ក្រុងវ៉ាស៊ីនតោនៈ ​តម្លៃ​នៃ​ការនាំចេញ​ទំនិញ​របស់​អាមេរិក​ទៅកាន់​ប្រទេស ​ចិន​ កាលពី​ឆ្នាំ​ ២០១៨ មាន​ចំនួន​សរុប ១១៨ ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ ៧ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​មុន​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក និង​ចិន ​(USCBC)​។

លោក Craig Allen ប្រធាន USCBC បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ទីក្រុង និង​រដ្ឋ​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក ព្រម​ទាំង​ក្រុមហ៊ុន​ជាច្រើន​ដែល​បង់ពន្ធ និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​នៅ​ទីនោះ បន្ត​ទទួលរង​ផល​ប៉ះពាល់ ជាពិសេស​ដោយសារ​ការខាតបង់​ការលក់​ដែល​បណ្ដាល​មកពី​ពន្ធ​នាំចូល​ពិន័យ​»​។

លោក Allen ​ថ្លែងថា​៖ «​ចាប់​តាំងពី​ទិន្នន័យ​ត្រូវបាន​ប្រមូល​កាលពី​ឆ្នាំ​ ២០១៨ លទ្ធផល​នា​ថ្ងៃនេះ​គឺ​កាន់តែ​អាក្រក់​នៅពេល​អ្នក​ដាក់បញ្ចូល​ការដក​ហូតពន្ធ​នាំចូល​ផ្សេងៗ​ដែល​បាន​ដក​ចាប់តាំងពី​ខែមករា​មក​ជាមួយ​នឹង​ពន្ធ​ថ្មី​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​»​។

របាយការណ៍​នេះ​បង្ហាញថា សង្កាត់​ទាំង ២៦៥ បាន​មើលឃើញ​ទំហំ​ការនាំចេញ​កាលពី​ឆ្នាំ​ ២០១៨ មាន​កម្រិត​ទាប​ជាង​ឆ្នាំ ២០១៧ និង​សង្កាត់ ៦១ ផ្សេងទៀត​បាន​មើលឃើញ​ការនាំចេញ​ទំនិញ​មាន​កំណើន​តម្លៃ​តិចជាង ១០ លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា សង្កាត់​ជាច្រើន​ដែល​ពឹង​ផ្អែកលើ​ការនាំចេញ​កសិកម្ម​បាន​មើលឃើញ​ការលក់​ទៅ​ប្រទេស​ ចិន «​កាន់តែ​តិច​» ​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បន្ត​កើតមាន និង​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ ២ ​របស់​ពិភពលោក​។ តំបន់ Midwestern និង Plains ដែល​នាំចេញ​សណ្ដែកសៀង​ក្នុង​បរិមាណ​ច្រើន និង​ផលិតផល​កសិកម្ម​ផ្សេងទៀត «​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​»៕ LA