ក្រុងសិង្ហបុរីៈ ប្រទេសចំនួន ១៦ ដែលកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានបង្កើតបានវឌ្ឍនភាពមួយចំនួនក្នុងកិច្ចពិភាក្សាជុំចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ តែកំពុងជម្នះឲ្យមានការចុះកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មានក្យូតូ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេលមួយថ្ងៃកាលពីថ្ងៃសៅរ៍របស់ក្រុមរដ្ឋមន្ត្រីមកពីប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀង RCEP នៅប្រទេស សិង្ហបុរី សារព័ត៌មានក្យូតូបានរាយការណ៍ថា៖ «ក្រុមរដ្ឋមន្រ្តីបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីជម្នះការលំបាកឬបញ្ហាប្រឈម ខណៈការចរចា RCEPឈានចូលដំណាក់កាលចុងក្រោយ»។

ការចរចាឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានចាប់ផ្តើមក្នុងឆ្នាំ ២០១៣ ប៉ុន្តែបានបរាជ័យ ជាច្រើនលើកក្នុងការសម្រេចបានតាមកាលបរិច្ឆេទកំណត់សម្រាប់កិច្ចព្រមព្រៀងនេះ។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀតថាទោះជា «ភាពមិនចុះសម្រុងគ្នាបានរួមតូចខ្លះ» ហើយក៏ដោយ ក៏ការខ្វែងគំនិតគ្នានៅតែមាន។

ប៉ុន្តែសមាជិក RCEP នៅតែតាំងចិត្តបញ្ចប់ឲ្យបាននូវកញ្ចប់កិច្ចព្រមព្រៀងនេះត្រឹមចុងឆ្នាំនេះដែលបានកំណត់កាលពីខែសីហា។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលនេះ។

សេចក្តីថ្លែងការណ៍នេះបានបន្តឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនឹង «ជាព្រឹត្តិការណ៍ដ៏សំខាន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់នៅក្នុងពាណិជ្ជកម្មសកល»។

នៅកិច្ចពិភាក្សាជុំចុងក្រោយរបស់រដ្ឋមន្ត្រីទាំងនេះកាលពីខែសីហា រដ្ឋមន្រ្តីពាណិជ្ជកម្មមកពីប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP បានអនុម័តកញ្ចប់មួយដែលពួកគេសង្ឃឹមថានឹងសម្រេចឲ្យបានត្រឹមដំណាច់ឆ្នាំនេះ ហើយសង្ឃឹមថា វានឹងជា «ការបញ្ចប់ការ ចរចា RCEP ដ៏សំខាន់»។

កញ្ចប់នេះរួមមាន ៤ ផ្នែក គឺ ទំនិញ សេវា ការវិនិយោគ និងកម្មសិទ្ធិបញ្ញា។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនូវែលសេឡង់ លោក David Parker បានថ្លែងបន្ទាប់ពីកិច្ច ប្រជុំនេះថា៖ «មានវឌ្ឍនភាពមួយចំនួនត្រូវបានធ្វើឡើង»។

ទោះយ៉ាងណា លោកបន្ថែមថា៖ «សំណើចុងក្រោយនៅមិនទាន់ធ្វើឡើងនៅឡើយទេអំពីលទ្ធភាពទីផ្សារ អំពីទំនិញ សេវា និងការវិនិយោគ»។

លោក Parker បានថ្លែងថា៖ «ក្រុមរដ្ឋមន្រ្តីបានផ្តល់សារច្បាស់មួយដល់មន្រ្តីនានាថា បើអាចទៅរួច ភាគីទាំងអស់ចង់ឈានដល់ការបញ្ចប់ដ៏សំខាន់មួយនៅត្រឹមដំណាច់ឆ្នាំនេះ»៕ PS