ភ្នំពេញៈ បន្ទាប់ពី​បាន​ធ្វើការ​ជា​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​កាសែត​បោះពុម្ព​ផ្សាយ​ជា​ភាសា​ចិន​នៅ​កម្ពុជា​រយៈពេល​ជាង ១ ទសវត្សរ៍​មក​លោក ផ្លុង វិចិត្រ បាន​យល់​ច្បាស់​ពី​​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា-ចិន ហើយ​រំពឹង​ថា​ទំនាក់ទំនង​នេះ​នឹង​កាន់តែ​រឹងមាំ​ដែល​លោក​ត្រូវ​ចាប់​យក​ឱកាស​ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​។

លោក វិចិត្រ នឹង​ត្រូវ​ប្រឈម​ហានិភ័យ​ជាង​មុន​ ដោយសារ​ការ​បាត់បង់​ប្រាក់​ខែ​ដែល​មាន​ចំនួន​ច្រើន​ល្មម បន្ទាប់ពី​បាន​លាឈប់​ពី​ស្ថាប័ន​នេះ តែ​លោក​មាន​ជំនឿ​ថា និន្នាការ​នៃ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា-ចិន គឺជា​សក្តានុពល​ដ៏ធំធេង​មួយ ដើម្បី​ឲ្យ​ក្តីស្រមៃ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ក្លាយជា​ការពិត​។

លោក​សង្កេត​ឃើញ​មាន​កំណើន​យ៉ាង​គំហុក​នៃ​វិនិយោគិន​ចិន​នៅ​កម្ពុជា ខណៈ​ភ្ញៀវទេសចរ​ចិន​កាន់តែ​ច្រើន​ចូល​មក​ទស្សនា​កម្ពុជា ហើយ​បាន​វ៉ា​ដាច់​ភ្ញៀវទេសចរ​វៀតណាម​ដើម្បី​ឈរ​លេខ​រៀង​ទី​ ១ ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ក្នុង​ប្រទេស​នេះ​។

ខណៈ​ដង​ស្ទូច​សម្រាប់​ការ​សាងសង់​អគារ​ខ្ពស់ៗ​កាន់តែ​ច្រើន​បាន​លេចឡើង​ព្រោងព្រាត​នៅ​ក្រុង​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​លោក វិចិត្រ យល់​ច្បាស់​ថា ភាគច្រើន​នៃ​គម្រោង​អគារ​ធំៗ​ទាំងនោះ​ត្រូវ​បាន​វិនិយោគ​ដោយ​ពាណិជ្ជករ​ចិន​។

កាលពី​ខែ​មុន​លោក វិចិត្រ បាន​សម្រេច​ចិត្ត​ថា​លោក​គួរ​តែ​ធ្វើអ្វី​ឲ្យ​លើស​ពី​ការ​ដែល​គ្រាន់តែ​សង្កេត​ឃើញ​នេះ​។

លោក​បាន​សម្រេច​ចាកចេញ​ពី​ការងារ​របស់​លោក​នៅ​កាសែត Commercial News ដែល​ជា​កាសែត​មួយ​ក្នុង​ចំណោម​កាសែត​ភាសា​ចិន​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ចាប់ផ្ដើម​ដំណើរការ​ការ​វិនិយោគ​រួម​មួយ​ដើម្បី​ដំណើរការ​គេហទំព័រ​ព័ត៌មាន​អនឡាញ​ថ្មី​មួយ​ឈ្មោះ Cambodia China Times (CC Times)​។

លោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទសម្ភាស​មួយ​នៅ​ដើម​សប្ដាហ៍​នេះ​ថា​៖ «​ចំនួន​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន​ដែល​ចូល​មក​កម្ពុជា​កំពុង​កើនឡើង​យ៉ាង​រហ័ស ដែល​បង្កើន​តម្រូវការ​ព័ត៌មាន​ភាសា​ចិន​ដែល​លឿន​ និង​ទុក​ចិត្ត​បាន​»​។ លោក​ថ្លែង​ថា​៖ «​យើង​សុបិន​ចង់​ធ្វើឲ្យ​គេហទំព័រ​របស់​យើង​ក្លាយ​ជា​គេហទំព័រ​ព័ត៌មាន​ឈាន​មុខ​គេ​សម្រាប់​អ្នកអាន​ជា​ជនជាតិ​ចិន​នៅ​កម្ពុជា​»​។

