ភ្នំពេញៈ ​ខណៈ​វិ​ស័យ​សាង​សង់​នៅ​កម្ពុជា​​ប​ន្ត​កើន​ឡើង ​វា​បាន​ជំ​រុញ​​ឲ្យ​​ការ​ផលិត​​ស៊ី​ម៉ងត៍​ក្នុង​ស្រុក​ក៏​កាន់​តែ​មាន​ទំ​ហំ​ច្រើន​ឡើង​ផង​ដែរ។

យោង​តាម​​តួ​លេខ​​ក្រសួ​ង​​ឧស្សាហ​កម្ម​ បាន​ឲ្យ​ដឹង​ថា​ឧស្សាហ​កម្ម​ផលិត​​ស៊ី​ម៉ង​ត៍​របស់​កម្ពុជា​សម្រេច​​បាន​​ ៣,៦ ​លាន​តោន​​​​រយៈ​ពេល​ ៩ ខែ​ដំ​បូង​​នៅ​ឆ្នាំ​នេះ​ពី​រោង​ចក្រ​ដែល​កំ​ពុង​ប្រតិ​បត្តិ​ការ​ចំនួន​ ៤​ ខណៈ​​រោង​ចក្រ​ស៊ីម៉ងត៍ ២ ​ផ្សេង​ កំ​ពុង​ដំ​ណើរ​ការ​​ចង្វាក់​ផលិត​កម្ម​របស់​ពួក​គេ​។

អ្នក​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​រំ​ពឹង​ថា ​កម្ពុជា​អាច​នឹង​ផ្គត់​ផ្គង់​ដោយ​ខ្លួន​ឯង​បាន​នៅ​ពេល​ប្រតិ​បត្តិ​ការ​ផលិត​កម្ម​ពេញ​លេញ​។

តួ​លេខ​បាន​ពី​ក្រ​សួង​ឧស្សាហ​កម្ម​បង្ហា​ញ​​ថា ការ​ផលិត​សរុប​នៃ​រោង​ចក្រ​ស៊ីម៉ង​ត៍​​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​មាន​ចំនួន​ ៣ ៦៧១ ៤១៦ ​តោន​ក្នុង​រយៈ​ពេល​ ៩ ​ខែ​នៃ​ឆ្នាំ​នេះ​ ដែល​រោង​ចក្រ​ស៊ី​ម៉ងត៍​កំ​ពត​ បាន​កើន​ឡើង​ដល់​ ២,២១ ​លាន​តោន ​រោង​ចក្រ​ផលិត​ស៊ី​ម៉ងត៍​ចក្រី​ទីង​​​ផលិត​បាន​ ១,២២ ​​លាន​តោន ​រោង​ចក្រ​ស៊ីម៉ងត៍​ក្រុម​ហ៊ុន Chip Mong Insee Cement Corporation ​​ផលិត​បាន​ ១១៩ ០០០ ​តោន និង​ក្រុម​ហ៊ុន​ Battambang Conch Cement Company Limited​ ផលិត​បាន​ ១១១ ០០០​ តោន​។​

លោក ​ហ៊ត​ ផេង ​ប្រ​ធាន​នា​យក​ដ្ឋាន​កិច្ច​ការ​ឧស្សាហ​កម្ម​នៃ​ក្រ​សួង​​ឧស្សាហ​កម្ម​​បាន​ឲ្យ​ដឹង​ថា​ រោង​ចក្រ​ស៊ីម៉ងត៍ ២ ​ទៀត​​ គឺ​​ក្រុម​ហ៊ុន ​Southern Cement (Cambodia) Co.,Ltd និង​ក្រុម​ហ៊ុន Thai Boon Rong (Cement) កំពុង​ដំ​ណើរ​ការ​សាង​សង់​ ដែល​​​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​។​

​លោ​កថ្លែង​ថា​៖ «​ការ​ផលិត​នៅ​ពេល​នេះ​មាន​ចំនួន​ ៣,៦​លាន​តោន​ ហើយ​រោង​ចក្រ​២​បន្ថែម​ទៀត​​កំពុង​ដំ​ណើរ​ការ​​សាង​សង់​ ហើយ​ផ្អែក​​លើ​ផែន​ការ​ និង​បញ្ចប់​​ត្រឹម​ឆ្នាំ​ ២០១៨ ​នេះ​»​។​

