ក្រុង​បាង​កកៈ កសិករ​ថៃ​ក្រោក​ធ្វើ​ការ​តាំង​ពី​ព្រឹក​ព្រ​លឹម​ស្រាង​ៗ​ ដើ​ម្បី​ចៀរ​ដើម​ឈើ​​យក​ «មាស​ស​» ដែល​​បាន​ធ្វើ​ឲ្យ​ប្រ​ទេស​របស់​ពួក​គេ​ក្លាយ​ជា​​ប្រ​ទេស​ផលិត​កៅ​ស៊ូ​ឈាន​មុខ​គេ​មួយ​​​របស់​ពិ​ភព​​លោក​ ប៉ុន្តែ​ ខណៈ​តម្លៃ​​ធ្លាក់​ចុះ​ដោយ​សារ​​សង្គ្រាម​ពា​ណិជ្ជ​​កម្ម​​ អា​មេ​រិក និង​ ចិន ​កសិករ​​កំ​ពុង​បោះ​បង់​ចោល​របរ​ចៀរ​​ជ័រ​កៅ​ស៊ូ​នេះ​។​

ជ័រ​កៅ​ស៊ូ​របស់​ថៃ​យក​មក​ផលិត​សម្ភារ​គ្រប់​យ៉ាង​រាប់​​ចាប់​ពី​​កង់​រថយន្ត និង​ស្រោម​អនា​ម័យ​ រហូត​ដល់​ក្បាល​ដោះ​​ទា​រក​បៅ និង​ស្រោ​ម​ដៃ​​វះ​កាត់។ ​

ប៉ុន្តែ​ពា​ណិជ្ជ​កម្ម​កៅ​ស៊ូ​កំ​ពុង​ស្ថិត​ក្នុង​ផ្លូវ​បំ​បែក​ ខណៈ​ដែល​​ជម្លោះ​កាន់​តែ​ជូរ​ចត់​រវាង​​ប្រ​ទេស​​ដែល​​​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​ទាំង​ ២ របស់​ពិ​ភព​លោកបង្ក​ឲ្យ​មាន​ឥទ្ធិ​ពល​ដល់​ទូ​ទាំង​តំ​បន់​អាស៊ី​អា​គ្នេយ៍​។

ប្រ​ទេស​នា​នា​ដូច​ជា វៀត​ណាម ​កំ​ពុង​ទទួល​អត្ថ​ប្រ​យោជន៍​ ដោយ​សារ​តែ​​ក្រុម​ហ៊ុន​​ផលិត​ ជា​ច្រើន​​ផ្លាស់​ទី​ពី​ប្រ​ទេស​ ចិន មក​កាន់​ប្រ​ទេស​នេះ​ ដើ​ម្បី​គេច​​ពី​​ពន្ធ​នាំ​ចូល​ពិ​ន័យ​លើ​​ការ​នាំ​ចេញ​​របស់​ប្រ​ទេស​ ចិន ​ទៅ​កាន់​អា​មេ​រិក​។​

ប៉ុន្តែ​ក្នុង​ប្រ​ទេស ថៃ​ តម្លៃ​កៅ​ស៊ូ​​​បាន​ធ្លាក់​ចុះ​ ២០ ​ភាគ​រយ ចាប់​តាំង​ពី​ខែ​មិថុ​នា​ ដោយ​សារ​តែ​ពន្ធ​នាំ​ចូល​ក្នុង​អត្រា​​ដូច​គ្នា​ទាំង​នោះ​ កាត់​បន្ថយ​តម្រូវ​ការ​​យ៉ាង​ខ្លាំង​​ពី​រោង​ចក្រ​នៅ​ប្រ​ទេស​​ចិន ដែល​ជា​ទី​ផ្សារ​សម្រាប់​ការ​នាំ​ចេញ​ជ័រ​កៅ​ស៊ូ​​​ជាង​ពាក់​កណ្ដាល​​របស់​ថៃ។​