មិនមែន​មាន​លោក វិចិត្រ តែ​ម្នាក់ឯង​នោះ​ទេ​ដែល​បាន​មើលឃើញ​ពី​កំណើន​សក្ដានុពល​ដ៏លឿន​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​ជាទី​ដែល​សារព័ត៌មាន​បោះពុម្ព​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​សម័យកាល​ឌីជីថល​នោះ តែ​កាសែត​ជា​ភាសា​ចិន​ធំៗ​ចំនួន ៣ នៅ​កម្ពុជា​គឺ​កាសែត Sin Chew Daily កាសែត Jian Hua Daily និង​កាសែត Commercial News Cambodia ក៏​បាន​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​សម័យកាល​ព័ត៌មាន​អនឡាញ​នេះ​ផង​ដែរ​។

ទំព័រ​ហ្វេសប៊ុក ប្លុក និង WeChat ក្រៅ​ផ្លូវការ​ជាច្រើន​ក៏​បាន​រីកដុះដាល​ផង​ដែរ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ប្រជែង​នឹង​ភាព​ផ្ដាច់មុខ​របស់​កាសែត​បោះពុម្ព​ផ្សាយ​។ គេហទំព័រ​នានា​ក៏​បាន​ចូល​មក​ដល់​ផង​ដែរ​ដូចជា​គេហទំព័រ Fresh News ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​គេហទំព័រ​ជា​ភាសា​ចិន​របស់​ខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​។

លោក លឹម ជាវុត្ថា អគ្គនាយក​គេហទំព័រ Fresh News បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​មុន​ពេល​ចាប់ផ្ដើម​ដំណើរការ​នេះ​ថា​៖ «​យើង​នឹង​ចេញ​ផ្សាយ​ជា​ភាសា​ចិន ដោយសារ​យើង​បាន​មើលឃើញ​ថា ទីផ្សារ​នៅ​កម្ពុជា​មាន​ក្រុម​វិនិយោគិន​ចិន​ជាច្រើន​ដែល​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​របស់​យើង​»​។

ប៉ុន្តែ​បើទោះ​ជា​ព័ត៌មាន​ឌីជីថល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ព័ត៌មាន​បោះពុម្ព​ផ្សាយ​នៅ​ទូទាំង​ពិភពលោក​ក្តី ក៏​កាសែត​ជា​ភាសា​ចិន​នៅ​កម្ពុជា​នៅ​មាន​សំណាង ដោយសារ​ថា កំណើន​ការប្រកួត​ប្រជែង​កើតមាន​ឡើង​ស្រប​គ្នា​នឹង​កំណើន​អ្នកអាន​ខ្ពស់ ដោយសារ​ជនជាតិ​ចិន​ជាច្រើន​បាន​ហូរ​ចូល​យ៉ាង​គំហុក​មក​កម្ពុជា​។

លោក សុក ហ៊ុយ និពន្ធ​នាយក​កាសែត Jian Hua Daily បាន​ថ្លែង​ថា កម្រិត​កំណើន​ភ្ញៀវទេសចរ និង​អន្តោប្រវេសន៍​កំពុង​ផ្តល់​ប្រយោជន៍​។ លោក​បាន​ថ្លែង​ថា​ឆ្នាំ​ ២០១៧ ជា​ឆ្នាំ​ល្អ​បំផុត​សម្រាប់​កាសែត​របស់​លោក​។

ទោះ​ជា​លោក​បាន​បដិសេធ​ផ្ដល់​ចំនួន​ចែកចាយ​កាសែត ឬ​ចំនួន​អ្នកអាន​ជាក់លាក់​ក្តី​ក៏​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រតិបត្តិការ​របស់​យើង​នៅ​ឆ្នាំ​ ២០១៧ ប្រសើរ​ជាង​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​មុនៗ​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​ប្រាក់​ចំណូល​បាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រសើរ​ជាង​កាលពី​រយៈពេល​ ២-៣ ​ឆ្នាំ​មុន ទោះបី​ជា​យើង​នៅ​តែ​មិន​ទាន់​រកប្រាក់​ចំណេញ​បាន​ក៏ដោយ​»​។

