​ថា​កម្ពុជា​បាន​នាំចេញ​​ទំនិញ​ទៅ​ប្រទេស​ជប៉ុន​មាន​តម្លៃ​ជា​ទឹកប្រាក់ ៧០៥ លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​កើនឡើង ១៩ ភាគរយ​ពី​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​។

អត្រា​កំណើន​ ២ ​ខ្ទង់​នេះ​គឺជា​ការសម្រេច​បាន​ល្អ​ឡើងវិញ បន្ទាប់ពី​អត្រា​កំណើន​នៃ​ការនាំចេញ​សម្រេច​បាន​កម្រិត​ទាប​កាលពី​ឆ្នាំ​មុន​។ អត្រា​កំណើន​នៅ​ឆមាស​ទី​ ១ ឆ្នាំ​មុន​មាន​កំណើន ៤,៥ ភាគរយ​ប៉ុណ្ណោះ​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​លើក​ឡើង​ថា កំណើន​ការនាំចេញ​ទៅ​ជប៉ុន​ដែល​រក្សា​បាន​ជិត ២០ ភាគរយ​គឺជា​កំណើន​ខ្ពស់ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ស្រប​ពេល​ឆ្នាំ​បោះឆ្នោត​ដែល​ជា​ទូទៅ​ពាណិជ្ជករ​បរទេស​តែង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ដំណើរការ​​ដ៏ល្អ​មួយ​ឆ្ពោះ​ទៅ​រក​ការធ្វើ​ពិពិធកម្ម​មុខ​ទំនិញ​នាំចេញ និង​ទិសដៅ​នាំចេញ​»​។ លោក​បន្ត​ថា​កំណើន​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​នាពេល​នេះ​គឺ​ដោយសារ​ការកើនឡើង​គម្រោង​វិនិយោគ និង​រោងចក្រ​ជប៉ុន​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ជប៉ុន​គឺជា​ទីផ្សារ​ដែល​មាន​លក្ខខណ្ឌ​តម្រូវ​ខ្ពស់ អ៊ីចឹង​នៅពេល​ដែល​កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​ទៅ​ទី​នោះ​បាន​កាន់តែ​ច្រើន វា​បង្ហាញ​ថា​សមត្ថភាព​ផលិតកម្ម​នាំចេញ​របស់​យើង​កាន់តែ​រឹងមាំ​ឡើង​»​។

ភាគច្រើន​នៃ​មុខ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​រួមមាន ផលិតផល​កាត់ដេរ ស្បែកជើង កាបូប និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​អគ្គិសនី​ជាដើម​។ នេះ​បើ​យោង​តាម​លោក Hiroshi Suzuki អគ្គនាយក​វិ​ស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា (BRIC)​។

លោក​បន្ថែម​ថា​កម្ពុជា​បាន​នាំចូល​ពី​ជប៉ុន​វិញ​រួមមាន​គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​សម្រាប់​​ដំណើរការ​ក្នុង​រោងចក្រ​។

លោក Suzuki បាន​ព្យាករ​ថា បន្ថែម​ពី​កំណើន​វិនិយោគ​ជប៉ុន​ក្នុង​វិស័យ​រោងចក្រ​ធំៗ វិនិយោគិន​ជប៉ុន​ក៏​នឹង​បង្កើន​ការវិនិយោគ​ជា​ប្រភេទ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) និង​វិស័យ​ផ្សេងៗ​ក្រៅពី​ឧស្សាហកម្ម​រួមមាន វិស័យ​លក់​រាយ ធនាគារ ទូរគមនាគមន៍ និង IT ជាដើម​។

លោក​ថ្លែង​ថា​៖ «​ចាប់ពី​ពេល​នេះ​ទៅ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ពី​ជប៉ុន​ផ្ទាល់ និង​សហគ្រាស​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស​ដូចជា​ថៃ វៀតណាម និង​ចិន នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​»​។

គិត​ចាប់ពី​ឆ្នាំ​ ២០០៨ មក ទឹកប្រាក់​នៃ​ការនាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​តែង​សម្រេច​បាន​កំណើន​ ២ ​ខ្ទង់​ជា​ប្រចាំ​ឆ្នាំ លើកលែង​តែ​ឆ្នាំ ២០១៧​។ ការនាំចេញ​បាន​ចាប់ផ្តើម​កើនឡើង​ខ្លាំង​គិត​ចាប់ពី​ឆ្នាំ ២០១៣ បន្ទាប់ពី​ជប៉ុន​បាន​បង្កើន​ការបណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ដើម្បី​បើក​រោងចក្រ​ផលិតកម្ម​នានា ហើយ​នាំ​ចេញ​ទៅ​ជប៉ុន​វិញ​។

កាលពី​ឆ្នាំ​ ២០១៦ ការនាំ​ចេញ​ទៅ​ជប៉ុន​មាន​ទឹកប្រាក់ ១,២ ពាន់​លាន​ដុល្លារ កើនឡើង ២៤,៥ ភាគរយ​ពី​ឆ្នាំ​ ២០១៥៕