កំពតៈ​ កម្ពុជា​អាច​ប្រឈម​នឹង​កង្វះ​ខាត​អំបិល​ប្រើប្រាស់​សា​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ ​២០១៩ នេះ​ ខណៈ​ទិន្នផល​ដែល​ប្រមូល​បាន​សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ទើប​សម្រេច​បាន​តែ​ជាង​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​នៃ​តម្រូវការ​​​ក្នុង​ស្រុក​សរុប​។ នេះ​បើ​​តាម​តំណាង​​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​​កំពត-កែប។

ការ​ផលិត​អំបិល​នៅ​កម្ពុជា មាន​តែ​នៅ​​ក្នុង​ខេត្ត​កំពត និង​កែប ប៉ុណ្ណោះ ហើយ​​ការ​ប្រមូល​ផល​ជា​ទូទៅ​ធ្វើ​ឡើង​​ចាប់​ពី​​ពាក់​កណ្តាល​ខែ​មករា ទៅ​​ដល់​ចុង​​ខែ​មេសា​នៃ​ឆ្នាំ​នីមួយៗ។

យោង​តាម​លោក ប៊ុន ណារិន អ្នក​បច្ចេកទេស​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប ការ​ប្រមូល​ផល​​សម្រាប់​​ឆ្នាំ​នេះ​ ទើប​សម្រេច​បាន​តែ​ជាង ​៣ ម៉ឺន​តោន​ប៉ុណ្ណោះ។

ខេត្ត​ទាំង ​២ មាន​ផ្ទៃ​ដី​ផលិត​អំបិល​ជាង ​៤ ​០០០ ហិកតា ដោយ​ក្នុង​ ​១ ​ហិកតា​ ផ្តល់​ផល​ជា​មធ្យម ​២០ ​តោន​ក្នុង​​​ ​១ ​ឆ្នាំ​។​ លោក ណារិន បាន​ឲ្យ​ដឹង​ថា ជា​មធ្យម​កម្ពុជា​​​មាន​តម្រូវ​ការ​អំបិល​ចន្លោះ​ពី​ ៨-១០ ​ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំ​។

លោក ប៊ុន ណារិន​ បាន​ឲ្យ​ដឹង​ថា ការ​​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​កែប រហូត​មក​ដល់​ពេល​នេះ​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទេ ដោយ​សារ​កត្តា​អាកាសធាតុ និង​កង្វះ​ខាត​កម្លាំង​ពលកម្ម​។

លោក​ថ្លែង​ថា៖ «ដោយសារ​តែ​សប្តាហ៍​មុន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេល​នោះ​ខ្ញុំ​គិត​ថា ការ​ផលិត​ត្រូវ​ចប់​ទៅ​ហើយ​ក្នុង​ឆ្នាំ​នេះ​»។

ទោះ​បី​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា ​បាតុភូត El Nino ដែល​នឹង​ធ្វើ​ឲ្យ​រដូវ​ក្តៅ​អូស​បន្លាយ​យូរ​នោះ ការ​ប្រមូល​ផល​អំបិល​​​ឆ្នាំ​នេះ​នឹង​អាច​បន្ត​រហូត​ដល់​ចុង​ខែ​ឧសភា។​ តាម​លោក ប៊ុន ណារិន ទិន្នផល​អំបិល​ដែល​ប្រមូល​បាន​ ត្រូវបាន​លក់​ទៅ​កាន់​ទីផ្សារ​បាន​ជាង ៦០ ​ភាគរយ​ហើយ។

ទាក់ទង​នឹង​កម្លាំង​ពលកម្ម​ លោក ណារិន បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ផលិត​អំបិល​ទាំង​ជាង ​២០០ នៅ​ខេត្ត​កំពត និង​កែប កាល​ពី ​៣-៤ ​ឆ្នាំ​មុន​ មាន​កម្លាំង​ផលិត​ចន្លោះ​ ​៤ ០០០​ ទៅ ៥ ០០០ ​នាក់ ខណៈ​បច្ចុប្បន្ន​​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​នៅ​យ៉ាង​ច្រើន​​ត្រឹម​តែ​ ១ ០០០ ​នាក់​ប៉ុណ្ណោះ​។

ខណៈ​ការ​ប្រមូល​ផល​​អំបិល​នា​ឆ្នាំ​នេះ​​​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នោះ តម្លៃក៏​មិន​មាន​​ការ​ប្រែប្រួល​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​។​

តាម​លោក ណារិន ​អំបិល​ដាក់​លក់​នៅ​​កន្លែង​ប្រមូល​ផល​តាម​ស្រែ​អំបិល​ក្នុង​ខេត្ត​កំពត មាន​តម្លៃ​ក្នុង ​១ ​ការ៉ុង​ ទម្ងន់ ​៥០ ​គីឡូក្រាម ១៨ ០០០ ​រៀល ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ​កើន​ឡើង​តិច​តួច​បំផុត។

ឆ្នាំ ​២០១៤-២០១៥ និង ២០១៦ គឺ​​ជា​ឆ្នាំ​ដែល​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ច្រើន​ ដោយ​ក្នុង ​១ ​ឆ្នាំៗ ​បាន​ទិន្នផល​ជាង ​១០ ​ម៉ឺន​តោន។​ នេះ​បើ​តាម​ ​លោក ណារិន។​

កាល​ពី​ឆ្នាំ​មុន ដោយសារ​ការ​ផលិត​អំបិល​នៅ​ក្នុង​ស្រុក មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ កម្ពុជា​បាន​នាំចូល​​អំបិល​ជាង​ ២០ ០០០ តោន​​ពី​​ប្រទេស ​ចិន ដែល​នេះ​ជា​លើក​ទី​​២ ​ហើយ​បន្ទាប់​ពី​កម្ពុជា​បាន​ចំណាយ​ ២,២ លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ២០០៩ ដើម្បី​នាំចូល​អំបិល ២០ ០០០ តោន​ពី​ប្រទេស ​ចិន៕ LA