ទីក្រុងហ្វ្រ៊ែងហ្វឺតៈ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន BMW បានឲ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅថា ក្រុមហ៊ុន BMW កំពុងអនុវត្តតាមក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ផ្សេងទៀតក្នុងការចាក់បញ្ចូលសាច់ប្រាក់សន្ទនីយភាពហិរញ្ញវត្ថុរបស់ខ្លួនដើម្បីកាត់បន្ថយវិបត្តិវីរុសកូរ៉ូណា ខណៈការលក់រថយន្តនៅប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងលើរថយន្តមួយនេះបានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតរបស់ពួកគេក្នុងរយៈពេលជិត ៣០ ឆ្នាំកាលពីខែមីនា។
លោក Oliver Zipse ប្រធានក្រុមហ៊ុន BMW បានឲ្យដឹងនៅក្នុងបទសម្ភាសមួយដែលបានបញ្ជូនដល់បុគ្គលិកថា៖ «កាលៈទេសៈដ៏ធ្ងន់ធ្ងរនេះអាចគំរាមដល់អាទិភាពរបស់ក្រុមហ៊ុនធំ»។
លោក Zipse បានហៅវិធានការនេះថាជា «អាទិភាពដាច់ខាត» ប៉ុន្តែមិនបានលម្អិតថា៖ «យើងបានណែនាំវិធានការទ្រង់ទ្រាយធំៗរួចហើយ ជាពិសេសដើម្បីធានាសន្ទនីយភាពរបស់យើង»។
Daimler ជាក្រុមហ៊ុនប្រកួតប្រជែងតម្លៃខ្ពស់ដែលផលិតរថយន្ត Mercedes-Benz បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានយល់ព្រមឥណទានថ្មី ១២ ពាន់លានអឺរ៉ូ (១៣ ពាន់លានដុល្លារ) ជាមួយធនាគារជាច្រើន «ដែលបង្កើនភាពបត់បែនហិរញ្ញវត្ថុរបស់ខ្លួន»។
ការឲ្យដឹងពីសម្ពាធលើក្រុមហ៊ុនផលិតរថយន្តបានធ្វើឡើងដោយលោក Herbert Diess ប្រធានក្រុមហ៊ុន Volkswagen កាលពីសប្ដាហ៍មុនដោយលោកបានឲ្យដឹងថា ការបិទទ្វាររោងចក្របណ្តាលមកពីវីរុសនេះកំពុងធ្វើឲ្យក្រុមហ៊ុនឈ្មោះល្បីចំនួន ១២ ខាតបង់រហូតដល់ ២ ពាន់លានអឺរ៉ូរយៈពេល ១ សប្ដាហ៍។
ទិន្នន័យផ្លូវការបានបង្ហាញការចុះបញ្ជីរថយន្តថ្មីលើដងផ្លូវអាល្លឺម៉ង់ធ្លាក់ចុះកាលពីខែមីនាដល់កម្រិតទាបបំផុតរបស់ពួកគេក្នុងរយៈពេលជិត ៣ ទសវត្សរ៍ចុងក្រោយនេះ។
ការលក់បានធ្លាក់ចុះ ៣៨ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមជាង ២១៥១០០ គ្រឿងប៉ុណ្ណោះ។ នេះយោងតាម KBA ជាអាជ្ញាធរផ្ដល់អាជ្ញាប័ណ្ណរថយន្ត។
សហព័ន្ធក្រុមហ៊ុនផលិតរថយន្ត VDA បានឲ្យដឹងថា៖ «វិធានការគោលនយោបាយសុខភាពចាំបាច់ដូចជាការកម្រិតដ៏ធំលើជីវិតសាធារណៈ ការបិទក្រុមហ៊ុនចែកចាយរថយន្ត និងកម្រិតលទ្ធភាពការងារនៅក្នុងការិយាល័យផ្ដល់អាជ្ញាប័ណ្ណ» បានធ្វើឲ្យស្ទះដល់ការពាណិជ្ជកម្មរថយន្ត។
តម្រូវការក្នុងស្រុកបានធ្លាក់ចុះ ៣០ ភាគរយ ខណៈដែលការបញ្ជាទិញបរទេសបានធ្លាក់ចុះ ៣៧ ភាគរយ។
នៅក្នុងការប្រៀបធៀបប្រចាំត្រីមាស ការលក់កាលពីខែមករាដល់ខែមីនាបានធ្លាក់ចុះ ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមអ្នកវិភាគមកពីក្រុមហ៊ុនពិគ្រោះយោបល់ EY បានព្យាករ៖ «ខែមេសាទំនងមានមហន្តរាយកាន់តែខ្លាំងថែមទៀត»។
នៅក្នុងប្រទេសអ៊ីតាលីជាចំណុចផ្ទុះវីរុសក្នុងតំបន់អឺរ៉ុបដែលការរឹតបន្តឹងការធ្វើចរាចរណ៍មានភាពអាក្រក់កាន់តែខ្លាំងឡើង តួលេខក្រសួងដឹកជញ្ជូននៃប្រទេសនេះដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញការលក់ធ្លាក់ចុះខ្លាំងជាង ៨៥ ភាគរយធៀបនឹងខែមីនានៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមអ្នកជំនាញនៅ Promotor ជាមជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្មរថយន្តបានអត្ថាធិប្បាយថា៖ «មានរថយន្តជាង ២៨ ៣០០ គ្រឿងប៉ុណ្ណោះដែលបានចុះបញ្ជី ការលក់របស់ប្រទេសអ៊ីតាលី «ស្ថិតក្នុងកម្រិតអាចប្រៀបធៀបបានកាលពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ នៅពេលការកាន់កាប់រថយន្តជាច្រើននៅប្រទេសរបស់យើងទើបនឹងចាប់ផ្ដើមប៉ុណ្ណោះ»។
ពួកគេបន្ថែម៖ «ការព្យាករសម្រាប់រយៈពេលជាច្រើនខែខាងមុខនឹងមានការធ្លាក់ចុះស្រដៀងគ្នា ឬកាន់តែអាក្រក់ខ្លាំងឡើងថែមទៀតរហូតដល់វិបត្តិនេះត្រូវបញ្ចប់»។
ក្រុមហ៊ុន EY បានព្យាករថា នៅប្រទេសអាល្លឺម៉ង់ «ទោះបីជាវិបត្តិដ៏ខ្លាំងបំផុតបានយកឈ្នះនៅរដូវក្ដៅក៏ដោយ ក៏ផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមដែលកើនឡើងចំនួនច្រើននៃភាពគ្មានការងារធ្វើការធ្លាក់ចុះប្រាក់ចំណូល ការក្ស័យធននឹងបន្តក្នុងការកម្រិតតម្រូវការយ៉ាងខ្លាំង»។
ការងារ ១០០ ០០០ កន្លែងក្នុងការងារប្រហែល ៨០០ ០០០ កន្លែងក្នុងវិស័យរថយន្តរបស់ប្រទេសអាល្លឺម៉ង់អាចស្ថិតក្នុងហានិភ័យ៕ LA