ក្រុងប៉ារីសៈ ការនាំចេញ​សព្វាវុធ​ទូទៅ​របស់​ប្រទេស​បារាំង​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​មុន ដោយសារ​មិន​មាន​កិច្ចព្រមព្រៀង​សំខាន់ៗ ដើម្បី​លក់​យន្តហោះ​ចម្បាំង Rafale ថ្មី ខណៈ​អតិថិជន​មជ្ឈិមបូព៌ា​ជាថ្មី​ម្ដង​ទៀត​បាន​ធ្វើ​ការបញ្ជា​ទិញ​ភាគច្រើន​។ នេះ​បើ​យោង​តាម​ក្រសួង​ការពារជាតិ​បារាំង​កាលពី​ថ្ងៃ​ចន្ទ​។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ផ្ញើ​ទៅ​សភា​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹងថា តម្លៃ​ការនាំ​ចេញ​បាន​ធ្លាក់​ចុះ​មក​នៅត្រឹម ៦,៩ ពាន់​លាន​អឺរ៉ូ (៨ ពាន់​លាន​ដុល្លារ​) ធៀប​នឹង ១៤ ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៦​។ កាលពី​ឆ្នាំ​ ២០១៥ ទឹកប្រាក់​នាំចេញ​មាន​ចំនួន ១៧ ពាន់​លាន​អឺរ៉ូ​។

ទាំង​ ២ ​ឆ្នាំ​នេះ​ត្រូវ​បាន​មើលឃើញ​ពី​ការបញ្ជាទិញ​នាំចេញ​ដ៏ធំ​ជា​លើក​ដំបូង​សម្រាប់​យន្តហោះ​ចម្បាំង Rafale ដែល​ផលិត​ដោយ​ក្រុមហ៊ុន Dassault Aviation ទៅ​ប្រទេស​អេហ្ស៊ីប កាតា និង​ឥណ្ឌា បន្ទាប់ពី​រង​បរាជ័យ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​ក្នុង​ការលក់​យន្តហោះ​នេះ​នៅ​ក្រៅ​ប្រទេស​បារាំង​។

ប៉ុន្តែ​បារាំង​ដែល​ជា​ប្រទេស​នាំចេញ​អាវុធ​ធំ​ជាង​គេ​ទី ៣ របស់​ពិភពលោក បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី នឹង​ត្រៀម​យន្តហោះ​ចម្បាំង Rafale ១២ គ្រឿង​បន្ថែម​ទៀត ដើម្បី​លក់​ឲ្យ​ប្រទេស​កាតា​នៅ​ឆ្នាំ​នេះ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​៖ «​លទ្ធផល​ពី​ឆ្នាំ​ ២០១៧ ដែលមាន​តម្លៃ ៦,៩ ពាន់​លាន​អឺរ៉ូ​គឺ​ស្រប​នឹង​ចំនួន​មធ្យម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មុន​ពេល​មាន​កិច្ចព្រមព្រៀង​យន្តហោះ​ចម្បាំង Rafale»​។

ប្រភព​បន្ថែម​ថា​ឧទ្ធម្ភាគចក្រ និង​មីស៊ីល​មាន​ជិត​ពាក់កណ្ដាល​នៃ​ការបញ្ជាទិញ​របស់​បរទេស​កាលពី​ឆ្នាំ​មុន​។

ក្នុង​របាយការណ៍​បាន​បន្ត​ថា​ការបញ្ជា​ទិញ​ពី​អតិថិជន​មជ្ឈិមបូព៌ា​បាន​កើនឡើង​ដល់ ៣,៩ ពាន់​លាន​អឺរ៉ូ ពី ១,៩ ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៦ ទោះបី​ជា​មាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មកពី​តម្លៃ​ប្រេង​កាន់តែ​ទាប «​ដែល​បាន​ពន្យារពេល​គម្រោង​ទិញ​មួយ​ចំនួន​» ក៏ដោយ​។

អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) និង​អ្នក​រិះគន់​ផ្សេង​ទៀត​បាន​វាយប្រហារ​ប្រទេស​បារាំង​ពី​បទ​ផ្គត់ផ្គង់​អាវុធ​ដល់​រដ្ឋាភិបាល​មជ្ឈិមបូព៌ា ជាពិសេស​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ជុំវិញ​ការគាំទ្រ​របស់​ពួកគេ​ដល់​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​នៅ​ប្រទេស​យេម៉ែន​ដែល​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​ហូធី​។

ពលរដ្ឋ​យេម៉ែន​ប្រហែល ១០ ០០០ នាក់​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នេះ ហើយ​ក្រុម​មួយ​ចំនួន​ចោទប្រកាន់​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ចំពោះ​ការទម្លាក់​គ្រាប់បែក​លើ​សាលារៀន មន្ទីរពេទ្យ និង​ការកំណត់​ទិសដៅ​លើ​ជន​ស៊ីវិល​ផ្សេង​ទៀត​៕ LA