សេអ៊ូលៈ ក្រុម​វិនិ​យោ​គិន​របស់​កូរ៉េ​ខាង​ត្បូង​នឹង​សម្លឹង​លើ​ការ​វិ​និ​យោគ​កាន់​តែ​ខ្លាំង​លើ​​វិ​ស័យ​កែ​ច្នៃ​អាហារ​ និ​ង​​កសិ​កម្ម​នៅ​​កម្ពុជា​ ជា​ជាង​​ឧស្សា​ហ​កម្ម​បច្ចេក​វិទ្យា​។ ​នេះ​បើ​​តាម​អគ្គ​​លេខា​ធិ​ការ​មជ្ឈ​មណ្ឌល​ អាស៊ាន-កូរ៉េ​។​

លោក​ Lee ​Hyuk ​អគ្គ​លេ​ខា​ធិ​ការ​មជ្ឈ​មណ្ឌល​ អា​ស៊ាន​-កូ​រ៉េ​ (AKC) បាន​ប្រាប់​កា​សែត​ភ្នំ​ពេញ​ប៉ុស្ដិ៍ ​នៅ​ក្រៅ​ជំ​នួប​វេ​ទិ​កា​ត​ភ្ជាប់​អា​ស៊ាន​លើក​ទី​ ៦ ​ នៅ​ទី​ក្រុង​សេ​អ៊ូល កាល​ពី​សប្ដា​ហ៍​មុន​ថា ​កម្ពុជា​គឺជា​​ប្រ​ទេស​តូច​មួយ​​ក្នុង​តំ​បន់ ​ដែល​មិន​អាច​​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ប្រ​ទេស​ផ្សេង​ទៀត​ដូច​ជា​ វៀត​ណាម ​និង​ថៃ​ បាន​ទេ ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​​ការ​​វិ​និ​យោគ​​លើ​បច្ចេក​វិ​ទ្យា​។​

លោក​ថ្លែង​ថា​៖«​ប្រ​ទេស​របស់​អ្នក​ត្រូវ​ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​បណ្ដា​ប្រ​ទេស​ផ្សេង​ទៀត​ ដូច​ជា​ វៀត​ណាម និង​ថៃ​ ក្នុង​ការ​ទាក់​ទាញ​ការ​វិ​និ​យោគ​​កាន់​តែ​ច្រើន​ពី​បណ្ដា​ប្រ​ទេស​ផ្សេង​ទៀត​ដូច​ជា​​កូរ៉េ​»។ ​

លោក​ថា​៖ «​ប៉ុ​ន្តែ​ខ្ញុំ​គិត​ថា ​ទាក់​ទង​នឹង​ការ​វិ​និ​យោគ​លើ​ការ ​កែ​ច្នៃ​អា​ហារ​ ការ​ធ្វើ​កសិ​កម្ម ​និង​ការ​វិ​និ​យោគ​លើ​ ការ​សាង​សង់​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ ​គឺ​ល្អ​សម្រាប់​​ប្រ​ទេស​ កម្ពុជា​»​។​​

លោក ​Lee ​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​របស់​​ប្រ​ទេស​ កូរ៉េ ជា​ច្រើន​បាន​ចាត់​ទុក​ប្រ​ទេស​ កម្ពុជា ​ជា​ទិស​ដៅ​វិ​និ​យោ​គ​​ប្រ​កប​ដោយ​​សក្ដា​នុ​ពល​​។​ លោក​ថ្លែង​ថា​៖ «​ដូ​ច្នេះ​អ្នក​ដឹង​ហើយ ​នៅ​ក្នុង​ប្រ​ទេស​​ កម្ពុជា ​អ្នក​មាន​ក្រុម​ហ៊ុន​របស់​​ប្រ​ទេស​ កូ​រ៉េ ​ដូច​ជា​ ក្រុម​ហ៊ុន​ Hyundai ​ដែល​កំ​ពុង​វិ​និ​យោគ​លើ​​កសិ​ដ្ឋាន​ដាំ​ស្វាយ»​។ ​

លោក​ប​ន្ត​ថា​៖ «​ខ្ញុំ​គិត​ថា ​កម្ពុជា​គឺ​ជា​ប្រ​ទេស​តូច​មួយ ​ខណៈ​វៀត​ណាម​ទាក់​ទាញ​កាន់​តែ​ច្រើន ​ដូច​ជា ​ក្រុម​ហ៊ុន​អេ​ឡិ​ច​ត្រូ​និក​ សាំ​សុង​ ដើ​ម្បី​បង្កើត​​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​មួយ​»​។​

