ភ្នំពេញៈ ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិករយៈពេល ៦ ខែដំបូងឆ្នាំនេះបង្ហាញពីកំណើនខ្លាំងធៀបនឹងរយៈពេលមុនៗ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។
ទិន្នន័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មអាមេរិកចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះបង្ហាញថាកម្ពុជាបាននាំចេញទំនិញទៅអាមេរិកមានតម្លៃជាទឹកប្រាក់ ១,៧១ ពាន់លានដុល្លារកើនឡើង ២៦ ភាគរយក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៧។
នេះជាអត្រាកំណើនដ៏ខ្ពស់មួយសម្រាប់កម្ពុជាក្នុងការនាំចេញទៅទីផ្សារអាមេរិក ខណៈដែលអត្រាកំណើនការនាំចេញពីខែមករាដល់ខែមិថុនាឆ្នាំ ២០១៧ សម្រេចបានត្រឹមតែ ៤,៥ ភាគរយប៉ុណ្ណោះ។
ទិន្នន័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដដែលបង្ហាញថាក្នុងរយៈពេលពីខែមករាដល់មិថុនាឆ្នាំនេះកម្ពុជាក៏បាននាំចូលទំនិញពីអាមេរិកមានតម្លៃប្រមាណ ២១៤ លានដុល្លារផងដែរ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងថា ការសម្រេចបានទំហំពាណិជ្ជកម្មជាមួយអាមេរិកដែលជាទីផ្សារធំមួយរបស់កម្ពុជានៅឆមាសទី ១ ឆ្នាំនេះគឺជាសមិទ្ធផលល្អស្របពេលមានការបារម្ភជាច្រើនពីឥទ្ធិពលអវិជ្ជមានដែលអាចរាលដាលពីភាពតានតឹងនៃកត្តានយោបាយ។
លោកថ្លែងថា៖ «វាបង្ហាញថាទោះបីជាទិដ្ឋភាពនយោបាយ [ប្រទេសទាំង ២] មិនសូវបានរលូនល្អនៅឆ្នាំនេះក៏ដោយ តែមិនទាន់មានបញ្ហាអវិជ្ជមានណាមួយប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅឡើយទេ។ កំណើននាពេលនេះជាកំណើនល្អ កំណើនខ្ពស់ដែលគួរសាទរ»។
ភាគច្រើននៃការនាំចេញរបស់កម្ពុជាទៅអាមេរិកគឺផលិតផលសម្លៀកបំពាក់ និងស្បែកជើង។ ថ្មីៗនេះការនាំចេញទំនិញធ្វើដំណើរដែលផលិតនៅកម្ពុជាទៅអាមេរិក បង្ហាញកំណើនដ៏ធំដោយសារទំនិញទាំងនេះទទួលបានប្រយោជន៍ពីការរួចពន្ធចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៦។
ទិន្នន័យបង្ហាញថាការនាំចេញទំនិញធ្វើដំណើររបស់កម្ពុជាទៅអាមេរិកមានតម្លៃប្រហែល ៥០ លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំមុនពេលកម្ពុជាទទួលបានការលើកលែងពន្ធ ប៉ុន្តែតម្លៃបានកើនឡើង ១៦០ លានដុល្លារបន្ទាប់ពីរយៈពេល ៦ ខែនៃឆ្នាំ ២០១៦។
ទោះបីយ៉ាងនេះក្តីដំណើរការនាំចេញទៅអាមេរិកនៅឆមាសទី ២ គឺនៅតែជាបញ្ហាមួយ។ មានការបារម្ភថា ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកអាចមើលឃើញផលប៉ះពាល់អវិជ្ជមាន បើអាមេរិកសម្រេចចិត្តត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធនាំចូលរបស់ពួកគេជាមួយប្រទេសកម្ពុជា ដោយសារតែបញ្ហានៃការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាដែលអាមេរិកបានហៅថាមិនត្រឹមត្រូវ និងមានកំហុសឆ្គង។
ប៉ុន្តែលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានថ្លែងថាដោយមានស្ថិរភាពបន្ទាប់ពីការបោះឆ្នោតលោកមានសុទិដ្និនិយមអំពីការនាំចេញរបស់កម្ពុជានៅក្នុងអំឡុងពេលផ្សេងទៀតនៅឆ្នាំនេះ។
លោកថ្លែងថា៖ «ខ្ញុំមានការបារម្ភតិចតួចពីស្ថានការណ៍នយោបាយ ប៉ុន្តែបារម្ភខ្លាំងលើការបង្កើនប្រាក់ឈ្នួល និងការផ្ដល់កម្រៃផ្សេងៗទៀតដល់កម្មករ ខណៈផលិតភាពនៅទាប»។
លោកបានបន្តថា៖ «យើងគ្រាន់តែត្រូវការការងារត្រឹមត្រូវលើគោលនយោបាយប្រាក់ឈ្នួលប៉ុណ្ណោះ បើមិនអ៊ីចឹងទេ វានឹងកាត់បន្ថយសមត្ថភាពប្រកួតប្រជែងរបស់យើង។ យើងគឺជាក្រុមហ៊ុនផលិតតាមកិច្ចសន្យា ដូច្នេះតម្លៃកម្លាំងពលកម្មរបស់យើងគឺជាសមាសធាតុតម្លៃដ៏សំខាន់របស់យើង»។
លោក ម៉ូនីកា ថ្លែងថាការនាំចេញសម្លៀកបំពាក់កម្ពុជាក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះជាមួយនឹងអត្រាកំណើន ១៤ ភាគរយគឺគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីភាពនៅទ្រឹងរយៈពេល ២-៣ ឆ្នាំចុងក្រោយ។
លោក ចាប សុថារិទ្ធិ នាយកស្រាវជ្រាវនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងសន្ដិភាពកម្ពុជា (CICP) រំពឹងថាការនាំចេញនៅពេលអនាគតពីប្រទេសកម្ពុជា ទៅអាមេរិកនៅតែវិជ្ជមានដោយសង្ឃឹមថាការអនុគ្រោះពាណិជ្ជកម្មនឹងនៅតែមានសុពលភាពសម្រាប់ប្រទេសកម្ពុជាពីអាមេរិក។
លោកថ្លែងថា៖ «ទាក់ទងនឹងពាណិជ្ជកម្ម ខ្ញុំគិតថាអាមេរិកនឹងមិនធ្វើការសម្រេចចិត្តណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់កម្ពុជានោះទេ»។
ប៉ុន្តែលោកទទួលស្គាល់ថា វានឹងកាន់តែតានតឹងសម្រាប់ប្រទេសកម្ពុជា បើអាមេរិកដកការអនុគ្រោះពាណិជ្ជកម្ម៕LA