កាសែត​ភាសា​ចិន​ដែល​ដូច​គ្នា​ទៅ​នឹង​កាសែត​ភាសា​ខ្មែរ​ភាគច្រើន​ទៀត​នៅ​កម្ពុជា​ផង​ដែរ​នោះ គឺ​ពឹង​ផ្អែក​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​មាន​ឥទ្ធិពល​។

កាសែត Jian Hua Daily និង​កាសែត Commercial News ទាំង​ ២ ​នេះ​មាន​ជាប់​ទាក់ទង​នឹង​លោក ពុង ឃាវសែ ដែល​ជា​ពាណិជ្ជករ​កូនចៅ​ចិន​ដ៏ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា​។

ពលរដ្ឋ​ម្នាក់​អាន​ព័ត៌មាន​ជា​ភាសា​ចិន​លើ​គេហទំព័រ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ។ រូបថត សហការី

កាសែត Commercial News គ្រប់គ្រង​ទាំង​ស្រុង​ដោយ​លោក ពុង ឃាវសែ ដែល​ជា​ស្ថាបនិក​ធនាគារ​កាណាឌីយ៉ា និង​ជា​អគ្គនាយក​ក្រុមហ៊ុន OCIC ខណៈ​ដែល​កាសែត Jian Hua Daily ទទួល​មូលនិធិ​ពី​សមាគម​ខ្មែរ-ចិន​ក្នុង​ប្រទេស​កម្ពុជា (AKCC) ដែល​ដឹកនាំ​ដោយ​លោក ពុង ឃាវសែ ដែល​តំណាង​ឲ្យ​ជនជាតិ​កម្ពុជា​ដើម​កំណើត​ចិន​ប្រហែល ៧ ​សែន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កាសែត Sin Chew Daily ជា​កាសែត​មួយ​ផ្សេង​ទៀត​គ្រប់គ្រង​ដោយ​វិនិយោគិន​ម៉ាឡេស៊ី​។

លោក ហ៊ុយ បាន​ថ្លែង​ថា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បុគ្គលិក​របស់​លោក​បាន​កត់សម្គាល់​ថា អ្នកអាន​របស់​លោក​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ដោយ​ងាក​ចេញ​ពី​ការ​អាន​កាសែត​បោះពុម្ព​ផ្សាយ​ទៅ​អាន​ព័ត៌មាន​លើ​គេហទំព័រ​របស់​កាសែត Jian Hua វិញ​។

បុគ្គលិក​មួយ​រូប​នៅ​កាសែត Sin Chew Daily ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ពី​ការ​ផ្លាស់ប្តូរ​ស្រដៀង​គ្នា​នេះ​ដែរ ហើយ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​បង្កើន​ប្រតិបត្តិការ​អនឡាញ​របស់​ខ្លួន​មក​លោក​បាន​ចាប់ផ្ដើម​កត់​សម្គាល់​ឃើញ​កំណើន​ចំណាប់អារម្មណ៍​ពី​អ្នកអាន​នៅក្រៅ​ប្រទេស​កម្ពុជា​។

បុគ្គលិក​រូប​នោះ​បាន​ថ្លែង​ថា​៖ «​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ចង់​ដឹង​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​។ គ្រប់​ពេល​មាន​ព័ត៌មាន​ជាប់​ទាក់ទង​នឹង​មន្ដ្រី​ជាន់ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា ឬ​ជាប់ទាក់ទង​ជាមួយ​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា គេហទំព័រ​ព័ត៌មាន​ភាសា​ចិន​ធំៗ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​តែងតែ​​ប្រើប្រាស់​ព័ត៌មាន​របស់​យើង ហើយ​ផ្សព្វផ្សាយ​បន្ត​»​។

