ក្រុង​ស៊ីដនីៈ ការ​​ស្រាវជ្រាវ​ថ្មី​មួយ​បាន​​បង្ហាញ​ថា ការ​វិនិយោគ​របស់​ប្រទេស ចិន ​​​ក្នុង​ប្រទេស ​អូស្ដ្រាលី បាន​​ធ្លាក់​​ចុះ​​​មក​នៅ​ត្រឹម​​កម្រិត​ទាប​បំផុត​របស់​ខ្លួន​​ក្នុង​រយៈពេល ​៥ ​ឆ្នាំ ដែល​បណ្ដាល​​ឲ្យ​មាន​ការ​អំពាវនាវ​​​ឲ្យ​រដ្ឋាភិបាល​អភិរក្ស​និយម​ដែល​ទើប​នឹង​ជាប់​ឆ្នោត​ជា​ថ្មី​ ត្រូវ​កែ​លម្អ​ទំនាក់ទំនង​ដែល​​មិន​ច្បាស់​លាស់​​​របស់​ខ្លួន​ជាមួយ​​ទីក្រុង​ប៉េកាំង​។​​

សាកល​វិទ្យាល័យ​ជាតិ​អូស្ដ្រាលី​​ (ANU) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា បន្ទាប់​ពី​ការ​កើន​ឡើង​ខ្ពស់​បំផុត​ដល់​ចំនួន ១៥,៨​ ពាន់​លាន​ដុល្លារ​អូស្រា្ដលី (​១០,​៤ ​ពាន់​លាន​ដុល្លារ​អាមេរិក) នៅ​​ឆ្នាំ ​២០១៦ ​ក្រុមហ៊ុន​​ចិន​​​វិនិយោគ​​តែ ៤,​៨ ​ពាន់​លាន​ដុល្លារ​អូស្រា្ដលី​​នៅ​អូស្រ្តាលី​​ពី​ឆ្នាំ​ទៅ។

ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ឲ្យ​ដឹង​ថា ចំនួន​​សាច់​ប្រាក់ ដែល​ហូរចូល​ក្នុង​ប្រទេស​​អូស្ដ្រាលី «មាន​ភាព​ស្រប​គ្នា​ខ្លាំង​» ទៅ​នឹង​សកម្មភាព​ពិភព​លោក​របស់​ចិន​ លើកលែង​​តែ​កាល​ពី​ឆ្នាំ​​ ២០១៨ នៅ​ពេល​​​ការ​វិនិយោគ​នេះ​បាន​ធ្លាក់ចុះ​ ៥០ ​ភាគរយ ​ពី​ចំនួន​​ ៩,​៦ ​ពាន់​លាន​ដុល្លារ​អូស្ដ្រាលី​កាល​ពី​ឆ្នាំ ២០១៧​។​

ទិន្នន័យ​នេះ​នឹង​ជំរុញ​​ឲ្យ​មាន​ការ​បារម្ភ​ថា ទំនាក់​ទំនង​​ផ្នែក​នយោបាយ​ដែល​ពិបាក​រវាង​​ទីក្រុង​ប៉េកាំង និង​ទីក្រុង​កង់បេរ៉ា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច​។​

លោក Peter Drysdale ​សហ​អ្នក​និពន្ធ​របាយការណ៍​នេះ​ បាន​ប្រាប់​កាសែត​អូស្ដ្រាលី​ថា​៖ «លំហូរ​វិនិយោគ​​របស់​ប្រទេស ចិន ​នៅ​បរទេស បាន​ធ្លាក់ចុះ​ជា​ទូទៅ​​​​ក្នុង​រយៈពេល ​១ ​ឆ្នាំ ​កន្លង​មក​នេះ ប៉ុន្តែ​​ការ​វិនិយោគ​នេះ​​បាន​ធ្លាក់ចុះ​ខ្លាំង​​​នៅ​​​​ប្រទេស ​អូស្ដ្រាលី​»។​

លោក​ថ្លែង​ថា៖ «​វា​បង្ហាញ​ថា ​មាន​បញ្ហា​​​ដោយសារ​តែ​ទំនាក់​ទំនង​​ការ​វិនិយោគ​​ត្រូវ​បាន​រង​ផល​ប៉ះពាល់​បន្ថែម​​ទៀត​ដោយ​ស្ថានការណ៍​នយោបាយ»​។​

លោក​លើក​ឡើង​ថា​៖ «​វា​ជា​សញ្ញា​​ព្រមាន​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​យើង​ត្រូវ​តែ​ធ្វើ​កិច្ចការ​​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ដំណើរ​ការ​ឡើង​វិញ​។ ​មាន​​ការងារ​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​កែ​​លម្អ​ទំនាក់​ទំនង​នេះ​»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទីក្រុង​កង់បេរ៉ា​បាន​រារាំង​​ការ​វិនិ​យោគ​របស់​​ប្រទេស ចិន ​នៅ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ ដោយសារ​តែ​មេ​ដឹកនាំ​របស់​ប្រទេស​នេះ​មាន​ការ​​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​​អំពី​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​

ការ​សិក្សា​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​​នៅ​ដើម​ឆ្នាំ​នេះ​ថា ធ្យូង​ថ្ម​របស់​ប្រទេស​អូស្ដ្រាលី​ កំពុង​ត្រូវ​បាន​ប្លុក​ ឬ​ជួប​ប្រទះ​ការ​ពន្យារពេល​​នៅ​ក្នុង​កំពង់ផែ​របស់​​ប្រទេស ចិន។ រដ្ឋាភិបាល​ទាំង ២​ បាន​បដិសេធ​សេចក្ដី​រាយការណ៍​ទាំង​នោះ​។​

ចិន​​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​​​អូស្ដ្រាលី​ ហើយ​ធ្យូង​ថ្ម​គឺ​ជា​ការ​នាំចេញ​ដ៏​មាន​​តម្លៃ​បំផុត​របស់​ប្រទេស​​ដែល​សម្បូរ​ធនធាន​មួយ​នេះ​។​

សរុប​មក​ ប្រទេស ចិន ​គឺ​ជា​ប្រទេស​វិនិយោគ​បរទេស​ធំ​ទី​៩​ របស់​ប្រទេស ​អូស្ដ្រាលី ឬ​​ស្មើ ១,៨ ​ភាគរយ ​នៃ​ការ​វិនិយោគ​សរុប​។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​របស់​ប្រទេស ​អូស្ដ្រាលី៕​ AFP/LA​