ក្រុង​វីយែនៈ គេហទំព័រ​របស់​​អង្គការ​ប្រទេស​នាំចេញ​ប្រេង​ (OPEC)​ និង​ក្រុម​គណៈប្រតិភូ​របស់​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា បណ្ដា​ប្រទេស​​​ផលិត​ប្រេង​សំខាន់ៗ នឹង​ជួប​ប្រជុំ​​​​ក្នុង​ទីក្រុង​វីយែន នៅ​ថ្ងៃទី ​១ និង​​ទី ២ ខែ ​កក្កដា ខាង​មុខ ​បន្ទាប់​ពី​ការ​ប្រជុំ​គ្នា ​២ ​ឆ្នាំ​ម្ដង​នេះ​ត្រូវ​បាន​ពន្យារពេល​ជា​ច្រើន​ដង​។​

ក្រុម​ប្រទេស​ផលិត​ប្រេង​ ដែល​​ដឹកនាំ​ដោយ​​​​អារ៉ាប៊ី​សាអ៊ូឌីត ត្រូវ​បាន​រំពឹង​ថា នឹង​សម្រេច​ចិត្ត​ថា តើ​ត្រូវ​បន្ត​កាត់​បន្ថយ​​ការ​ផលិត ​ឬ​យ៉ាង​​ណា? ​ខណៈ​ដែល​​​​ក្រុម​វិនិយោគិន​ស្វាគមន៍​ព័ត៌មាន​ពី​ការ​កំណត់​​កាល​បរិច្ឆេទ​ជួប​ប្រជុំ​នេះ​។​

កិច្ច​ប្រជុំ​លើកទី​១៧៦ នៃ​សន្និសីទ​អង្គការ​ OPEC នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ​១​ ខែ ​កក្កដា បន្ទាប់​ពី​​បញ្ចប់​កិច្ច​ប្រជុំ​លើកទី​៦​ របស់​ក្រុម​រដ្ឋមន្ត្រី​របស់​​អង្គការ OPEC និង​​​​មិនមែន​ជា​ OPEC ដែល​រួម​ទាំង​ប្រទេស ​រុស្ស៊ី ​ផង​ដែរ។​

គណៈ​ប្រតិភូ​មួយ​រូប​ដែល​បាន​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា៖ «នៅ​ពេល​នេះ​ពួក​គេ​បាន​បញ្ជាក់​ពី​​កាល​បរិចេ្ឆទ​នេះ»។ ប្រភព​នេះ​បាន​បន្ត​ថា សេច​ក្ដី​សម្រេច​​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​។​

កិច្ច​ប្រជុំ​នៅ​ពេល​ថ្មីៗ​ដំបូង​ឡើង​​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​មេសា ប៉ុន្តែ​នៅ​ពេល​នោះ​ត្រូវ​បាន​ពន្យារពេល​មក​ធ្វើ​នៅ​​​ខែ​មិថុនា​វិញ​មុន​ពេល​ពន្យារពេល​ម្តង​ទៀត​ទៅ​​​​ខែ​កក្កដា​ ខាង​មុខ​នេះ។​

ក្រុម​វិនិយោគិន​សង្ឃឹម​ថា ​ក្រុម​ប្រទេស​ផលិត​ប្រេង​របស់​អង្គការ​ OPEC និង​​​ប្រទេស​ផលិត​សំខាន់ៗ​ផ្សេង​ទៀត​ដែល​​បាន​ដឹកនាំ​ដោយ​​ប្រទេស ​រុស្ស៊ី នឹង​បន្ត​ទប់ស្កាត់​ការ​ផលិត​​ជំរុញ​ ដើម្បី​​​កាត់​បន្ថយ​​ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ​។​

ធនាគារ ANZ ​​​​ឲ្យ​ដឹង​​​ក្នុង​របាយការណ៍​មួយ​ថា​៖ «​អារ៉ាប៊ីសាអ៊ូឌីត កំពុង​កាត់​បន្ថយ​​ទិន្នផល​រួច​ហើយ​មុន​ពេល​​កិច្ច​ប្រជុំ​នេះ​៕ AFP/LA