ក្រុង​ប៉េកាំងៈ ការ​វិនិយោគ​ផ្ទាល់​នៅ​ក្រៅ​ប្រទេស​ (ODI) ក្នុង​​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​ក្នុង​រយៈ​ពេល ១១ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ នៅ​តែ​មាន​​​កម្រិត​ថេរ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជ​កម្ម​របស់​ប្រទេស​ ចិន ​កាល​ពី​ចុង​សប្តាហ៍​មុន។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​​​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា វិនិយោគិន​ក្នុង​ស្រុក​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ១០​៤,​៤​៨ ពាន់​លាន​ដុល្លារ​ ODI ក្នុង​វិស័យ​មិន​មែន​ហិរញ្ញវត្ថុ​​ក្នុង​សហ​គ្រាស​​នៅ​បរទេស​​ចំនួន ៥ ២១៣ ក្នុង​ប្រទេស​ និង​តំបន់​​ចំនួន ១៥៧ ចាប់​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០​១៨។

ODI ក្នុង​ប្រទេស​ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​ក្នុង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ បាន​កើនឡើង ៤,៨ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដល់ ១២,៩៦ ​ពាន់​លាន​ដុល្លារ។

រចនា​សម្ព័ន្ធ​នៃ​ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស​បាន​បន្ត​មាន​ភាព​​ប្រសើរ​ឡើង ដោយ​ការ​វិនិយោគ​ចម្បង​ធ្វើ​ឡើង​ក្នុង​វិស័យ​​​សេវា​កម្ម​ជួល ​និង​អាជីវ​កម្ម វិស័យ​​ផលិត​កម្ម រ៉ែ និង​លក់​រាយ និង​លក់​ដុំ។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា មិន​មាន​ការ​រាយការណ៍​ពី​គម្រោង​ថ្មី​ៗ​​​នៅ​ក្នុង​វិស័យ​នានា​ដូច​ជា ការ​អភិវឌ្ឍ​អចលន​ទ្រព្យ កីឡា និង​កម្សាន្ត​នោះ​ទេ។

គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា ប្រទេស​ ចិន ​បាន​បង្កើត​តំបន់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​នៅ​បរទេស​ចំនួន ១១៣ ក្នុង​ប្រទេស​ចំនួន ៤៦ ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប​ចំនួន ៤២,១៤ ពាន់​លាន​​​ដុល្លារ ដែល​ទាក់ទាញ​ក្រុមហ៊ុន​បាន​ជាង ៤ ៧០០ ក្រុមហ៊ុន។

ក្រសួង​ពាណិជ្ជ​កម្ម​ចិន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នា​នា​ក្នុង​តំបន់​កិច្ច​សហ​ប្រតិបត្តិការ​ទាំង​នេះ​​បាន​បង្កើត​ការងារ​បាន​ជាង ៣០០ ០០០ កន្លែង និង​​ផ្តល់​ប្រាក់​ចំណូល​ពន្ធ​បាន ចំនួន ៣,២៤ ពាន់​លាន​ដុល្លារ​សម្រាប់​​ប្រទេស​ជា​ម្ចាស់​ផ្ទះ៕ People''s Daily/KC