ក្រុង​ប៉េ​កាំងៈ ការ​ប្រើ​ប្រាស់​មាស​របស់​ប្រ​ទេស​ ចិន ​នៅ​តែ​បន្ត​កើន​ឡើង​នៅ​ ៣ ត្រី​មាស​ដំ​បូង​​ក្នុង​ឆ្នាំ​នេះ​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ក្នុង​ស្រុក​ខ្លាំង​។

សមា​គម​មាស​របស់​ប្រ​ទេស​ ចិន ​បាន​​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​​ថា ​ការ​ប្រើ​ប្រាស់​មាស​​បាន​កើន​​ឡើង​ចំ​នួន ៥,០៨ ភាគ​​រយ ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន​​​ដល់​ ៨៤​៩,​៧ តោន​ក្នុង​រយៈ​ពេល​ចាប់​​​ពី​ខែ​ មករា​ ដល់​ខែ ​កញ្ញា​។​

ការ​លក់​គ្រឿង​អលង្ការ​មាស​បាន​បង្ហាញ​ពី​ស្ថិរ​ភាព​នៃ​កំ​ណើន​ និង​បាន​រួម​ចំ​ណែក​ជិត​ ២​ ភាគ​ ៣ នៃ​ការ​ប្រើ​ប្រាស់​មាស​ក្នុង​ស្រុក​សរុប​ ខណៈ​ការ​លក់​​ផលិត​ផល​មាន​ជា​លក្ខណៈ​​ឧស្សាហ​កម្ម​ និង​ផលិត​ផល​ផ្សេង​ទៀត​បាន​ចុះ​បញ្ជី​កំ​ណើន​​យ៉ាង​ឆាប់​រហ័ស​រហូត​ដល់​ ២៤,៦៨ ​ភាគ​រយ​។

កាស​មាស ​ដែល​មាន​​ប្រ​មាណ​​តែ​ ២ ​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ការ​ប្រើ​ប្រាស់​មាស​​សរុប​ក្នុង​ប្រ​ទេស​ ចិន ​កើន​ឡើង​ចំ​នួន​ ៦,៤​៧​ ភាគ​រយ​។

សមា​គម​មួយ​នេះ​បាន​​ឲ្យ​ដឹង​ថា ​ការ​លក់​គ្រឿង​អលង្ការ​នៅ​តែ​មាន​កំ​ណើន​រឹង​មាំ ​ខណៈ​ដែល​តម្លៃ​មាស​ដែល​កំ​ពុង​​ធ្លាក់​ចុះ​បាន​ជំ​រុញ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ទិញ​មាស​កាន់​តែ​ច្រើន​។ ទន្ទឹម​នឹង​នេះ​ដែរ​ វិ​និ​យោ​គិន​បាន​ចាប់​​ផ្តើម​ចូល​ចិត្ត​មាស​ និង​ទ្រព្យ​​សកម្ម​ផ្សេងៗ​ទៀត​ក្នុង​គ្រា​​ដែល​មាន​ការ​កើន​ឡើង​នៃ​ភាព​មិន​ច្បាស់​លាស់​នៅ​លើ​សកល​លោក​ ខណៈ​​​តម្រូវ​ការ​គ្រឿង​អេ​ឡិច​ត្រូ​និក​បាន​ជំ​រុញ​​ការ​ប្រើ​ប្រាស់​មាស​ជា​លក្ខណៈ​ឧស្សា​ហកម្ម​។

ផ្ទុយ​មក​វិញ​ការ​លក់​មាស​ដុំ​បាន​ធ្លាក់​ចុះ​ចំ​នួន ៥,០៥ ​ភាគ​រយ​។

ទិន្ន​ន័យ​កាល​ពី​ថ្ងៃ​អង្គារ​ក៏​បាន​​បង្ហាញ​ផង​ដែរ​ថា ​​ក្នុង​រយៈ​ពេល​ ៩ ខែ​ដំ​បូង​ក្នុង​ឆ្នាំ​នេះ ទិន្ន​ផល​មាស​របស់​ចិន​បាន​ធ្លាក់​​​ចុះ​ចំ​នួន​ ៧,៤៦​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​​ឆ្នាំ​មុន​មក​នៅ​​ត្រឹម​ ២៨​៩,៧​៥​ តោន​ប៉ុ​ណ្ណោះ​។

ចិន ​​ជា​ប្រ​ទេស​​ផលិត​​និង​ប្រើ​ប្រាស់​មាស​ច្រើន​បំ​ផុត​នៅ​​លើ​ពិភព​​លោក​៕ P.Daily/NS