ក្រុង​សេ​អ៊ូលៈ ​ប្រ​ទេស​ កូ​រ៉េ​ខាង​ត្បូង កំ​ពុង​ដើរ​​​ឆ្ពោះ​ទៅ​រក​កា​រ​បង្កើន​ទំ​នាក់​ទំ​នង​របស់​ខ្លួន​ជា​មួយ​បណ្ដា​ប្រ​ទេស​ អា​ស៊ាន​ ដោយ​ប្តេ​ជ្ញា​ថា​នឹង​បង្កើន​ការ​​វិ​និ​យោគ​កាន់​តែ​ច្រើន​​​លើ​​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​​ក្នុង​តំ​បន់ ដើ​ម្បី​​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ប្រ​ទេស ចិន និង​ប្រ​ទេស​ ជប៉ុន។ នេះ​បើ​យោង​​តាម​មជ្ឈ​មណ្ឌល​ អា​ស៊ាន-កូ​រ៉េ។​

ការ​ប្តេ​ជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​អំ​ឡុង​វេ​ទិ​កា​ការ​ត​ភ្ជាប់​ទំ​នាក់​ទំ​នង​អា​ស៊ាន​ (ASEAN Connectivity Forum) លើ​កទី​ ៦ ដែល​បាន​​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល​ ៣ ​ថ្ងៃ​នៅ​ទី​ក្រុង​សេ​អ៊ូល​​ក្នុង​​សប្ដាហ៍​នេះ​។​

លោក Lee Hyuk អគ្គ​លេ​ខា​ធិ​ការ​​​មជ្ឈ​មណ្ឌល​អា​ស៊ាន​-កូរ៉េ ដែល​បាន​រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​នេះ​ឡើង​បាន​ឲ្យ​ដឹង​ថា​ រដ្ឋា​ភិ​បាល​កូរ៉េ​​​នឹង​ប្រ​មូល​​មូល​និ​ធិ ១​០០ លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ ២០២២ ដើ​ម្បី​បង្កើត​ «មូល​និ​ធិ​ហេ​ដ្ឋា​រច​នា សម្ព័ន្ធ​អា​ស៊ាន-កូ​រ៉េ​» ក្នុង​គោល​បំ​ណង​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទៅ​វិញ​ទៅ​មក​​​ក្នុង​វិ​ស័យ​សំ​ខាន់​ៗ​ ៤ ដែល​រួម​ទាំង​ការ​ដឹក​ជញ្ជូន ថាម​ពល ធន​ធា​ន​ទឹក និង​ទី​ក្រុង​វៃ​ឆ្លាត​។​

លោក Lee Hyuk បាន​ថ្លែង​ថា​៖ «​ការ​ត​ភ្ជាប់​ទំ​នាក់​ទំ​នង​អា​ស៊ាន​ គាំទ្រ​ដល់​​​​ដំ​ណើរ​ការ​កសាង​​​​សហ​គមន៍​ ហើយ​​នឹង​ជួយ​ដល់​​ប្រ​ទេស​ជា​ស​មាជិ​ក​​អាស៊ាន​​​ឲ្យ​​ធ្វើ​ស​មា​ហរ​ណ​កម្ម​​​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​ តាម​រយៈ​ការ​​បង្កើត​​តំ​បន់​ប្រ​កប​ដោយ​​ការ​​ប្រ​កួត​ប្រ​ជែង​ បង្កើន​នវានុ​វត្តន៍ និង​​ភាព​រស់​រវើក​មួយ​ និង​ផ្ដល់​​មូល​ដ្ឋាន​រយៈ​ពេល​វែង​​សម្រាប់​កំ​ណើន​ប្រ​កប​ដោយ​បរិយា​ប័ន្ន និង​សម​ធម៌​​ក្នុង​តំ​បន់​នេះ​»​។​​