លោក មឿន ឈានណារិទ្ធិ ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​បាន​មានប្រសាសន៍ ថា​ប្រសិន​បើ​ចំណាប់អារម្មណ៍ និង​ប្រាក់​បន្ថែម​ដែល​ហូរ​ចូល​ទៅ​ក្នុង​ព័ត៌មាន​ជា​ភាសា​ចិន​ជួយ​ធ្វើឲ្យ​វិស័យ​នេះ​មាន​វិជ្ជាជីវៈ​នោះ វា​អាច​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២​។

លោក ណារិទ្ធិ បាន​ចង្អុល​បង្ហាញ​នៅ​សន្និសីទ​ព័ត៌មាន​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សា្ថនទូត​ចិន​កាលពី​ដើម​ខែ​នេះ ដែល​នៅ​ពេល​នោះ​អគ្គរដ្ឋទូត​ចិន​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​ពលរដ្ឋ​ចិន​ដែល​កំពុង​ប្រព្រឹត្ត​ខុស​ច្បាប់​នៅ​កម្ពុជា​។

លោក​បន្ត​ថា ការ​ជំរុញ​នោះ​អាច​ដោយសារ​តែ​ព័ត៌មាន​ភាសា​ចិន​ដែល​រាយការណ៍​អំពី​ភាព​តានតឹង​ដែល​កើនឡើង​រវាង​អាជីវករ​ខ្មែរ និង​អាជីវករ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​ថ្លែង​ថា​៖ «​អ្នក​ការទូត​ចិន​អាច​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​នៅ​កម្ពុជា បញ្ហា​ប្រឈម​ជាមួយ​ប្រជាជន​មកពី​ប្រទេស​ទាំង​ ២ ដូច្នេះ​ពួកគេ​អាច​ជួយ​ស្វែងរក​ដំណោះស្រាយ​សមស្រប​បាន​ទាន់​ពេលវេលា​»​។

លោក ណារិទ្ធិ បាន​កត់សម្គាល់​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​កើនឡើង ហើយ​កំពុង​ក្លាយ​ជា​ប្រទេស​​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង ដូច្នេះ​សារព័ត៌មាន​ភាសា​ចិន​ដែល​ទុក​ចិត្ត និង​ជឿជាក់​បាន​នឹង​កាន់​តែ​មាន​សារៈសំខាន់​ខ្លាំង​ទៅ​ថ្ងៃ​ខាង​មុខ​។

សហគ្រិន​នានា​ដូចជា​លោក វិចិត្រ ប្រហែល​ជា​មិន​ចាំបាច់​រង់ចាំ​មើល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​កំណើន​ឥទ្ធិពល​របស់​ប្រទេស​ចិន​នោះ​ទេ ដោយ​សារ​អាជីវកម្ម​របស់​លោក​ហាក់​ដូចជា​កំពុង​ទទួល​បាន​ផល​រួច​ហើយ​នោះ​។ ចាប់​តាំងពី​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​របស់​ខ្លួន​កាលពី​ខែ​មករា ទំព័រ​ហេ្វសប៊ុក Cambodia China Times មាន​អ្នក​តាមដាន ២ ​ម៉ឺន​នាក់ ខណៈ​គេហទំព័រ​របស់​ខ្លួន​មាន​អ្នក​ចូល​មើល​ប្រហែល ៤ ​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ចំនួន​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​គេហទំព័រ​ព័ត៌មាន​មួយ​ក្នុង​ប្រទេស​ដ៏តូច​មួយ​នេះ​។

ខណៈ​ដែល​ប្រទេស​ចិន​បន្ត​បង្ហាញ​សាច់ដុំ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​តំបន់​នោះ លោក វិចិត្រ បាន​ព្យាករ​ថា ចំនួន​អ្នក​អាន​របស់​លោក​នឹង​កើនឡើង​នៅ​ថ្ងៃ​ខាង​មុខ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អនាគត​នៃ​ការ​វិនិយោគ និង​ទេសចរ​ចិន​នៅ​កម្ពុជា​បង្ហាញ​ពី​ក្តីសង្ឃឹម​»​។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ដំណើរការ​ព័ត៌មាន​អនឡាញ​ជា​ភាសា​ចិន​សម្រាប់​អ្នក​អាន​ដែល​កំពុង​កើនឡើង​»៕ LA