ក្រុងណានឆាងៈ គម្រោង​សរុប​ចំនួន ១០៤ គម្រោង​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃអាទិត្យ​ក្នុង​សន្និសីទ​ពិភពលោក​ស្តីពី​ឧស្សាហកម្ម​និម្មិត​ពិត (VR) ដែល​កំពុង​ធ្វើឡើង​ដោយ​មាន​តម្លៃ​កិច្ចសន្យា​ចំនួន ៦៣,៣ ​ពាន់​លាន​យន់​ (​ប្រហែល ៩,២ ពាន់​លាន​ដុល្លារ​)​។ នេះ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​។

សន្និសីទ​ដែល​បង្ហាញ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ផលិតផល និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង VR និង​ការរុករក​ឧស្សាហកម្ម VR ដែល​អាច​បំពាក់​បច្ចេកវិទ្យា​អ៊ីនធឺណិត 5G បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​ណានឆាង​ដែល​ជា​ទីក្រុង​របស់​ខេត្ត​ជាំងស៊ី ប្រទេស​ចិន​។

គម្រោង​ទាំងនេះ​គ្របដណ្តប់​លើ​វិស័យ​ទូលំទូលាយ​ជាច្រើន​រួមជាមួយ​នឹង​ចង្វាក់​ឧស្សាហកម្ម VR រួមទាំង​ការផលិត​គ្រឿង​ផ្គុំ ការអភិវឌ្ឍ​សូហ្វវែរ និង​កម្មវិធី VR​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ខេត្ត​ជាំងស៊ី​។

លោក Yang Wenbin អភិបាលរង​ទីក្រុង​ណាន​ឆាង​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច​ក្នុង​ឧស្សាហកម្ម​នេះ​ថា​៖ «​ទីក្រុង​ណាន​ឆាង​បាន​បង្កើត​ផែនការ​មួយ​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម VR ក្នុង​គោលបំណង​បង្កើត​ខ្លួនឯង​ទៅជា​ទីក្រុង VR លំដាប់​ពិភពលោក​នៅត្រឹម​ឆ្នាំ​ ២០២៣»​។

សន្និសីទ​នៅ​ឆ្នាំនេះ​បាន​ទាក់ទាញ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​ជាង ៧ ០០០ នាក់ និង​អ្នក​តាំងពិព័រណ៍​ក្នុង​ប្រទេស​ចិន និង​មកពី​បរទេស​ ២១៥ នាក់មក​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ VR នេះ​៕ People''s Daily/KC