ទោះ​យ៉ាង​ណា ខណៈ​ដែល​កត់​សម្គាល់​ថា បណ្ដា​ប្រ​ទេស អា​ស៊ាន ​​បាន​បង្កើន​កិច្ច​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​ ដើ​ម្បី​លើក​កម្ពស់​ការ​ត​ភ្ជាប់​រូប​វន្ត​​​នោះ ​លោក Lee Hyuk បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​កូ​រ៉េ​ដែល​មាន​សមត្ថ​ភាព​​ប្រ​កួត​ប្រ​ជែង​ជា​ច្រើន​​កំ​ពុង​ជម្នះ​ជា​មួយ​​ក្រុម​ហ៊ុន​​ចិន និង​ជប៉ុន​ ដើ​ម្បី​ទទួល​បាន​គម្រោង​ជា​ច្រើន​។​

លោក​ថ្លែង​ថា​៖ «​ជា​មួយ​នឹង​និន្នា​ការ​​​​​ភាព​ជា​ដៃ​គូ​ឯក​ជន​សា​ធារ​ណៈ (PP​P) ​បច្ចុ​ប្បន្ន​ វា​មាន​​សារៈ​សំ​ខាន់​សម្រាប់​​ក្រុម​ហ៊ុន​ឯក​ជន [របស់​កូរ៉េ​] ក្នុង​ការ​​បំ​ពាក់​​សមត្ថ​​ភាព​សម្រាប់​​ការ​ផ្ដល់​ហិរ​ញ្ញប្ប​ទាន​​គម្រោង​»។

លោក​បន្ត​ថា​៖ «​ស្រប​ពេល​​នេះ​ដែរ​ វេ​ទិ​កា​ឆ្នាំ​នេះ​ធ្វើ​ឡើង​​​ទាន់​ពេល​វេ​លា​ និង​​ប្រ​កប​ដោយ​អត្ថ​ន័យ​ ដែល​នឹង​ផ្ដល់​ជូន​ស​ហ​គមន៍​ពា​ណិជ្ជ​កម្ម​កូរ៉េ​​នូវ​​ព័ត៌​មាន​​សំ​ខាន់​ៗ​ស្ដី​ពី​​ការ​ផ្ដល់​ហិរ​ញ្ញប្ប​ទាន​គម្រោង​​ប្រកប​ដោយ​ជោគ​ជ័យ បើក​ចំ​ហ​ឱ​កាស​​កាន់​តែ​ទូ​លំ​ទូ​លាយ​សម្រាប់​ពួក​គេ ក្នុង​ការ​ចូល​រួម​​ក្នុង​គម្រោង​​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ទាក់​ទង​នឹង​​ការ​ត​ភ្ជាប់​​នៅ​ក្នុង​តំ​បន់​នេះ​»​។​

មាន​ប្រ​ជា​ជន​ ៦៤០​ លាន​នាក់ អា​ស៊ាន​​ជា​តំ​បន់​មួយ​មាន​​ផលិត​ផល​ក្នុង​ស្រុក​សរុប (ផ.​ស.​ស)​ ចំ​នួន ២,៨ ​ពាន់​ពាន់​លាន​ដុល្លារ​ ដោយ​មាន​​ទំ​ហំ​ពា​ណិជ្ជ​កម្ម​ ២,៦​ ពាន់​ពាន់​លាន​ដុល្លារ និង​កំ​ណើន​សេដ្ឋ​កិច្ច​ជា​មធ្យម​ប្រ​ចាំ​ឆ្នាំ​ ៥ ​ភាគ​រយ ហើយ​រដ្ឋា​ភិ​បាល​កូរ៉េ នឹង​​បង្កើន​ពា​ណិជ្ជ​កម្ម​ទ្វេ​ភាគី​​រវាង​​ភា​គី​ទាំង​ ២ ​ដល់ ២០០​ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០​២០​។​

