ភ្នំពេញៈ ខណៈ​អាជីវកម្ម​សម្បុក​ត្រចៀក​កាំ​របស់​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​ជា​បន្ត​បន្ទាប់ ​ការ​នាំចេញ​ជា​ផ្លូវ​ការ​​ទៅ​កាន់​ទីផ្សារ​ចិន​ត្រូវ​បាន​គេ​រំពឹង​​ថា​នឹង​កើត​ឡើង​ឆាប់ៗ​។ ​នេះ​បើ​​យោង​​តាម​ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀក​កាំ​កម្ពុជា​។

រដ្ឋមន្ត្រី​​​ក្រសួង​កសិកម្ម​កាល​ពី​ខែ​មុន​ធ្លាប់​​បាន​និយាយ​ថា ​ក្រសួង​នឹង​ធ្វើ​សំណើ​ផ្លូវ​ការ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​​ធ្វើ​ពិធី​សារ​សម្រាប់​ការ​នាំចេញ​ផលិតផល​សម្បុក​សត្វ​ត្រចៀក​កាំ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស ​ចិន។​

លោក ​ណាង ​សុធី ​ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀក​កាំ​កម្ពុជា ​កាល​ពី​ម្សិលមិញ ​បាន​និយាយ​ថា ​ខណៈ​ចិន ​គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​សម្បុក​ត្រចៀក​កាំ​​នៅ​ទូទាំង​ពិភព​លោក​ ​ការ​នាំចេញ​ផលិតផល​នេះ​ពី​កម្ពុជា​ទៅ​​កាន់​​ទីផ្សារ​ចិន​ជា​ផ្លូវ​ការ​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ។ លោក​ថ្លែង​ថា​៖ «​តាម​ខ្ញុំ​ដឹង ​​រដ្ឋាភិបាល​កម្ពុជា ​និង​ចិន​ មាន​​ការ​ឯកភាព​​គ្នា​ជា​គោលការណ៍​រួច​ហើយ​ ដោយ​គ្រាន់​តែ​នៅ​មិន​ទាន់​មាន​នីតិ​វិធី​ និង​ពិធីសារ​ជាមួយ​​គ្នា​តែ​ប៉ុណ្ណោះ​»។​

លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ក្នុង​ពិធី​បើក​សម្ពោធ​រោងចក្រ​វេចខ្ចប់ ​និង​នាំចេញ​ផ្លែ​ចេក​អំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​ទី ​១០ ​ខែ ​ឧសភា ​​បាន​លើក​ឡើង​ថា ​ក្នុង​ខែ​មិថុនា​នេះ​​លោក​នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​ភាគី​ចិន​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ចុះ​ពិធីសារ​សម្រាប់​ការ​នាំចេញ​សម្បុក​ត្រចៀក​ទៅ​កាន់​ប្រទេស ​ចិន​។​

គុណភាព​សម្បុក​ត្រចៀក​កាំ​កម្ពុជា​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា ​មាន​គុណភាព​ល្អ​ ព្រោះ​​​ប្រទេស ​កម្ពុជា ​​មាន​តំបន់​ធម្មជាតិ​ច្រើន ​ដោយ​​មិន​សូវ​មាន​ឧស្សាហកម្ម​ធំៗ​ ដែល​បញ្ចេញ​ផ្សែង នាំ​ឲ្យ​សម្បុក​ត្រចៀក​កាំ​មិន​ល្អ​។​ នេះ​បើ​តាម​លោក ​សុធី​។​

លោក​​បាន​ប្រាប់​ទៀត​ថា ​បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ចិញ្ចឹម​សត្វ​ត្រចៀក​កាំ​បាន​ស្ទុះ​ឡើង​យ៉ាង​លឿន​នៅ​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ ​ពិសេស​ក្នុង​​ខេត្ត​កោះកុង​។​ លោក​បញ្ជាក់​ថា៖​ «​កំណើន​នេះ​ភាគ​ច្រើន​ដោយសារ​អ្នក​ចិញ្ចឹម​ពួក​គាត់​មាន​ក្តី​រំពឹង​ទៅ​លើ​ទីផ្សារ​ប្រទេស ​ចិន​ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ការ​ចិញ្ចឹម​ក៏​មាន​ភាព​ងាយ​ស្រួល​​ជាង​មុន​ផង​ដែរ​»។​

ខណៈ​សម្បុក​ត្រចៀក​កាំ​កាន់​តែ​មាន​​ទីផ្សារ​ល្អ​នោះ ​បាន​ធ្វើ​ឲ្យ​ចំនួន​ផ្ទះ​ត្រចៀក​កាំ​កម្ពុជា ​កើន​ឡើង​ជា​លំដាប់ ពិសេស​ក្នុង​រយៈពេល ​៣-៤ ​ឆ្នាំ ​ចុង​ក្រោយ​នេះ។​