កម្ម​ករ​កៅ​ស៊ូ​របស់​ប្រ​ទេស​ ថៃ ​មួយ​ចំ​នួន​ កំ​ពុង​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះ​បង់​ចោល​ការ​ងារ​ចម្ការ​របស់​​​ពួក​គេ​ ហើយ​ងាក​មក​ធ្វើ​ការ​ងារ​រោង​ចក្រ​វិញ។​

អ្នក​ស្រី​ អា​នីត​តា ​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ ១០ ​ម៉ោង​​ ក្នុង​មួយ​ថ្ងៃ​​ក្នុង​ការ​ប្រ​មូល​ផល​ជ័រ​កៅ​ស៊ូ​​នៅ​​ខេត្ត​ឈៀង​រ៉ៃ នៅ​ភាគ​ខាង​ជើង​​​ប្រ​ទេស ថៃ​ និង​​រក​ប្រាក់​ចំ​ណូល​បាន​ត្រឹម​តែ ​៧ ដុល្លារ​​ប៉ុ​ណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដែល​​ជា​បរិ​មាណ​មួយ​តិច​ជាង​ប្រាក់​​ឈ្នួល​អប្ប​បរ​មា បាន​​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ចិញ្ចឹម​កូន​ៗ​របស់​ខ្ញុំ​បាន​ទៀត​ទេ​»​។​

ដូ​ច្នេះ​អ្នក​ស្រី​ បាន​ទទួល​ការ​ងារ​មួយ​នៅ​ក្នុង​រោង​ចក្រ​វេច​ខ្ចប់​ ដែល​រក​ប្រាក់​ចំ​ណូល​បាន​​ប្រ​ហែល ៩ ដុល្លារ​ប្រ​ចាំ​​ថ្ងៃ​។​

អ្នក​ស្រី​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន AFP ​ថា​៖ «​គ្មាន​នរ​ណា​ម្នាក់​​ចង់​បន្ត​ធ្វើ​ការ​នេះ​ទៀត​ទេ​។ ម្ចាស់​ចម្ការ​មិន​អាច​ស្វែង​រក​កម្ម​ករ​បាន​ទៀត​ឡើយ​ ការ​ងារ​នេះ​គឺ​ពិ​បាក​ខ្លាំង​ណាស់​ក្នុង​ការ​ទទួល​បាន​​ប្រាក់​ឈ្នួល​»។​

ខណៈ​ដែល​ការ​ពិ​បាក​របស់​កសិ​ករ​ដាំ​​សណ្ដែក​សៀង​របស់​អា​មេ​រិក ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​​ពន្ធ​នាំ​ចូល​ បាន​ទទួល​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​លើ​ទំ​ព័រ​កា​សែត​នា​នា​ពោលគឺ​ពួក​គេ​ប្រ​ឈម​​នឹង​ការ​ហូត​ពន្ធ​ ២៥ ​ភាគ​រយ​ដើ​ម្បី​នាំ​ចូល​ទៅ​កាន់​​​ប្រ​ទេស ចិន ​ដែល​ជា​ទី​ផ្សារ​សណ្ដែក​សៀង​ធំ​ជាង​គេ​របស់​ពិ​ភព​លោក​​​នោះ បញ្ហា​ជា​ច្រើន​​ទៀត​​​កំ​ពុង​​កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់​នៅ​ទូ​ទាំង​ពិ​ភព​លោក​។​

ឧស្សាហ​កម្ម​មួយ​ដែល​ធ្លាប់​រីក​ចម្រើន​ខ្លាំង​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ ដោយ​សារ​តែ​តម្លៃ​កៅ​ស៊ូ​ថៃ​ ធ្លាក់​ចុះ​​មក​នៅ​ត្រឹម​ប្រ​ហែល ១,២១ ដុល្លារ​​ក្នុង​ ១ ​​គីឡូ​ក្រាម ដែល​ទាប​ជាង ​៥ ដង​ធៀប​នឹង​តម្លៃ​កាល​ពី​ឆ្នាំ​ ២០១១​។​

