ភ្នំពេញៈ ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ ៣៨៩ ​២៦៤ ​តោន ​ក្នុង​រយៈ​ពេល​ ៩ ​ខែ​ដំ​បូង​ឆ្នាំ​នេះ ​ធ្លាក់​ចុះ​ ៨,៤ ​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​តួ​លេខ​បាន​ពី​ក្រ​សួង​​កសិ​កម្ម ខណៈ​អ្នក​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​បាន​ចាត់​ទុក​​ការ​ធ្លាក់​ចុះ​នេះ ​ដោយ​សារ​តែ​កង្វះ​ស្រូវ​ក្នុង​ស្តុក​។​

យោង​តាម​ទិន្ន​ន័យ​ចេញ​ផ្សាយ​​កាល​ពី​ដើម​ខែ​នេះ ​ដោយ​​អគ្គ​នា​យក​ដ្ឋាន​កសិ​កម្ម​នៃ​ក្រ​សួង​​កសិ​កម្ម ​ការ​នាំ​ចេញ​អង្ករ​​បាន​ធ្លាក់​ចុះ​ ៨,​៤ ​ភាគ​រយ​ ពី​ ៤២១​ ៩៦៦​ តោន​ក្នុង​រយៈ​ ពេល​ ៩ ខែ​ដំ​បូង​កាល​ពី​ឆ្នាំ​មុន ​មក​នៅ​ត្រឹម​ ៣៨៩​ ២៦៤ ​តោន​នៅ​ឆ្នាំ​នេះ​។​

លោក ​ហ៊ុន ​ឡាក់ ​អនុ​ប្រ​ធាន​​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​អង្ករ​ ដោយ​សារ​តែ​កង្វះ​​ស្រូវ​ស្តុក​ទុក ដើ​ម្បី​ផ្គត់​ផ្គង់​​ឧស្សាហ​កម្ម​នេះ​។​

​លោក​ថ្លែង​ថា​៖ «​ទី​ផ្សារ​អង្ករ​ពិ​ភព​​លោក​នៅ​ឆ្នាំ​នេះ​ល្អ​ ដូ​ច្នេះ​ ​មាន​​ឈ្មួញ​ជា​ច្រើន​ទិញ​ស្រូវ​ដោយ​​ផ្ទាល់​ពី​កសិ​ករ​ ខណៈ​ស​មត្ថ​ភាព​ឃ្លាំង​ស្តុក​របស់​យើង​​​មិន​ទាន់​រួច​រាល់​​»​។

​លោក​បន្ត​ថា​៖ «​ដូច្នេះ​និ​ន្នា​ការ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​នេះ​​គឺ​ធ្លាក់​ចុះ​ ទោះ​​​បី​ជា​យើង​មាន​អ្នក​ទិញ​​ក៏​ដោយ​ ប៉ុន្តែ​យើង​មិន​មាន​​ស្រូវ​នៅ​​ក្នុង​ដៃ​ដើ​ម្បី​កិន​សម្រាប់​នាំ​ចេញ​​​នោះ​ទេ​»​។​

ការ​អះ​អាង​បែប​នេះ ​ហាក់​ដូច​​ជា​ផ្ទុយ​គ្នា​នឹង​ទិន្ន​ន័យ​ដែ​ល​​​កត់​ត្រា​ដោយ​រដ្ឋា​ភិ​បាល​ ដែល​​ប្រ​កាស​ថាប្រ​ទេស​នេះ​​មាន​ស្រូវ​លើស​តម្រូវ​ការ​រហូត​ដល់​ជាង​ ៣ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ ក្នុង​អំ​ឡុង​ដំ​ណើរ​ទស្ស​ន​កិច្ច​របស់​លោក ​ទៅ​កាន់ ​ប្រ​ទេស​ ជប៉ុន ​​កាល​​ពី​សប្ដាហ៍​មុន​ លោក​​នា​យក​​រដ្ឋ​មន្ដ្រី​ ហ៊ុន ​សែន ​បាន​ឲ្យ​ដឹង​ថា ​ប្រ​ទេស​ កម្ពុជា ​​សល់​ស្រូវ​​​​រហូត​ដល់​ ៤ ​លាន​តោន​​ក្នុង​​​ ១ ឆ្នាំ​ៗ​។​

ប៉ុន្តែ​ការ​នាំ​ចេញ​ ត្រូវបាន​ព្យា​ករ​ថា​ នឹង​កើន​ឡើង​ត្រឹម​រដូវ​ប្រ​មូល​ផល​ក្រោយ ខណៈ​អង្ករ​កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់​​ជា​អង្ករ​ល្អ​បំ​ផុត​មួយ​លើ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ ២០១៨។​ នេះ​បើ​យោង​តាម​លោក ​ហ៊ុន​ ឡាក់​។​

