ហ្វីជីៈ ទោះ​បី​ជា​មាន​កំណើន​ហានិភ័យ​ពិភព​លោក និង​ឧបសគ្គ​ខាង​ក្រៅ​កាន់​តែ​ខ្លាំង​ក៏​ដោយ ក៏​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បូក ៣ (អាស៊ាន​បូក ៣) ត្រូវ​បាន​រំពឹង​ថា នឹង​រក្សា​បាន​ភាព​រឹងមាំ​ ដោយ​កំណើន​សេដ្ឋកិច្ច​នឹង​គ្រាន់​តែ​ថមថយ​តិចតួច​ប៉ុណ្ណោះ​​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ ​២០២០ បើ​​ធៀប​នឹង​ឆ្នាំ​មុន​។​

យោង​តាម​របាយការណ៍​ស្តីពី​​​ចក្ខុ​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក ៣ (AREO) ឆ្នាំ​ ២០១៩ ​ដែល​ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​បូក ៣ (AMRO)​ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ថមថយ​​​​បន្តិច​មក​​នៅ​ត្រឹម ៥,១ ​ភាគរយ​នៅ​ឆ្នាំ​នេះ និង​ ៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០។​

របាយការណ៍​នេះ​បាន​ចង្អុល​បង្ហាញ​ថា ក្នុង​រយៈពេល​ខ្លី ហានិភ័យ​ដែល​តំបន់​នេះ​ប្រឈម​ ​គឺ​ភាគ​ច្រើន​ជា​ហានិភ័យ​ខាង​ក្រៅ ហើយ​ហានិភ័យ​ធំ​ជាង​គេ គឺ​នៅ​តែ​ជា​ការ​កើន​ឡើង​​នៃ​ភាព​តានតឹង​​ផ្នែក​ពាណិជ្ជកម្ម​ពិភព​លោក​​ដោយសារ​​ការ​ហូត​ពន្ធ​នាំចូល​បន្ថែម​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​កំណត់​ថា​ជា​​​ផល​ប៉ះពាល់​​មធ្យម​ហើយ​​អាច​ឈាន​ទៅ​រក​ផល​ប៉ះពាល់​ខ្លាំង​​។

តំបន់​នេះ​ក៏​​អាច​ត្រូវ​រង​គ្រោះ​ផង​ដែរ​ដោយ​បញ្ហា​ភាព​​ងាយ​ប្រែប្រួល​នានាពី​ចលាចល​​ទីផ្សារ​​ហិរញ្ញវត្ថុ​​ ដោយសារ​ការ​រំពឹង​នានា​អាច​ផ្លាស់​ប្តូរ​ភ្លាមៗ​។​

យោង​តាម​របាយការណ៍​នេះ តំបន់​អាស៊ាន​បូក​ ៣ ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ ដើម្បី​ជម្នះ​នឹង​​​​ឧបសគ្គ​នានា​ដែល​កើត​ចេញ​ពី​​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​ខាង​ក្រៅ​។​

របាយ​ការណ៍​នេះ​បាន​បង្ហាញ​​ទៀត​ថា ដើម្បី​ដោះស្រាយ​​ហានិភ័យ​រយៈពេល​ខ្លី និង​រក្សា​និរន្តរភាព​កំណើន​ អ្នក​បង្កើត​​គោល​នយោបាយ​​ប្រចាំ​តំបន់​នេះ​ គួរ​តែ​កែ​តម្រូវ​ភាព​ចម្រុះ​នៃ​គោល​នយោបាយ​​មួយ ​ដែល​ឆ្លើយ​តប​ទៅ​នឹង​​ស្ថានភាព​វិល​ជុំ (វដ្ដ) ​នៃ​​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន​​ក្នុង​វដ្ដ​ពាណិជ្ជកម្ម និង​វដ្ដ​ឥណទាន ព្រម​ទាំង​តួនាទី​ខាង​ក្រៅ​​ និង​ភាព​ងាយ​ទទួល​រងគ្រោះ​ផ្នែក​​ហិរញ្ញវត្ថុ​របស់​ពួក​គេ។

លោក Hoe Ee Khor ប្រធាន​សេដ្ឋវិទូ​របស់​ការិយាល័យ AMRO ​បាន​ជំរុញ​​ឲ្យ​អ្នក​បង្កើត​គោល​នយោបាយ​ប្រចាំ​តំបន់​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​​​ក្នុង​ការ​ប្រើប្រាស់​​លំហ​គោល​នយោបាយ​ដែល​មាន ដើម្បី​បន្ធូរ​បន្ថយ​​គោល​នយោបាយ​រូបិយវត្ថុ និង​គោល​នយោបាយ​​សារពើពន្ធ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​បង្ក​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​របស់​តំបន់​នេះ ប្រសិន​​បើ​​លក្ខខណ្ឌ​ខាង​ក្រៅ​មាន​ភាព​អាក្រក់​កាន់​តែ​ខ្លាំង។​

ក្នុង​ការ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​នេះ របាយការណ៍​នេះ​ដាក់​បញ្ចូល​ការ​សិក្សា​ពី​ប្រធានបទ​ដែល​មាន​ចំណង​ជើង​ថា៖ «​ការ​បង្កើត​ការ​តភ្ជាប់​ និង​សមត្ថភាព​សម្រាប់​សេដ្ឋកិច្ច​ថ្មី» ដែល​អំពាវនាវ​​​ឲ្យ​តំបន់​នេះ​​ទាញ​យក​​ប្រយោជន៍​ពី​ស្ថានភាព​ដែល​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឱប​ក្រសោប​​​​​បច្ចេកវិទ្យា និង​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​ពហុ​ភាគី​និយម និង​​ក្នុង​តំបន់។​

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​​នៅ​ក្រៅ​ជំនួប​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៥២​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​មាន​រយៈពេល​ ៥ ថ្ងៃ ​នៅ​ទីក្រុង​ណាឌី ប្រទេស​ដីកោះ​ហ្វីជី ដែល​​បាន​ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃ​ពុធ ស្ថិត​ក្រោម​ប្រធាន​បទ​ «​វិបុលភាព​តាម​រយៈ​ការ​ឯកភាព»។​

កិច្ច​ប្រជុំ​នេះ​បាន​ពិភាក្សា​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព តួនាទី​របស់​វិស័យ​ឯកជន ដែល​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ និង​ភាព​ធន់​នឹង​​អាកាសធាតុ​ និង​សកម្មភាព​​ដើម្បី​កែ​លម្អ​សុខភាព​មហា​សមុទ្រ​ និង​ប្រធាន​​​បទ​ផ្សេង​ទៀត៕ People''s Daily/LA​