កៅ​ស៊ូ​ច្រើន​ជ្រុល

ប្រ​ហែល​ជា​ ១ ភាគ ៣ នៃ​​កៅ​ស៊ូ​ទាំង​អស់​​លើ​ពិ​ភព​លោក មក​ពី​ចម្ការ​​កៅ​ស៊ូ​របស់​ប្រ​ទេស​ ថៃ ​ដែល​ជ័រ​កៅ​ស៊ូ​ ត្រូវ​បាន​ប្រ​មូល​​ផល​​នៅពេល​យប់​ ឬ​មុន​ពេល​ព្រឹក​ព្រ​ហាម​។​

បច្ចុ​ប្បន្ន​ ប្រ​ទេស​នេះ​​ផលិត​កៅ​ស៊ូ​​បាន​ប្រ​ហែល ៤,៦​ លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ការ​ធ្លាក់​ចុះ​​ភ្លាម​ៗ​ នូវ​តម្រូវ​ការ​​ក្នុង​​ប្រ​ទេស​ ចិន ​​បាន​ធ្វើ​ឲ្យ​វិបត្តិ​​នៃ​ការ​ផ្គង់​​ផ្គង់​​លើស​តម្រូវ​​ការ​​លើ​ពិ​ភព​លោក​មាន​​រយៈ​ពេល​កាន់​តែ​​យូរ​ ដែល​ជំ​រុញ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង។

លោក Karako Kittipol អ្នក​គ្រប់​គ្រង​ទី​ផ្សារ​​នៅ​​ក្រុម​ហ៊ុន Thai Hua Rubber​ បាន​ថ្លែង​ថា «បរិ​យា​កាស​​មិន​ច្បាស់​លាស់» រីក​រាល​ដាល​ក្នុង​ឧស្សា​ហ​កម្ម​នេះ បន្ទាប់​ពី​​ពន្ធ​នាំ​ចូល​របស់​អា​មេ​រិក​​បាន​ប៉ះ​ពាល់​ជិត​ពាក់​កណ្ដាល​នៃ​ទំ​និញ​នាំ​ចេញ​ទាំង​អស់​​របស់​ចិន​ទៅ​អា​មេ​រិក។

លោក​បាន​​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ AFP ថា​៖ «​​ក្រុម​ហ៊ុន​ជាច្រើន​របស់​ប្រ​ទេស​ ចិន​ មិន​ចង់​​មាន​កៅ​ស៊ូ​នៅ​ក្នុង​ស្ដុក​ច្រើន​ពេក​ទេ​»​។​

តម្លៃ​ប្រាក់​យន់​ធៀ​ប​នឹង​ប្រាក់​ដុល្លារ ​​​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​តម្លៃ​កៅ​ស៊ូ​​មាន​តម្លៃ​កាន់​តែ​ខ្ពស់​​សម្រាប់​​ក្រុម​ហ៊ុន​ផលិត​របស់​ប្រ​ទេស​ ចិន​​។​

ថៃ​ គឺ​ជា​​ប្រ​ទេស​ឈរ​នៅ​ក្បែរ​សង្គ្រាម​ពា​ណិជ្ជ​កម្ម​រវាង​​​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​ឈា​ន​មុខ​គេ​របស់​​ពិ​ភព​លោក​ទាំង​ ២ ​នេះ។​

ប៉ុន្តែ​របប​យោ​ធា​កំ​ពុង​កាន់​អំ​ណាច​​នៅ​ថៃ​ កំ​ពុង​ព្យា​យាម​ដោះ​ស្រាយ​បញ្ហា​ផ្នែក​ផ្គត់​ផ្គង់​ និង​​មាន​បំ​ណង​កាត់​បន្ថយ​ផ្ទៃ​ដី​ដាំ​ដុះ​​​កៅ​ស៊ូ​ជាង​ ៦០,០០០ ហិក​តា​​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ក្រោយ​។​

ដំ​ណោះ​ស្រាយ​មិន​ត្រឹម​ត្រូវ

ជា​មួយ​គ្នា​នេះ​ដែរ កៅ​ស៊ូ​នៅ​តែ​​​ជា​បញ្ហា​ផ្នែក​​​នយោ​បាយ​​​ខ្លាំង​មួយ​​​ក្នុង​ប្រ​ទេស​ ថៃ​។​

