ក្រុង​វ៉ា​ស៊ីន​តោនៈ សហ​រដ្ឋ​អា​មេ​រិក​នឹង​ចាប់​ផ្តើម​ទទួល​រង​ឥទ្ធិ​ពល​​នៃ​ការ​ថម​ថយ​​កំ​ណើន​សេដ្ឋ​កិច្ច​​​​​ពិភព​លោក​នៅ​ឆ្នាំ​ក្រោយ ​​ប៉ុន្តែ​​គួរ​តែ​​​គេច​ផុត​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋ​កិ​ច្ច​​ថ្មី​មួយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រ​ធាន​សេដ្ឋ​វិទូ​នៃ​មូល​និ​ធិ​រូ​បិយ​វត្ថុ​អន្ដរ​ជាតិ (IMF) ​កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក Maurice Obstfeld ប្រ​ធាន​សេដ្ឋ​វិទូ​របស់​មូល​និធិ IMF បាន​ថ្លែង​ថា​ «យើង​បាន​ព្យា​ករ​ថា សេដ្ឋ​កិច្ច​អា​មេ​រិក​នៅ​ឆ្នាំ​ ២០១៩ ​មាន​កំ​ណើន​ទាប​ជាង​កំ​ណើន​ដែល​​យើង​កំ​ពុង​មើល​ឃើញ​​នៅ​​ឆ្នាំ​នេះ​​​បន្តិច​» ​ខណៈ​ដែល​វិ​ធាន​ការ​សារ​ពើ​ពន្ធ​និង​​ថវិកា​របស់​រដ្ឋ​បាល​លោក​ត្រាំ​ចាប់​ផ្តើម​​ថម​ថយ​។

លោក​ថ្លែង​បែប​នេះ​​​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​កា​សែត​ Wall Street Journal និង Financial Times តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​ចូល​និ​វត្តន៍​ពី​ស្ថា​ប័ន​​ផ្តល់​ប្រាក់​កម្ចី​លំ​ដាប់​ពិភព​លោក​មួយ​នេះ ​។

លោក​ Obstfeld បាន​ថ្លែង​ថា៖ «ការ​ថម​ថយ​កំ​ណើន​សេដ្ឋ​កិច្ច​​នៅ​ឆ្នាំ ២០២០​ នឹង​មាន​ខ្លាំង​ជាង​ឆ្នាំ​ ២០១៩ ​បើ​​តាម​​ទិន្ន​ន័យ​ដែល​យើង​កំ​ពុង​មើល​ឃើញ​»។

មូល​និធិ​ IMF បាន​វាយ​តម្លៃ​ឡើង​វិញ​ដោយ​ទម្លាក់​ការ​ព្យាករ​ពី​​កំ​ណើន​សេដ្ឋ​កិច្ច​​សម្រាប់​ឆ្នាំ ២០១៩ របស់​ស​ហ​រដ្ឋ​អា​មេ​រិក​​មក​នៅ​ត្រឹម​ ២,៥ ​ភាគ​រយ​ពី ២,៨ ​ភាគ​រយ​ដែល​ខ្លួន​បាន​រំ​ពឹង​ទុក​សម្រាប់​ឆ្នាំ​នេះ ​។

លោក​ថ្លែង​ថា​៖ «សម្រាប់​ប្រ​ទេស​ដទៃ​ទៀត​​នៅ​លើ​ពិភព​លោក​ គឺ​វា​ហាក់​ដូច​ជា​ខ្យល់​មួយ​ចំ​នួន​​កំ​ពុង​​ធ្លាយ​ចេញ​ពី​ប៉េង​ប៉ោង​ដូ​ច្នេះ​ដែរ» ដោយ​លោក​បាន​ចង្អុល​​បង្ហាញ​កំ​ណើន​សេដ្ឋ​កិច្ច​ទាប​ជាង​ការ​រំ​ពឹង​ទុក​ នៅ​តំ​បន់​អា​ស៊ី និង​អឺ​រ៉ុប។

លោក​បន្ថែម​ថា​៖ «ការណ៍​នោះ​ នឹង​ត្រ​ឡប់​​មក​វិញ​ ហើយ​ក៏​ប៉ះ​ពាល់​ដល់​សហ​រដ្ឋ​អា​មេ​រិក​ផង​ដែរ​»។

ដូច​ដែល​គាត់​បាន​ព្យាក​រ​​ជា​ច្រើន​ខែ​មក​ហើយ​ លោក​ Obstfeld ជា​ថ្មី​ម្តង​ទៀត​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំ​ពោះ​ជម្លោះ​ពា​ណិជ្ជ​កម្ម ​ជា​ពិ​សេស​រវាង​សហ​រដ្ឋ​អា​មេ​រិក​ និង​ប្រ​ទេស​ ចិន​ ប៉ុន្តែ​ក៏​មាន​ជម្លោះ​រវាង​​សហ​រដ្ឋ​អា​មេ​រិក​ និង​ដៃ​គូ​ពា​ណិជ្ជ​កម្ម​ផ្សេង​ទៀត​ផង​ដែរ​ រួម​ទាំង​តំ​បន់​អឺ​រ៉ុប​ដែល​​គំ​រាម​កំ​ហែង​ដល់​កំ​ណើន​សេដ្ឋ​កិច្ច​សកល។

ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​នូវ​លទ្ធ​ភាព​ដែល​​ថា​ ពិភព​លោក​អាច​នឹង​មើល​​ឃើញ​វិ​បត្តិ​សេដ្ឋ​កិច្ច​​ដ៏​ធំ​មួយ​ផ្សេង​ទៀត​​ ដូច​នៅ​ក្នុង​ទសវ​ត្ស​រ៍​ឆ្នាំ ១៩៣០ ជា​​ពេល​ដែល ​«ពា​ណិជ្ជ​កម្ម​បាន​ដួល​រលំ​ទាំង​ស្រុង​​​ក្រោម​សម្ពាធ​នៃ​ការ​រឹត​បន្តឹង​ពា​ណិជ្ជ​កម្ម»។

លោក​ថ្លែង​ថា​៖ «នៅ​ពេល​នេះ ខ្ញុំ​មើល​ឃើញ​ភាព​តាន​តឹង​ដែល​កំ​ពុង​បង្ក​ការ​ខូច​ខាត​ដោយ​សារ​​ការ​វិនិ​យោគ​ជាស​កល​និង​ផលិត​កម្ម​ជា​​ច្រើន​ ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ពា​ណិជ្ជ​កម្ម​ ​តែ​នឹង​មិន​អាច​ដួល​រលំ​ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ទស​វត្សរ៍​ឆ្នាំ​ ១៩៣០ ​​ទេ​»៕ AFP/NS