បើ​តាម​លោក ​សុធី ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទះ​អភិរក្ស​ត្រចៀកាំ​ ​ចន្លោះ​​ពី​ ៣,០០០-៥,០០០ ​ផ្ទះ​​​។​

លោក​បន្ត​​ថា បច្ចុប្បន្ន​​សម្បុក​ត្រចៀក​កាំ​មិន​ទាន់​សម្អាត​​ មាន​តម្លៃ​ចន្លោះ​ពី ​៧៥០ ​​ដុល្លារ​ទៅ ​៨៥០ ​ដុល្លារ ​ក្នុង ​១ ​គីឡូ​ក្រាម ​ចំណែក​​សម្បុក​ដែល​សម្អាត​​​រួច​ មាន​តម្លៃ​ចន្លោះ​ពី​ ១,៥០០ ​​​ដុល្លារ​ រហូត​​ដល់ ​៣,៥០០ ​ដុល្លារ ​​អាស្រ័យ​ទៅ​លើ​គុណភាព​​។ ទោះ​យ៉ាង​ណា​លោក​ប្រាប់​ថា បើ​​ធៀប​នឹង​តម្លៃ​កាល​​ពី​ដើម​ឆ្នាំ ​២០១៩ នេះ​វា​មិន​មាន​ការ​ប្រែប្រួល​ច្រើន​​ទេ ព្រោះ​​​តម្លៃ​នៅ​កម្ពុជា គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ​​ទៅ​ហើយ​។​

តាម​ការ​ប៉ាន់​ស្មាន ក្នុង ​១ ​ខែ ​កម្ពុជា​អាច​ប្រមូល​ផល​​សម្បុក​ត្រចៀក​កាំ​ បាន​​យ៉ាង​តិច​ចន្លោះ​ពី​​ ៨០០-​១,៥០០ ​​​គីឡូ​​ក្រាម ​ក្នុង​នោះ​តម្រូវ​ការ​ក្នុង​ស្រុក​មាន​ប្រមាណ​ ៣០ ​ភាគរយ​។ ​នេះ​បើ​តាម​លោក ​សុធី​។

អ្នក​ស្រី ​សុខ​ ហុង​ ម្ចាស់​ផ្ទះ​អភិរក្ស​ត្រចៀក​កាំ​ ១ ​កន្លែង​ស្ថិត​ក្នុង​ខេត្ត​កោះកុង​ បាន​និយាយ​ថា ​កំណើន​តម្រូវ​ការ​​បាន​ធ្វើ​ឲ្យ​ចំនួន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​មាន​ការ​កើន​ឡើង​​យ៉ាង​ច្រើន​។

អ្នក​ស្រី​បាន​បន្ត​ថា​ ការ​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​មិន​សូវ​មាន​បញ្ហា​ប្រឈម​ច្រើន​ទេ ​តែ​វា​ត្រូវ​ការ​ចំណាយ​ច្រើន​នៅ​ពេល​​​ដំបូង​​សម្រាប់​ការ​ទិញ​ដី និង​ការ​រៀបចំ​ផ្ទះ​ឲ្យ​ត្រចៀក​កាំ​រស់​នៅ​។​

អ្នកស្រី​បន្ត​ថា​៖ ​«​ការ​ចិញ្ចឹម​ត្រចៀក​​កាំ ​អាច​និយាយ​ថា​ ជា​មុខ​របរ​មួយ​ដែល​​ងាយ​ស្រួល​ និង​ទទួល​បាន​ផល​ច្រើន​​គួរ​សម»។ អ្នក​ស្រី​បាន​បន្ត​​​ថា ​ដោយសារ​សម្បុក​ត្រចៀក​កាំ​មាន​ទីផ្សារ​ល្អ ​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ត្រចៀក​កាំ​លេច​ឡើង​យ៉ាង​ច្រើន​។​

យោង​តាម​កា​រចុះ​ផ្សាយ​របស់​ភ្នំពេញ​ ប៉ុស្តិ៍​ ការ​ស្រាវជ្រាវ​​កាល​ពី​ឆ្នាំ​ ២០១៦​ បាន​​រក​ឃើញ​ថា តម្លៃ​ពាណិជ្ជកម្ម​សម្បុក​ត្រចៀក​កាំ​​ នៅ​ទូទាំង​​ពិភព​លោក​​​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​​ មាន​ចំនួន​ ៥​ ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ។ ចិន​គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​ ខណៈ​ឥណ្ឌូនេស៊ី​ និង​​ម៉ាឡេស៊ី​ គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​ឈាន​​មុខ​គេ​​ក្នុង​ពិភព​លោក​៕ LA