បច្ចុ​ប្បន្ន អាស៊ាន​ដែល​ជា​មហា​អំ​ណាច​សេដ្ឋ​កិច្ច​ឈា​ន​មុខ​គេ​ទី​ ៥ ​ក្នុង​​ពិ​ភព​លោក​ ដើរ​តួ​នាទី​ដ៏​សំខាន់​​ក្នុង​សេដ្ឋ​កិច្ច​ពិ​ភព​លោក​។ តំ​បន់​នេះ​គឺ​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​ឈា​ន​មុខ​គេ​ទី ២ របស់​ប្រ​ទេស​កូរ៉េ​ ដោយ​​​ទំហំ​ពា​ណិជ្ជ​កម្ម​ទ្វេ​ភាគី​​បាន​កើន​ឡើង​ដល់​​ជិត ១៥០ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ តំ​បន់​នេះ​ជា​ទិស​ដៅ​វិ​និ​យោគ​ឈាន​មុខ​គេ​ទី ៣ របស់​​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ដោយ​មាន​ទំហំ​វិ​និ​យោគ​ ៥​ ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​​តាម​របាយ​ការណ៍​របស់​អង្គ​ភាព​សេ​វា​​ពន្ធ​គយ​​​​​កូរ៉េ​។​

របាយ​ការណ៍​នេះ​បង្ហាញ​ថា ប្រ​ទេស​​ កម្ពុជា ​ឈរ​លំ​ដាប់​ថ្នាក់​ជា​ទិស​ដៅ​វិ​និ​យោគ​ទី​ ៧ ​របស់​​​កូ​រ៉េ​ខាង​​ត្បូង​ មាន​តម្លៃ​ ១៣៧ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ខណៈដែល​វៀត​ណាម និង​សិង្ហ​បុរី ​ឈរ​លំ​ដាប់​ឈា​ន​មុខ​គេ​ ដែល​បាន​ទាក់​ទាញ​ជាង ១​ ពាន់​លាន​ដុល្លារ​​ក្នុង​ប្រ​ទេស​​នី​មួ​យ​ៗ​​។​

តួ​លេខ​បង្ហាញ​ថា ទំ​ហំ​ពា​ណិជ្ជ​កម្ម​រវាង​ កម្ពុជា និង​កូរ៉េ បាន​កើន​ឡើង​ដល់​ជាង ៨៦០ ​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​មុន ក្នុង​នោះ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​​កូរ៉េ​​ មានតម្លៃ​ ២៦១ លាន​ដុល្លារ​ ខណៈ​ដែល​ការ​នាំ​ចូល​​មាន​តម្លៃ​ ៦០៣​ លាន​ដុល្លារ​។

ក្នុង​អំ​ឡុង​វេ​ទិ​កា​នេះ ​ប្រ​ទេស​អា​ស៊ាន​នី​មួយ​ៗ​ កំ​ពុង​ព្យា​យាម​​បង្ហាញ​​​ការ​វិ​និ​យោគ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ប្រ​កប​ដោយ​សក្ដានុ​ពល​របស់​ខ្លួន​ ដើ​ម្បី​ទាក់​ទាញ​​​​វិ​និ​យោគ​បន្ថែម​​ទៀត​​​ពី​​​កូរ៉េ​។​

កម្ពុជា​បាន​ចាត់​ទុក​​​ខ្លួន​ឯង​ថា​ជា​មជ្ឈ​មណ្ឌល​នៅ​អា​ស៊ាន​​សម្រាប់​​ការ​ដឹក​ជញ្ជូន​ ដោយ​គ្រោង​បង្កើត​​​ទី​តាំង​ឡូ​ជី​ស្ទីក ៦ និង​អនុ​ទី​តាំង​ចំ​នួន ២៥ នៅ​ទូ​ទាំង​ប្រ​ទេស​ស្ថិត​ក្រោម​គោល​នយោ​បាយ​​ភាព​ជា​ដៃ​គូ​ឯក​ជន​សា​ធារ​ណៈ។​

