ក្រុងសេអ៊ូលៈ ប្រតិបត្តិករ​ទេសចរណ៍​ធំ​មួយ​បាន​ឲ្យ​ដឹងថា ប្រទេស​ កូរ៉េខាងជើង ​នឹង​ហាមឃាត់​ភ្ញៀវទេសចរ​បរទេស​មិន​ឲ្យ​ចូល​ប្រទេស​របស់ខ្លួន ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​ប្រភេទ​ថ្មី​ដែល​មាន​លក្ខណៈ​ដូចជា​វីរុស​បង្ក​ជំងឺ​សារស៍ (SARS) ដែល​បាន​ឆក់​យក​ជីវិត​យ៉ាង​ហោច​ណាស់​មនុស្ស​ ៩ ​នាក់ ​នៅក្នុង​ប្រទេស ​ចិន និង​បង្ក​ឲ្យ​មនុស្ស​ឈឺ​រាប់រយ​នាក់​។

ប្រទេស​មួយចំនួន​ដែល​រួមទាំង​អាមេរិក​ផងដែរ​បាន​បង្កើនល្បឿន​ត្រួតពិនិត្យ​លើ​អ្នកដំណើរ​តាម​ព្រលាន​យន្តហោះ ដើម្បី​ស្វែងរក​មេរោគ​នេះ​ដែល​បាន​លេច​ឡើង​លើកដំបូង​នៅ​ទីក្រុង វូសាន ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​ ចិន ប៉ុន្តែ​ការហាមឃាត់​លើ​ភ្ញៀវទេសចរ​នឹង​ជា​ករណី​ដំបូង​។

វីរុស​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការប្រកាសអាសន្ន​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ផ្សេងទៀត ដោយសារ​តែ​ហ្ស៊ែន​របស់​វា​ស្រដៀង​គ្នា​នឹង​ជំងឺ SARS ដែល​បាន​សម្លាប់​មនុស្ស​ជិត ៦៥០ ​នាក់​ នៅ​ទូទាំង​ចិនដីគោក​ និង​ទីក្រុង​ហុងកុង​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ​ ២០០៣​។

ភាគច្រើន​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កូរ៉េ​ខាងជើង​ជា​ជនជាតិ​ចិន ហើយ​ចំនួន​ភ្ញៀវទេសចរ​ទាំងនេះ​បាន​កើនឡើង​ខ្លាំង​នៅ​ឆ្នាំមុន ដោយសារ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ព្យុងយ៉ាង​មាន​ភាពកក់ក្ដៅ​ដែល​បង្កើត​ចំណូល​ជា​រូបិយប័ណ្ណ​បរទេស​ដ៏សំខាន់​សម្រាប់​កូរ៉េខាងជើង​។

ប៉ុន្តែ​ក្រុមហ៊ុន​ទេសចរណ៍ Young Pioneer Tours ដែល​ជា​ប្រតិបត្តិករ​ឯកទេស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា គិត​ត្រឹម​ថ្ងៃ​ពុធ ប្រទេស​កូរ៉េ​ខាង​ជើង​នឹង «​បិទ​ជា​បណ្ដោះអាសន្ន​ព្រំដែន​របស់​ខ្លួន​មិន​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ចូល ដោយសារ​តែ​ការបង្ការ​ការឆ្លង​វីរុស​នេះ​»​។

ប្រតិបត្តិករ​នេះ​បាន​ឲ្យ​ដឹងថា ព័ត៌មាន​លម្អិត​ពិតប្រាកដ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​៕ LA