ភ្នំពេញ: ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥០ ៤៥០ តោន​ ធ្លាក់ចុះ ១៥,៣៩ ​ភាគរយ ​ដែល​មាន​តម្លៃ ៣៩ ​លាន​ដុល្លារ​ នៅក្នុង​ខែមករា ឆ្នាំ​ ២០២០ ធៀប​នឹង​ខែមករា ឆ្នាំ​ ២០១៩​។ នេះ​បើតាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ ២២ ភាគរយ ឬ​ស្មើនឹង ៥ ២៦៩ តោន ចាប់តាំងពី​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​របាំង​ពន្ធគយ​កាលពី​ឆ្នាំមុន​មក ខណៈ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ ចិន​ ក៏​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ ២០ ភាគរយ ឬ​ស្មើនឹង ៣ ៦៦៤ ​តោន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​នឹងមាន​កំណើន​វិញ​ចាប់ពី​ខែក្រោយ​ទៅ ដោយសារ​ពន្ធ​នាំចូល​អង្ករ​ទៅ​អឺរ៉ុប​នឹង​ធ្លាក់​ចុះ​ពី ១៧៥ អឺរ៉ូ​មក​ត្រឹម ១៥០ អឺរ៉ូ​។ ការគិត​ពន្ធ​នេះ​នឹង​ចាប់​អនុវត្ត​ពី​ពាក់កណ្តាល​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ទៅ​»​។

សំដៅ​ដល់​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ខែ​មករា​ឆ្នាំ​នេះ​លឿន​ជាង​កាលពី​ឆ្នាំ​មុន​ដែល​ធ្វើឡើង​នៅ​ខែ​កុម្ភៈ​លោក​បន្ថែម​ថា​៖ «​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល​ប្រារព្ធ​ធ្វើ​លឿន​ជាង​ឆ្នាំមុន​បាន​នាំ​ឲ្យ​ចិន​កាត់បន្ថយ​ការបញ្ជាទិញ​អង្ករ​ពី​កម្ពុជា​។ ខ្ញុំ​គិតថា ការនាំចេញ​អង្ករ​ទៅ​ចិន​នឹង​បន្ត​ទទួលរង​ប៉ះពាល់​ជា​អវិជ្ជមាន​ក្នុង​រយៈពេល​វែង ដោយសារ​ការផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន​»​។ លោក​បន្តថា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា​មួយ​ចំនួន​បាន​ប្រកាស​ពន្យារពេល​នាំចេញ​ទៅ​ប្រទេស​ចិន​តាំងពី​សប្តាហ៍​មុន​មក​ម្ល៉េះ​។

ទន្ទឹមនឹង​នេះដែរ សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជា​ទីផ្សារ​ឈានមុខ​គេ​សម្រាប់​អង្ករ​កម្ពុជា​ក្នុង​ខែ​មករា​នេះ ដោយ​មាន​ចំណែក​ទីផ្សារ ៣៧ ​ភាគរយ​ស្រប​ពេល​ប្រទេស​ចិន​មាន ៣០ ​ភាគរយ អាស៊ាន​មាន ១១ ​ភាគរយ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​មាន ២២ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​របស់ CRF​។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន ៦២០ ១០៦ ​តោន​នៅ​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ​ ០,៩៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​នាំចេញ​បាន​ចំនួន ៦២៦ ២២៥ ​តោន​។

ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ពិធីពិព័រណ៍​ពាណិជ្ជកម្ម​រយៈពេល ២ ​ថ្ងៃ​ស្តីពី «​ឱកាស​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កសិកម្ម​» ដែល​ធ្វើឡើង​កាលពី​សប្តាហ៍​មុន លោក Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​ជួយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​អាមេរិក​សម្រាប់​ក្រុមហ៊ុន​នាំចេញ ក្រុមហ៊ុន​ផលិត និង​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រទេស​ កម្ពុជា​ ក្នុង​ការបង្កើន​ការនាំចេញ​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​។

លោក​មានប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​ផលិត និង​នាំចេញ​អង្ករ​ធំៗ​អាច​ទទួល​បាន​ការធានា​កម្ចី​ពី​ធនាគារ​អាហរ័ណ​នីហរ័ណ​អាមេរិក​ដែល​នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​នូវ​លទ្ធភាព​ទទួល​បាន​កម្ចី​ឯកជន ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវ​លទ្ធភាព​ទិញ​ឡសម្ងួត​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​សម្រាប់​សម្ងួត​ស្រូវ​»៕