ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ ដែល​លោក ​ត្រាំ ដែល​នឹង​ប្រកាសថា ជា​ជោគជ័យ​ដ៏សំខាន់​មួយ ប៉ុន្តែ​វា​ធ្វើឡើង​ដោយ​ការចំណាយ​ដ៏ច្រើន បន្ទាប់ពី​ការជាប់គាំង​រយៈពេល​ ២ ​ឆ្នាំ​ដ៏ជូរចត់​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ ២ ​របស់​ពិភពលោក​។

លោក Edward Alden អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស​បាន​ថ្លែងថា​៖ «​បញ្ហា​ដ៏ពិបាក​រវាង​អាមេរិក និង​ប្រទេស ​ចិន​ នៅតែ​មិន​ទាន់​ត្រូវបាន​ដោះស្រាយ​»​។

ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា «​ទាក់ទង​នឹង​នយោបាយ ការណ៍​នេះ​ដំណើរការ​ល្អប្រសើរ​សម្រាប់​លោក​ ត្រាំ​» ខណៈ​លោក​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាថ្មី​នៅ​ឆ្នាំក្រោយ​។

លោក Alden បាន​បន្តថា​៖ «​សេត​វិមាន​អាច​អួតថា ខ្លួន «​មាន​ភាពតឹងតែង​លើ​ប្រទេស​ចិន​» និង​ថា «​តាម​បច្ចេកទេស លោក​ទទួលបាន​កិច្ចព្រមព្រៀង​មួយ​» ជា​អ្វីដែល​លោក​បាន​សន្យា​ជាមួយ​ក្រុម​អ្នកបោះឆ្នោត​កាលពី​ឆ្នាំ​ ២០១៦​។

យ៉ាង​ហោចណាស់​ការបញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធានា​ដល់​ទីផ្សារ​ដែល​ទទួលរង​ភាពចលាចល​ដោយសារ​ការអាក់ខាន​ជាប្រចាំ​កាលពី​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩ ក្នុង​គ្រា​ដែល​មាន​ការគំរាមកំហែង ការគំរាមកំហែង​តបត និង​ពន្ធ​នាំចូល​ក្នុង​ទឹកប្រាក់​ដ៏ច្រើន​។

ការបញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​នៅពេល​បច្ចុប្បន្ន​ក៏​អាចជួយ​លោក ត្រាំ ផង​ដែរ​សម្រាប់​ដំណើរការ​យុទ្ធនាការ​តាមរយៈ​ការផ្ដល់​ដល់​សេដ្ឋកិច្ច​អាមេរិក​នូវ​ការជំរុញ​មួយ​។

ជា​ការបន្ធូរបន្ថយ​ដែល​មិន​ច្បាស់លាស់​មួយ អតិថិជន​នឹង​មាន​ហេតុផល​កាន់តែ​ធំ​ក្នុង​ការចំណាយ​ដោយមាន​ទំនុកចិត្ត ហើយ​ក្រុមហ៊ុន​ក៏​អាច​ឆ្ពោះទៅមុខ​ជាមួយ​នឹង​ការវិនិយោគ​ដែល​ត្រូវបាន​ផ្អាក​ដោយសារ​ការបារម្ភ​អំពី​ការកើតមាន​ជម្លោះ​នេះ​។

លោក ត្រាំ បាន​ប្រកាស​ថា​នឹង​បង្ហាញ​កាន់តែ​ធំ​នៅ​ថ្ងៃមុន​ចូលឆ្នាំថ្មី​ថា លោក​នឹង​ចុះ​ហត្ថលេខា​លើ «​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ ១» នៅ​ថ្ងៃទី​ ១៥ ខែមករា នៅ​សេតវិមាន​»​។

ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ឡើយ​រហូត​ទាល់តែ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់លោក​ឧបនាយក​រដ្ឋមន្ដ្រី Liu He ដែល​នឹង​ស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ ដែល​ជា​កាលបរិច្ឆេទ​មួយ​ដែល​រំពឹងថា​នឹងមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។

ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពី​ទំហំ​នៃ​កិច្ចព្រមព្រៀង​នេះ នៅតែ​ជា​អាថិ៍កំបាំង​នៅឡើយ​។

លោក Larry Kudlow នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​នៅ​សប្តាហ៍​មុន​ថា​៖ «​ឯកសារ​ទាំងមូល​នឹងត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​»៕ LA