លោក​ថ្លែង​ថា​ ពាន​រង្វាន់​នេះ​នឹង​ជា​ឱ​កាស​ល្អ​ ក្នុងការ​បង្កើត​ស​ញ្ញា​ពា​ណិជ្ជ​កម្ម​ អង្គរ​ម្លិះ​ លើ​ទី​ផ្សារ​ពិ​ភព​លោក​។​

​លោក​លើក​ឡើង​ថា​៖ «​វា​គឺ​ជា​​ឱ​កាស​មួយ​សម្រាប់​ការ​បង្កើ​ត​ស្លាក​សញ្ញា​ពា​ណិជ្ជ​កម្ម​»​​។

លោក​​បន្ត​ថា​៖ «​ពាន​រង្វាន់​នេះ​ នឹង​​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​កសិ​ករ​ និង​ម្ចាស់​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​របស់​យើង​ ក្នុង​ការ​បង្កើន​​ល្បឿន​​ការ​ផលិត​​ប្រ​កប​ដោយ​គុណ​ភាព​»​។​​

ផែ​ន​ការ​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អា​វុធ​ (​EBA)​

​ពេល​​នេះ​សហ​ព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​ កំ​ពុង​ពិ​ភា​ក្សា​ពី​លទ្ធ​ភាព​​​នៃ​ការ​ដក ​EBA ​របស់​សហ​​ភាព​អឺ​រ៉ុប​ ដើ​ម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​ ​​បើ​វិ​ធាន​​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​។ ​នេះ​បើ​​​តាម​លោក​ ហ៊ុន​ ឡាក់​។​

​​លោក​ថ្លែង​ថា​៖ «​យើង​រៀប​ចំ​កិច្ច​ប្រ​ជុំ​​ដើ​ម្បី​ពិ​ភា​ក្សា​លើ​បញ្ហា​នេះ​ ជា​មួយ​ស​មា​ជិក​ផង​ដែរ​ យើង​​​ពិ​បាក​ក្នុង​ការ​និ​យាយ​ណាស់​​នៅ​ពេល​នេះ​ ដោយ​សារ​តែ​វា​នៅ​តែ​​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ដែល​ត្រូវ​ទៅ​ ហើយ​យើង​​មិន​រំ​ពឹង​ថា​វា​​នឹង​ប៉ះ​ពាល់​ដល់​ឧស្សាហ​កម្ម​កសិ​កម្ម​នោះ​ទេ​ ដោយ​សារ​វា​​មាន​ស​ក្ដានុ​ពល​​ច្រើន​សម្រាប់​ការ​អភិ​វឌ្ឍ​​»​។​

​លោក ​សុង​ សា​រ៉ន ​អគ្គ​នា​យក​​ក្រុម​ហ៊ុន​ Amru Rice Co.Ltd បាន​ឲ្យ​ដឹង​ថា ​​កម្ពុជា​មិន​​គួរ​​ផ្ដោត​តែ​​លើ​អង្ករ​​ក្រ​អូប​នោះ​ទេ​ ហើយ​ត្រូវ​ការ​ធ្វើ​ពិ​ពិធ​កម្ម​ អង្ករ​ប្រ​ភេទ​ផ្សេង​ទៀត​ ដូច​ដែល​​​វៀត​ណាម​ និង​ថៃ​បាន​ធ្វើ​​។​

​លោក​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ​យើង​កំ​ពុង​ផ្ដោត​លើ​ការ​នាំ​ចេញ​អង្ករ​ក្រ​អូប​ ខណៈ​ប្រ​ភេទ​អង្ករ​ស​ធ្លាក់​ចុះ​ ដូ​ច្នេះ​និ​ន្នា​ការ​នៃ​​ការ​នាំ​ចេញ​ប្រែ​ទៅ​ជា​ធ្លាក់ចុះ​ ហើយ​​វា​​នឹង​​ប៉ះ​ពាល់​ដល់​ឧស្សា​ហ​កម្ម​អង្ករ​ទាំង​មូល​​»​។​

​លោក​​បន្ថែម​ថា៖​ វា​មិន​ទាន់​​ជា​ការ​​បា​រម្ភ​នៅ​ឡើយ​ទេ​ ទាក់​ទង​នឹង​​​លទ្ធ​ភាព​នៃ​ការ​ដក​ចេញ​ EBA​។

​លោក​ថ្លែង​ថា​៖ «​​អ្នក​ទិញ​របស់​យើង​​​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នៅ​ឡើយ​​ទី​ផ្សារ​អង្ករ​​នៅ​តែ​មាន​ស្ថិរ​ភាព​សម្រាប់​ពួក​​យើង​ ខណៈ​យើង​នៅ​តែ​​​រក្សា​បាន​នូវ​​គុណ​ភាព​ និង​​ការ​បង្កើន​​​ទី​ផ្សារ​​​»៕​LA