ក្រុម​ហ៊ុន​ Hyundai Group របស់​កូរ៉េ​បាន​វិ​និ​យោគ​ ១០​​ លាន​ដុ​ល្លារ​លើ​រោង​ចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​ស្រស់ ​លើ​ផ្ទៃដី​ ៣ ​ហិក​តា​ នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំ​ពង់​ស្ពឺ​ ដែល​នឹង​ចាប់​ផ្ដើម​​ប្រតិ​បត្តិ​ការ​នៅ​ខែ​ធ្នូ​នេះ​។​​ក្រុម​ហ៊ុន ​សង្ឃឹម​ថា នឹង​កែ​ច្នៃ​ផ្លែ​ឈើ​ប្រ​ចាំ​ឆ្នាំ​បាន ​៥០,០០០​ តោន​ ដែល​រួម​មាន​ផ្លែ​ដូង ​ផ្លែ​ទុ​រេន ​ស្វាយ​ និង​ផ្លែ​មង្ឃុត​។​

ក្រុម​ហ៊ុន ​Hyundai ​Group ​មាន​សា​ខា​ ៤៤ ​ទូ​ទាំង​ពិ​ភព​លោក និង​ជា​បណ្ដាញ​ដ៏​រឹង​មាំ​មួយ​សម្រាប់​​ការ​នាំ​ចេញ​ផលិត​ផល​អាហារ​របស់​​កម្ពុជា​។​

លោក ​Lee ​Hyuk ​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​យុទ្ធ​សាស្ដ្រ​ត្រឹម​ត្រូវ​មួយ​ ដើ​ម្បី​ទាក់​ទាញ​ក្រុម​វិ​និ​យោ​គិន​កូរ៉េ​គ្រប់​វិ​ស័យ​។​ លោក​ថ្លែង​ថា​៖ «​ការ​ទាក់​ទាញ​ការ​វិ​និ​យោគ​ អ្នក​ត្រូវ​តែ​បន្ថែម​ភាព​ជា​ដៃគូ​កាន់​តែ​ច្រើន ​ជា​មួយ​ក្រុម​ហ៊ុន​កូរ៉េ​ លើ​ការ​វិ​និ​យោគ ​និង​ពា​ណិជ្ជ​កម្ម​»។

លោក​បន្ត​ថា​៖ «​ប្រ​សិន​បើ​អ្នក​បង្កើត​ទី​ផ្សារ​កែ​ច្នៃ​អា​ហារ​ប្រ​កប​ដោយ​គុណ​ភាព​ល្អ​ដ៏​​ធំ​មួយ​ដោយ​សហ​ការ​ជា​មួយ​​ក្រុម​ហ៊ុន​កូ​រ៉េ​ អ្នក​អាច​នាំ​ចេញ​​ផលិត​ផល​ទៅ​អ​តិ​ថិ​ជន​​របស់​ប្រ​ទេស​ កូ​រ៉េ ​បាន​»​។​

លោក ​លឹម ​ហេង ​អនុ​ប្រ​ធាន​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ (CCC) ​កត់​សម្គាល់​ថា ​ក្រុម​វិនិ​យោ​គិន​កូរ៉េ​ បច្ចុ​ប្បន្ន​​​ចាប់​អា​រម្មណ៍​កាន់​តែ​ខ្លាំង​លើ​​កសិ​ពា​ណិជ្ជ​កម្ម​កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​ពី​មុន​ខ្ញុំ​មើល​ឃើញ​ក្រុម​វិ​និ​យោ​គិន​កូ​រ៉េ ​វិ​និ​យោគ​ច្រើន​លើ​អច​លន​ទ្រព្យ​ ប៉ុន្តែ​បន្ទាប់​ពី​វា​​ធ្លាក់​ចុះ​ ពួក​គេ​​ងាក​ទៅ​រក​កសិ​ពា​ណិជ្ជ​កម្ម​វិញ​»។ លោក​បន្ថែម​ថា ​ខណៈ​ឧស្សា​ហ​កម្ម​ស្រូវ​អង្ករ​កម្ពុជា​បាន​ពេញ​អស់​ទៅ​ហើយ វា​ល្អ​សម្រាប់​ឧស្សាហ​កម្ម​កែ​ច្នៃ​អា​ហារ​។​ ​

លោក​បញ្ជាក់​ថា​៖ «​យើង​មិន​អាច​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ប្រ​ទេស​ ថៃ ​និង​វៀត​ណាម​ នោះ​ទេ ​ទាក់​ទង​នឹង​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​ យើង​នៅ​តែ​ជា​ប្រ​ទេស​តូច​មួយ​នៅ​ឡើយ»​។​