ក្នុង​​វគ្គ​ពិ​ភា​ក្សា​ក្នុង​អំ​ឡុង​វេ​ទិ​កា​នេះ លោក ពេជ្រ ឈៀង អគ្គ​នា​យក​នៅ​ក្រ​សួ​ង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន បាន​អំ​ពាវ​នាវ​ឲ្យ​​ក្រុម​វិ​និ​យោ​គិន​វិ​និ​យោគ​លើ​ហេដ្ឋា​រច​នា​ស​ម្ព័​ន្ធ​​ក្នុង​ប្រ​ទេស​ កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​អ្នក​មក​វិ​និ​យោគ​នៅ​កម្ពុជា​ ​អ្នក​មិន​គ្រាន់​តែ​​មាន​ប្រ​ជា​ជន ​១៥​ លាន​នាក់​ប៉ុ​ណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​នឹង​បម្រើ​​ប្រ​ជា​ជន​ជាង ៦​០០ លាន​នាក់​»​។​

បច្ចុ​ប្បន្ន​ គម្រោង​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​​សំ​ខាន់​ៗ​របស់​កម្ពុជា ​ត្រូវ​បាន​ផ្ដល់​​ឲ្យ​ទៅ​​​ក្រុម​ហ៊ុន​ចិន​ ដូច​ជា​​គម្រោង​​ផ្លូវ​ជាតិ​តម្លៃ​ ១,៩​ ពាន់​លាន​ដុល្លារ​ពី​ភ្នំ​ពេញ​​ទៅ​ក្រុង​ព្រះ​សី​ហ​នុ​ជា​ដើម។​

លោក Lee Hyuk បាន​ឲ្យ​ដឹ​ង​ថា ​ខណៈ​​ដែល​កម្ពុជា​ជា​ទិស​ដៅ​មួយ​ក្នុង​ចំ​ណោម​ទិស​ដៅ​ដ៏​មាន​សក្ដានុ​ពល​សម្រាប់​​ក្រុម​ហ៊ុន​របស់​​កូរ៉េ​នោះ​ ប្រទេស​នេះ​គួរ​តែ​មាន​តុ​ល្យ​ភាព​​ខ្លះ។​

លោក​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​គិត​ថា ​មាន​​​ឥទ្ធិ​ពល​ចិន​ខ្លាំង​ពេក​​​នៅ​កម្ពុជា ហើយ​ខ្ញុំ​គិត​ថា ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ប្រ​ទេស​មួយ​គឺ​ជា​ហា​និ​ភ័យ​​មួយ»។​

ប៉ុន្តែ​លោក ពេជ្រ ឈៀង បាន​ឲ្យ​ដឹង​ថា ផែន​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​របស់​កម្ពុជា ទៅ​វៀត​ណាម នឹង​បើក​ចំហ​យ៉ាង​ទូ​លំ​ទូ​លាយ​ស្ថិត​ក្រោម​គោល​នយោ​បាយ​ PPP។​

លោក​បញ្ជាក់​ថា​ គម្រោង​មួយ​ផ្សេង​ទៀត គឺ​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ព្រំ​ដែន​វៀត​ណាម​ ​ជា​ផ្លូវ​ដែក​ដែល​ខ្វះ​ការ​ត​ភ្ជាប់​រវាង​អា​ស៊ាន និង​ទី​ក្រុង​​គុន​មីង​របស់​ប្រ​ទេស ចិន​ ដូ​ច្នេះ​វា​ជា​អាទិ​ភាព​ចម្បង​មួយ ហើយ​យើង​កំ​ពុង​ធ្វើ​ការ​ងារ​ជា​មួយ​​ការ​​វិ​និ​យោគ​ឯក​ជន​ ជា​ពិ​សេស​ជា​មួយ​ PPP»​។​

យោង​តាម​មជ្ឈ​មណ្ឌល​ អាស៊ាន-​កូរ៉េ តម្រូវ​ការ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​នៅ​បណ្ដា​ប្រ​ទេស​អា​ស៊ាន​ ត្រូវ​បាន​ព្យាករ​ថា បើ​គិត​ជា​ទឹក​ប្រាក់​​នឹង​មាន​ចំនួ​ន​ប្រ​ហែល ៣,៣ ​​ពាន់​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០៣០៕ ​LA