ក្រុងប៉ារីសៈ ក្រុមមន្ដ្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា ការនាំចូលស្រាបារាំងដោយអាមេរិកបានធ្លាក់ចុះចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានហូតពន្ធ ២៥ ភាគរយ លើអាហារអឺរ៉ុបមួយចំនួនជាការប្រឆាំងនឹងការឧបត្ថម្ភធនដល់ក្រុមហ៊ុន Airbus ជាក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុប។
លោក Jean-Baptiste Lemoyne អនុរដ្ឋមន្ដ្រីក្រសួងការបរទេសបារាំងបានឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះតម្លៃ ៤៤ ភាគរយ កាលពីខែវិច្ឆិកាធៀបនឹងខែកញ្ញា បន្ទាប់ពីការពិន័យការនាំចូលបានចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំមុន។
លោកថ្លែងថា «ជាការភ្ញាក់ផ្អើលមួយ» សម្រាប់អ្នកដាំដុះ។ លោកបន្ថែមថា ប្រទេស បារាំង បានស្នើឲ្យសហភាពអឺរ៉ុបត្រូវផ្ដល់ការសងជំងឺចិត្តសម្រាប់ការខាតបង់នេះ។ លោកបន្តថា៖ «យើងសង្ឃឹមថា នឹងមានការឆ្លើយបតរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬខែខាងមុខនេះ»។
លោក Lemoyne ដែលកំពុងបង្ហាញតួលេខពាណិជ្ជកម្មរបស់ប្រទេស បារាំង សម្រាប់ឆ្នាំ ២០១៩ មិនបានផ្ដល់តួលេខជារួមសម្រាប់ការនាំចេញស្រានោះទេ។
ប៉ុន្តែទិន្នន័យការិយាល័យស្ថិតិអាមេរិក (USCB) កាលពីខែមុនបង្ហាញថា ការនាំចូលស្រាបារាំងដោយអាមេរិកបានធ្លាក់ចុះមកនៅតែត្រឹម ៥៧,១ លានដុល្លារ (៥១,៨ លានអឺរ៉ូ) កាលពីខែវិច្ឆិកាធៀបនឹងចំនួន ១៣០ លានដុល្លារកាលពីខែតុលាជាពេលដែលពន្ធនាំចូលបានចាប់ផ្ដើមអនុវត្ត។
ការនាំចូលបានធ្លាក់ចុះជាថ្មីកាលពីខែធ្នូមកនៅត្រឹម ៥៥, ៧ លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយសមាគមសេដ្ឋវិទូសហរដ្ឋអាមេរិក។
សង្គ្រាមពាណិជ្ជកម្មនឹងជាអាទិភាពខ្ពស់នៃរបៀបវារៈ ខណៈដែលក្រុមហ៊ុនផលិតស្រា និងអ្នកធ្វើទីផ្សារប្រមូលផ្ដុំគ្នាសម្រាប់ពិព័រណ៍ពាណិជ្ជកម្មស្រា Vinexpo ដែលចាប់ផ្ដើមដំណើរការនៅទីក្រុងប៉ារីសនាថ្ងៃចន្ទនេះ។
អាមេរិកគឺជាទីផ្សារនាំចូលធំជាងគេទី ២ សម្រាប់ស្រាបារាំង បន្ទាប់ពីប្រទេសអាល្លឺម៉ង់ និងនាំមុខចក្រភពអង់គ្លេស និងប្រទេសចិន។
លោក Gilles Fevre អ្នកផលិតស្រា Chablis នៅតំបន់ Burgundy បាននិយាយថា៖ «គ្រប់គ្នាកំពុងធ្វើកិច្ចការរបស់ពួកគេ ដើម្បីប៉ះប៉ូវដល់ការពិន័យលើការនាំចូល។ ក្រុមហ៊ុនផលិត ពាណិជ្ជករ និងក្រុមហ៊ុននាំចូលទាំងអស់គ្នាកំពុងកាត់បន្ថយប្រាក់ចំណេញរបស់ពួកគេ ដូច្នេះអតិថិជនអាមេរិកមិនបានមើលឃើញពីការកើនឡើងថ្លៃលើសពី ៥ ភាគរយនោះទេ»៕ LA