ភ្នំពេញៈ ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​កាលពី​ឆ្នាំ​ ២០១៩ ដែល​ត្រូវបាន​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ខណៈ​កម្ពុជា​បាន​បាត់បង់​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប «​អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ទើបនឹង​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​កាលពី​សប្ដាហ៍​មុន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវធ្វើ​ពិពិធកម្ម​លើ​ផលិតផល​កាន់តែ​ច្រើន​ទៅ​អាមេរិក​ជាពិសេស​ផលិតផល​កសិកម្ម ដែល​ប្រទេស​នេះ​មាន​សក្ដានុពល​មិនទាន់​ប្រើ​អស់​។

ចាប់ពី​ខែ​កក្កដា ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​អាមេរិក​បានប្រកាស​ផ្ដល់​ GSP លើ​ទំនិញ​ធ្វើដំណើរ​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​រួច​ពន្ធ ដូចជា​វ៉ាលីស កាបូប កាបូបស្ពាយ និង​កាបូប​ប្រាក់​។

ទិន្នន័យ​ចុងក្រោយ​បាន​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញ​ថា​ ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​ខ្លាំង​មាន​ចំនួន​ប្រហែល​ ៥,៣៦២ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ ៣,៨១៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ ៤០ ​ភាគរយ ខណៈ​ការនាំចូល​សរុប​ពី​អាមេរិក​បាន​កើន​ឡើង​ដល់​ប្រហែល​ ៥១៣,៤ ​លាន​ដុល្លារ​កើនឡើង​ជាង​ ១៥ ​ភាគរយ​ធៀប​នឹង ៤៤៥,៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

លោក W. Patrick Murphy បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​ថា មាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏ល្អ​រវាង​ប្រទេស​ទាំង​ ២ ខណៈ​កម្ពុជា​កំពុង​ទទួលបាន​កំណើន​ការនាំចេញ​យ៉ាងរឹងមាំ តាមរយៈ GSP ដែល​បាន​ផ្ដល់​ដោយ​អាមេរិក​។

លោក​ថ្លែងថា​៖ «​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​របស់​យើង​មាន​សារៈ​សំខាន់បំផុត​។ វា​ជា​សសរស្ដម្ភ​ដ៏សំខាន់​នៃ​ទំនាក់ទំនង​របស់​យើង ហើយ​វា​កំពុង​ទទួល​បាន​កាន់តែ​ខ្លាំង​ឡើងៗ​។ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​កោតសរសើរ​ទេ ប៉ុន្តែ​អាមេរិក​គឺជា​ប្រទេស​មាន​ទីផ្សារ​ឈានមុខ​គេ​តែមួយគត់ សម្រាប់​ប្រទេស​កម្ពុជា​»​។

លោក​បាន​បន្តថា​៖ «​ប្រទេស​កម្ពុជា​នាំចេញ​ទំនិញ​ច្រើន​បំផុត​ទៅ​អាមេរិក ដែល​បង្កើត​ការងារ​ជាង​ ១ ​លាន​កន្លែង​នៅ​កម្ពុជា​។ វា​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏សំខាន់​មួយ និង​មួយផ្នែក​ដោយសារ​តែ​អ្វីដែល​ខ្ញុំ​ចង់​និយាយ​ដោយ​សមហេតុផល​បំផុត សប្បុរសធម៌​របស់​អាមេរិក និង​សភា​អាមេរិក​របស់​យើង ប្រទេស​ កម្ពុជា​ បាន​មាន​ការព្រមព្រៀង​អត្ថប្រយោជន៍​ពាណិជ្ជកម្ម ហើយ​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ដ៏ល្អ​នៃ​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ទាំងនោះ ដែល​ស្គាល់​ថា​ជា​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម GSP»​។

លោក​បាន​លើកឡើង​ថា​៖ «​ការនាំ​ចេញ​ទៅ​អាមេរិក​បាន​កើនឡើង​ដល់​ ៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន និង​ជា​ចំណែក​ដ៏ល្អ​មួយ​គឺ​ដោយសារ​តែ GSP​។ ផ្នែក​មួយ​នៃ​ទំនាក់ទំនង​នោះ​គឺជា​កសិកម្ម​។ វា​ជា​សមាសធាតុ​ដ៏សំខាន់​មួយ​នៅក្នុង​របៀប​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​។ អង្ករ​កម្ពុជា​ពេលនេះ​កំពុង​ដាក់លក់​នៅតាម​ផ្សារ​ទំនើប​អាមេរិក​»​។

លោក ផាន ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ៣០ ខែ​មករា ​ថា នៅ​ឆ្នាំ​ ២០១៩ ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​អាមេរិក​គឺ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​កំពុង​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​កើនឡើង​ជាង​ ៣០ ​ភាគរយ​ ពី​ឆ្នាំ​ ២០១៨ និង​ ៤៧ ​ភាគរយ​ពី​ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២០ ខ្ញុំ​អាច​សន្មត​ថា ការនាំចេញ​របស់​យើង​ទៅ​អឺរ៉ុប ទោះបី​ជា​វា​នឹង​បន្ត​ធ្លាក់ចុះ​បន្តិចបន្តួច ឬ​នៅ​ទ្រឹង​ក៏ដោយ ដោយសារ​តែ​ផលប៉ះពាល់ EBA ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​នឹង​ត្រូវបាន​ប៉ះប៉ូវ​ដោយ​កំណើន​រហ័ស​ទៅ​អាមេរិក​។ ដូច្នេះ​យើង​មិន​មាន​ការបារម្ភ​ច្រើន​អំពី​វិស័យ​កាត់ដេរ​នោះទេ​»​។

អាមេរិក​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​ឈាន​មុខ​គេ​ទី​ ៦៦ ​របស់​អាមេរិក ដោយ​មាន​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប ៤,៣ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៨​។ ការនាំ​ចូល​សរុប​របស់​អាមេរិក​នៃ​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​សរុប ២៤ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨៕LA