ក្រុង​បាងកកៈ ប្រាក់​បាត អាច​ប្រែ​ប្រួល​តម្លៃ​​នៅ​សប្តាហ៍​នេះ ខណៈ​ដែល​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភព​លោក​នៅ​តែ​​ងងឹត​ដោយ​សារ​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍កាល​ពីចុង​សប្តាហ៍​មុន។

ធនាគារ​កណ្តាល​ថៃ​បាន​រាយការណ៍​ដោយ​ដកស្រង់​អត្រា​​ប្តូរ​ប្រាក់ជា​មធ្យម​របស់​ធនាគារ​ពាណិជ្ជថា រូបិយប័ណ្ណ​នេះ​បាន​ឡើង​ថ្លៃ​បន្តិច​ដល់ ៣៣,១៨ បាត​ក្នុង​មួយ​ដុល្លារ​ធៀប​នឹង​ប្រាក់ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​មុន មុន​ពេល​ធ្លាក់​ចុះ​ ២៩ សាតាង​ (ឬ ០,២៩ បាត) មក​នៅត្រឹម ៣៣,៤៧ ដុល្លារ​កាល​ពីថ្ងៃ​សុក្រ។

កាសែត​បាងកក​ប៉ុស្តិ៍បាន​ឲ្យដឹង​ថា ធនាគារ CIMB Thai Bank បាន​​ព្យាករ​ថា ប្រាក់​បាត​នឹង​កើនឡើង​ដល់​​ចន្លោះ ៣៣,១ ដល់ ៣៣,៦ បាត​នៅ​សប្តាហ៍​នេះ ដោយ​បាន​ឲ្យ​ដឹង​ថា ការ​ប្រែ​ប្រួល​តម្លៃ​​របស់​ប្រាក់​បាត​អាច​ត្រូវបាន​កំណត់​​ដោយ​អារម្មណ៍​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​នេះ បាន​ជាប់​គាំង​ក្នុង​ជម្លោះ​ដក​ហូត​ពន្ធ​ទៅ​វិញ​ទៅម​ក​រវាង​គ្នា​នឹង​គ្នា ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​គំរាម​សង​សឹក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន តាមរយៈ​ការ​​ដក​ហូត​ពន្ធ​លើទំនិញ​របស់​សហរដ្ឋ​អាមេរិក។

ក្រុង​រដ្ឋមន្ត្រី​ដែល​បានចូលរួម​កិច្ច​ប្រជុំ​ប្រទេស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបុរី បាន​​សម្តែងក្តីបារម្ភ​អំពី​ផលប៉ះពាល់​របស់ជម្លោះ​នេះ​ទៅ​លើ​ពាណិជ្ជកម្មពិភពលោក។

គណៈកម្មការ​​គោល​នយោបាយ​រូបិយ​វត្ថុ​ថៃ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ហើយ​ទាំង​ធនាគារ​ CIMB Thai និង​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ Kasikorn រំពឹង​ថា​នឹង​មិនមានការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​គោល​នយោបាយនោះ​ទេ៕ KC