លោក ​លឹម​ ហេង ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ក៏​កំ​ពុង​សម្លឹង​ទាក់​ទាញ​វិនិ​យោ​គិន​​កូ​រ៉េ​ ដើ​ម្បី​វិ​និ​យោគ​លើ​ឧស្សា​ហ​កម្ម​គ្រឿង​យន្ត​ផង​ដែរ​។ ​

កម្ពុជា​ឈរ​នៅ​លំ​ដាប់​ទី​ ៧ ជា​ទិស​ដៅ​​វិ​និ​យោគ​របស់​​​ប្រ​ទេស​ កូរ៉េ ​មាន​តម្លៃ​ ១៣៧ ​លាន​ដុ​ល្លារ​កាល​ពី​ឆ្នាំ​មុន​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ស្ថា​ប័ន​គយ​ប្រ​ទេស​ កូរ៉េ​។​

តួ​លេខ​បង្ហាញ​ថា ​ទំ​ហំ​ពា​ណិជ្ជ​កម្ម​ រវាង​​កម្ពុជា ​និង​កូរ៉េ បាន​កើន​ឡើង​ដល់​​ជាង ​៨៦០​ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​​មុន​។ ​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ មាន​តម្លៃ​ ២៦១ ​លាន​ដុល្លារ​ ខណៈ​ការ​នាំ​ចូល​ពី​កូ​រ៉េ​មាន ​៦០​៣ ​លាន​ដុ​ល្លារ​។​

លោក ​Kim Hyun-Chul ប្រធាន​ នៃ​គណៈ​កម្ម​ការ​ធិ​ការ​ប្រ​ធា​នា​ធិប​តី​ស្ដី​ពី​​គោល​នយោ​បាយ​ភាគ​ខាង​ត្បូង​ថ្មី ​បាន​ឲ្យ​ដឹង​ថា ​បើ​និ​យាយ​ពី​​ឱ​កាស​ កម្ពុជា​គឺ​​ប្រ​ទេស​មួយ​តាម​បណ្ដោ​យ​ទន្លេ​​មេ​គង្គ​ ដែល​កូរ៉េ​ នឹងពិ​ភាក្សា​​ជា​មួយ​ពី​របៀប​​ក្នុង​ការ​ពង្រីក​​ការ​ផ្លាស់​ប្តូរ​​របស់​ប្រ​ជា​ជន​។​ ​

លោក​ថ្លែង​ថា​៖ «​រដ្ឋា​ភិ​បាល​ប្រ​ទេស​ កូ​រ៉េ​ខាង​ត្បូង ​មាន​ជំ​នួយ​អភិ​វឌ្ឍន៍​ក្រៅ​ប្រ​ទេស ​ហើយ​កម្ពុជា​ គឺ​ជា​ប្រ​ទេស​​មួយ​ ដែល​យើង​នឹង​ពិ​ភា​ក្សា​ពីរ​បៀប​​ប្រើ​ប្រាស់​ មូល​និ​ធិ​នេះ​ ដើ​ម្បី​បង្កើន​​ការ​ទាក់​ទាញ​ រវាង​​កម្ពុជា និង​កូ​រ៉េ​»​។​

ប៉ុន្តែ ​ដោយ​សំ​ដៅ​ដល់​​វត្ត​មាន​បច្ចុ​ប្បន្ន​របស់​ក្រុម​ហ៊ុន​ចិន​ដ៏​ច្រើន ​នៅ​កម្ពុជា ​លោក​​បញ្ជាក់​ថា ​ប្រ​ទេស​នេះ​មិន​គួរ​​ពឹង​ផ្អែក​​លើ​ប្រ​ភព​តែ​មួយ​នោះ​ទេ​។​

លោក​ថ្លែង​ថា​៖ «​ប្រ​សិន​បើ​យើង​ពឹង​​ផ្អែក​លើ​ប្រ​ទេស​មួយ​ ការ​ធ្វើ​ពិ​ពិធ​កម្ម​ អាច​រង​ការ​​គំ​រាម​​កំ​ហែង​ ហើយ​កូរ៉េ​ អាច​​លើក​កម្ពស់​ការ​ធ្វើ​ពិ​ពិធ​កម្ម​បាន​»​​។

លោក​បន្ថែម​ថា ​នៅ​ឆ្នាំ​ក្រោយ​ នឹង​​មាន​កិច្ច​ប្រ​ជុំ​កំ​ពូល​ពិ​សេស​​កូ​រ៉េ​ មេ​គង្គ ហើយ​នា​យក​រដ្ឋ​មន្ដ្រី​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​ពិ​ភាក្សា​​ការ​ធ្វើ​ពិ​ពិធ​កម្ម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​​កំ​ពូល​នោះ៕LA