ក្រុង​ប៉េកាំងៈ ការ​នាំចេញ​របស់​ប្រទេស ​ចិន ​បាន​ធ្លាក់ចុះ​​ខ្លាំង​​ជាង​ការ​រំពឹង​ទុក​កាល​ពី​ខែ​មេសា ខណៈ​ដែល​​ការ​នាំចូល​បាន​​កើន​ឡើង​មុន​ពេល​មាន​ការ​​ពិភាក្សា​គ្នា​ថ្នាក់​ខ្ពស់​រវាង​មន្ត្រី​​​អាមេរិក​ និង​ចិន ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទាំង ​២ របស់​ពិភព​លោក​នេះ​​​ប្រឈម​នឹង​ស្ថានភាព​ស្រួច​ស្រាល់​​មួយ នៅ​ពេល​ក្រុម​អ្នក​ចរចា​កំពូល​របស់​ប្រទេស​ទាំង ​២ ជួប​ប្រជុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​​នៅ​សប្តាហ៍​​នេះ​ បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក។

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ​ជាង​ទ្វេ​ដង​​លើ​ទំនិញ​​របស់​ចិន​​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ​ដែល​ជា​ថ្ងៃ​​ចុង​ក្រោយ​​នៃ​ការ​ពិភាក្សា​រវាង​​ប្រទេស​ទាំង ​២។ អាមេរិក​​​បាន​ដក​ហូត​ពន្ធ​រួច​ហើយ​​​លើ​ទំនិញ​ចិន​​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ​ក្នុង​អត្រា ១០ ​ភាគរយ។

សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​​ប្រទេស​ទាំង ​២។

ការ​នាំចេញ​របស់​ចិន​នៅ​ខែ​មេសា​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​​​បាន​ធ្លាក់ចុះ ១៣,២ ភាគរយ​ ​ធៀប​នឹង​ខែ​មេសា ឆ្នាំ ​២០១៨ ខណៈ​ដែល​ការ​នាំចូល​ពី​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ ២៥,៧ ភាគរយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​រដ្ឋបាល​គយ​ចិន។

អតិរេក​ពាណិជ្ជកម្ម​ដែល​មាន​ភាព​រសើប​ផ្នែក​នយោបាយ​​​ជាមួយ​អាមេរិក នៅ​តែ​មាន​ទំហំ​ធំ ដោយ​កើន​ឡើង​ដល់ ២១ ពាន់​លាន​ដុល្លារ ​នៅ​ខែ​មុន​ពី​ចំនួន ២០,៥ ពាន់​លាន​​ដុល្លារ ​នៅ​ខែ​មីនា។ កាល​ពី​​ឆ្នាំ​មុន អតិរេក​ពាណិជ្ជកម្ម​នេះ​ឡើង​ដល់ ៣២៣,៣ ពាន់​លាន​ដុល្លារ៕ AFP/KC