ភ្នំពេញៈ អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ និង​អ្នក​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ចំណត​ផែ​កុង​តឺន័រ​ជំហាន​ទី ២ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​ជំរុញ​ឲ្យការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នៅ​កម្ពុជា​កាន់​តែ​មាន​សក្តានុពល និង​កាត់​​បន្ថយ​ការ​ចំណាយ។

ការ​អះអាង​នេះ​បានធ្វើ​ឡើង​ បន្ទាប់​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​បើក​ដំណើរការ​ចំណត​ផែ​កុងតឺន័រ​​ជំហាន​ទី ២ របស់​ខ្លួន​ជា​ផ្លូវ​ការ​ ​ ខណៈ​ដែល​​ប្រតិបត្តិ​ការ​កំពង់ផែ​មួយ​នេះ​បាន​ប្រកាស​ប្រាក់​ចំណេញ​សុទ្ធ​បណ្តោះ​​អាសន្ន​ជាង ៧លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៨។

ការ​ដាក់​ដំណើរការ​​ចំណត​ផែ​កុងតឺន័រ​ ជំហាន​ទី ២ ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​​កំពង់ផែ​នេះ​ បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​កុងតឺន័រ​ឆ្លង​កាត់​ដែល​​កំពុង​កើន​ឡើង​ជា​លំដាប់។​ នេះ​បើ​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ PPAP។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​សមត្ថភាព​ចំណត​ផែ​កុងតឺន័រ​ជំហាន​ទី​ ១ អាច​ផ្ទុក​បានតែ ១៥០ ០០០​ TEUs ក្នុង​​ ១ ​ឆ្នាំ​នោះ កំណើន​បាន​កើន​ដល់​ ១៥១ ៧៨១ TEUs កាល​ពី​ឆ្នាំ​ ២០១៦។ សមត្ថភាព​ចំណត​ផែ​កុងតឺន័រ​​ទាំង​ ២ ដំណាក់​កាល​នេះ​អាច​ផ្ទុក​កុងតឺន័រ​បាន​ ៣០០ ០០០ TEUs ក្នុង​មួយ​ឆ្នាំ។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​សាទរ​ចំពោះ​ការ​ពង្រីក​កំពង់ផែ​នេះ ដោយ​​លោក​លើក​ឡើង​ថា បើ​ទោះ​បី​ជា​ចំនួន​កុងតឺន័រ​ដែល​ឆ្លង​កាត់​តាម​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នា​ពេលនេះ​​មិន​ទាន់​មាន​ការ​កើន​ឡើង​ច្រើន​ក៏​ដោយ។

លោក​ថ្លែង​ថា៖​ «កន្លង​មក​​ចំណត​កំពង់ផែ​ភ្នំពេញ​ពិត​ជា​តូច​ចង្អៀត ហើយ​ការ​លើក​ដាក់​ទំនិញ​ក៏​ជួប​ការ​លំបាក និង​ត្រូវ​ចំណាយ​ពេល​យូរ​ផងដែរ ដូច្នេះ​ការ​ពង្រីក​នេះ​គឺ​ជា​ការ​​បោះ​ជំហាន​ទៅ​មុខ​ដ៏​ត្រឹម​ត្រូវ​»។

តាម​របាយការណ៍ ចំនួន​កុងតឺន័រ​ឆ្លង​កាត់​កំពង់ផែ​ភ្នំពេញ​ប្រចាំ​ឆ្នាំ​​ ជា​មធ្យម​​មាន​កំណើន ១៤,៤ ភាគរយ​ក្នុង​​រយៈពេល ៥ ឆ្នាំ​​ចុង​ក្រោយ​ចាប់​​ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៧។

កំពង់ផែ​ភ្នំពេញ ជា​ក្រុមហ៊ុន​កំពង់​ផែ​គ្រប់គ្រង​ដោយ​រដ្ឋ​ទី ១ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា។ ​

តាម​របាយការណ៍​ប្រាក់​ចំណេញ​ប៉ាន់​ស្មាន ​បាន​ឲ្យ​ដឹង​ថា កំពង់ផែ​នេះ​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ៧,២៩ លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិការ​ឆ្នាំ​នេះ។

ការ​ពង្រីក​ចំណត​​ផែកុងតឺន័រ​ ជំហាន​ទី​ ២ ​ចំណាយ​ប្រហែល ៩​លាន​ដុល្លារ ជា​ទុន​បម្រុង​វិនិយោគ​របស់​កំពង់ផែ និង​ទុន​បានពី​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​នៅផ្សារ​មូលបត្រ​កម្ពុជា។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា ខណៈ​​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​កំណើន ការ​ពង្រីក​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ​​គឺ​ជា​រឿង​ដែល​ចៀស​​មិន​ផុត​។

លោក​បន្ត​ថា​៖​ «ការ​​បើក​ដំណើរការ​ចំណត​ផែកុងតឺន័រ​ ជំហាន​ទី ២ របស់​កំពង់ផែ​ភ្នំពេញ​នេះ​គឺ​ជា​រឿង​ល្អ​ណាស់​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ហើយ​សូម្បី​តែ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ក៏​រាជ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ផង​ដែរ»។

របាយការណ៍​ប្រចាំ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​បង្ហាញ​ថា ប្រទេស​ដែល​បាន​នាំ​ចូល​ទំនិញ​មក​កាន់​កម្ពុជា​តាម​រយៈ​កំពង់ផែ​នេះ ​មាន​ ៧០ ​ភាគរយ​មក​ពី​ប្រទេស​ចិន ៩​ភាគរយ​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​​ផ្សេង​ទៀត​​ប្រហែល​ ២០ ភាគរយ។ ទំនិញ​នាំ​ចូល​ភាគ​ច្រើន​​ជាវត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​​​វាយនភណ្ឌ និង​​គ្រឿង​សំណង់​។​

ក្រោយ​ពី​បញ្ចប់​ចំណត​ផែ​កុងតឺន័រ​ដំណាក់​កាល​ទី​ ២ ​នេះ កំពង់ផែ​ស្វយ័ត​​ភ្នំពេញ នឹង​បន្ត​អនុវត្ត​គម្រោង​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ ​ជំហាន​ទី​ ៣ ទៀត​ចាប់​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣ ក្នុង​គោល​ដៅ​បង្កើន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ឲ្យ​ដល់ ៥០០ ០០០ TEUs ក្នុង​មួយ​ឆ្នាំ៕LA