លោក ​វិញ​ ហួរ ​អគ្គ​នា​យក​ក្រុម​ហ៊ុន​ The Battambang Conch Cement Company Ltd បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ដែល​ឧស្សា​ហ​កម្ម​ទាំង​មូល​ដំ​ណើរ​ការ​ពេញ​លេញ​​ ការ​ផ្គត់​ផ្គង់​ក្នុ​ង​ស្រុក​នឹង​គ្រប់​គ្រាន់។

លោក​ថ្លែងថា​៖ «​បច្ចុប្ប​ន្ន​​ការ​ផលិត​សរុប​របស់​យើង​ អាច​ផ្គត់​ផ្គង់​ទី​ផ្សារ​ស៊ីម៉ងត៍​ ៧០ ​ភាគ​រយ​ ដែល​យើង​នៅ​តែ​ត្រូវ​​ការ​​ការ​នាំ​ចូល​ស៊ី​ម៉ងត៍​ ដើ​ម្បី​ឆ្លើយ​តប​​នឹង​តម្រូវ​ការ​របស់​ឧស្សាហ​កម្ម​នេះ​»​។

លោ​កបន្ត​ថា​៖ «​​យើង​នៅ​តែ​អាច​​ដោះ​ស្រាយ​​ទីផ្សារ​ស៊ីម៉ងត៍​របស់​យើង​បាន​ត្រឹម​ឆ្នាំ​ ២០២០​ ប្រ​សិន​បើ​រោង​ចក្រ​​ស៊ីម៉ងត៍​សរុប​ទាំង​អស់​​ប្រតិ​បត្តិ​​ការ​ពេញ​លេញ​»។ ​លោក​បន្ថែម​ថា ការ​ផលិត​ពេញ​លេញ​ត្រូវ​បាន​ប៉ាន់​ប្រ​មាណ​ថា ​នឹង​មាន​ចាប់​ពី ៦ ​លាន​តោន​ទៅ ៧​លាន​តោន​។​

រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ Battambang Conch Cement Company Ltd ​ដែល​ជា​ការ​វិនិ​យោគ​រួម​រវាង​ក្រុម​ហ៊ុន ​Conch​ International Holding (HK) Limited ​និង​ក្រុម​ហ៊ុន​ Battambang KT Cement Co Ltd បាន​​ដាក់​ឲ្យ​ដំ​ណើរ​ការ​​​រោង​ចក្រ​មាន​តម្លៃ​ ២៣០​ លាន​ដុល្លារ​របស់​ខ្លួន​ ​ក្នុង​ខេត្ត​បាត់​ដំបង​​កាល​ពីខែ​មិថុនា ​ដោយ​មាន​សមត្ថ​ភាព​​ផលិត​សរុប ​៥ ​០​០០​ តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក​ឲ្យ​ដឹង​ថា​ ទោះ​បី​បច្ចុប្បន្ន​កម្ពុជា​នៅតែ​នាំ​ចូល​ស៊ី​ម៉ងត៍​ ប៉ុន្តែ​តម្លៃ​បាន​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ ដោយ​សមត្ថ​​ភាព​ប្រ​កួត​​ប្រ​ជែង​តម្លៃ​កាន់​តែ​ប្រ​សើរ​ជាង​ពី​មុន​។ លោក​បន្ត​ថា​ ដោយ​សារ​តែ​កំណើន​​ការ​ផ្គត់​ផ្គង់​ស៊ីម៉ងត៍​ក្នុង​ស្រុក​ បាន​ធ្វើ​ឲ្យ​​តម្លៃ​បាន​ធ្លាក់​ចុះ​​ពី​​ ៩០ ​ដុល្លារ​ក្នុង​ ១ ​តោន ​មក​នៅ​ ៨០ ​ដុល្លារ​​ក្នុង​ ១ ​តោន​នា​ពេល​បច្ចុ​ប្បន្ន​។

លោក​ថ្លែង​ថា​៖ «​តម្លៃទី​ផ្សារ​ស៊ីម៉ងត៍ គឺ​ធ្លាក់​ចុះ​បន្តិច ​ដោយសារ​ការ​បង្កើន​ការ​​ផលិត​រប​ស់​​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ក្នុង​ស្រុក​»។ ​លោ​ក​បន្ថែម​ថា គុណ​​ភាព​​ការ​ផលិត​​ក្នុង​ស្រុក​ត្រូវ​បាន​ទទួល​យក​ដោយ​ការ​ប្រើ​ប្រាស់​​ក្នុង​ស្រុក​ ហើយ​​គុណ​ភាព​មាន​ទំ​នុក​ចិត្ត​​ខ្លាំង​ជាង​​ស៊ី​ម៉ងត៍​នាំ​ចូល​៕ ​LA