កសិ​ករ​ និង​កម្មក​រចៀរ​ជ័រ​កៅ​ស៊ូ ដែល​ភាគ​ច្រើន​ជា​អ្នក​ដែល​មក​ពី​ភាគ​ខាង​ត្បូង​ដែល​គាំ​ទ្រ​របប​​យោ​ធា​ ល្បី​ឈ្មោះ​​ខាង​រហ័ស​ក្នុង​ការ​ងើប​​ត​វ៉ា​នៅ​ពេល​​ជួប​ប្រ​ទះ​​​ការ​ពិ​បាក​។​

ដូ​ច្នេះ​​រដ្ឋា​ភិ​បាល កាល​ពី​សប្ដាហ៍​​មុន​បាន​​ចំ​ណាយ​ប្រាក់​ដំ​បូង​ ដែល​​មាន​ចំ​នួន​ប្រ​ហែល​ ៧០០ ដុ​ល្លារ​ ក្នុង​មួយ​ចម្ការ ដើ​ម្បី​បន្ធូរ​បន្ថយ​ដល់​ការ​រង​ផល​ប៉ះ​ពាល់​ចំ​ពោះ​មុខ។​

ប៉ុន្តែ​កសិ​ករ​​នៅ​តែ​​មិន​មាន​ភាព​ជឿ​ជាក់​។​

លោក​ Apichit Duangdee ដែល​​បាន​កាប់​រំ​លំ ១ ភាគ ៣ នៃ​ដើម​កៅ​ស៊ូ​​ក្នុង​ចម្ការ​តូច​មួយ​របស់​​គាត់​​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​​ថ្លែង​ថា​៖ «​​វា​មិន​មែនជា​ដំ​ណោះ​ស្រាយ​ត្រឹម​ត្រូវ​នោះ​ទេ»​។​

លោក​ថ្លែង​ថា​៖ «​ប្រ​ទេស​តិច​តួច​ណាស់​អាច​​ផលិត​កៅ​ស៊ូ​​ធម្ម​ជាតិ​បាន​។ វា​ជា​ផលិត​ផល​កម្រ​ ហើយ​រដ្ឋា​ភិ​បាល​ថៃ​គួរ​លើក​​​កម្ពស់​វា​ឲ្យ​កាន់​តែ​​ប្រ​សើរ»។​

បើ​រដ្ឋា​ភិ​បាល​បរា​ជ័យ ផល​ប៉ះ​ពាល់​បន្ត​បន្ទាប់​ទៀត​អាច​​មាន​​ទំ​ហំ​ធំ។​

ក្រុម​ហ៊ុន​ផលិត​កង់​រថយន្ត​ Michelin ទិញ​កៅ​ស៊ូ​ធម្ម​ជាតិ ​៤០ ​ភាគ​រយ​ពី​ប្រ​ទេស​ ថៃ​។​

លោក Lionel Dantiacq ប្រ​ធាន​ក្រុម​ហ៊ុន​ Michelin ទទួល​បន្ទុក​​តំ​បន់​អា​ស៊ី និង​​ប្រ​ជុំ​កោះ​នៅ​​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​​​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន AFP ​ថា​៖ «​ប្រ​សិន​បើ​តម្លៃ​បន្ត​​ធ្លាក់​ចុះ កសិករ​ និង​​ក្រុម​ហ៊ុន​កែ​ច្នៃ​ជា​ច្រើន​នឹង​បាត់​បង់​ចំ​ណាប់​អា​រម្មណ៍​លើ​ជ័រ​កៅ​ស៊ូ ​ហើយ​គុណ​ភាព​​អាច​ធ្លាក់​ចុះ​»​។​

លោក​ថ្លែង​ថា​៖ «បើ​តម្លៃ​ថ្លៃ​ខ្ពស់​ពេក ឧស្សាហ​កម្ម​​ផលិត​កង់​រថយន្ត នឹង​ទទួល​រង​​ផល​ប៉ះ​ពាល់ ហើយ​​​ប៉ះ​ពាល់​ទៅ​ដល់​អតិ​ថិ​ជន​ផង​ដែរ»៕ AFP/LA