ក្រុងអេវឺរ៉េតៈ យន្តហោះ​រយៈចម្ងាយ​ឆ្ងាយ 777X ថ្មី​របស់​ក្រុមហ៊ុន Boeing បាន​ហោះហើរ​សាកល្បង​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅមុខ​មួយ​សម្រាប់​ក្រុមហ៊ុន​នេះ ដែល​ចក្ខុវិស័យ​របស់​ខ្លួន​នៅតែ​មិន​ច្បាស់លាស់​ដោយសារ​វិបត្តិ​យន្តហោះ​ 737 MAX​។

យន្តហោះ​ដែលមាន​ម៉ាស៊ីន​ភ្លោះ​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ​បាន​ចុះចត​នៅ​ទីលាន Boeing Field នៅ​ជិត​ទីក្រុង Seattle បន្ទាប់ពី​ហោះហើរ​បាន​ប្រហែល ៤ ​ម៉ោង​នៅលើ​អាកាស ក្រោយ​ពេល​ដែល​បាន​ពន្យារពេល​អស់​រយៈពេល​ជាច្រើន​ខែ និង​ដោយសារ​បញ្ហា​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។

ខ្យល់​ខ្លាំង​បាន​ឈាន​ទៅ​រក​ការពន្យារពេល​ហោះហើរ​ជា​លើកដំបូង​របស់​យន្តហោះ​នេះ​កាលពី​ថ្ងៃ​សុក្រ ហើយ​ក្រុមហ៊ុន​បាន​ស្តីបន្ទោស​លើ​បញ្ហា​អាកាសធាតុ​សម្រាប់​ការពន្យារពេល​ហោះហើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលមាន​ភ្លៀង​ធ្លាក់​។

ប៉ុន្មាន​នាទី​ក្រោយមក​បន្ទាប់ពី​ម៉ោង​ ១០ ​ព្រឹក​ម៉ោង​នៅ​អាមេរិក​ត្រូវ​នឹង​ម៉ោង ៦ ​ល្ងាច​ម៉ោង​សកល យន្តហោះ​បាន​ហោះ​ឡើង​ពី​ផ្លូវ​រត់​ដែល​មាន​ទឹកភ្លៀង​នៅ​ទីលាន Paine Field ក្នុង​ទីក្រុង​អេវឺរ៉េត​ដែល​ជា​ទីតាំង​ផលិតកម្ម​នៅ​ភាគ​ពាយព្យ​នៅ​អាមេរិក​របស់​ក្រុមហ៊ុន Boeing​។

ការហោះហើរ​ដំបូង​នេះ​ដំបូង​ឡើយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ដោយសារ​បញ្ហា​ម៉ាស៊ីន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន General Electric និង​ផលវិបាក​នានា​ជាមួយនឹង​ស្លាប និង​សូហ្វវែរ​។

ថ្ងៃ​សៅរ៍​នេះ​បានបង្ហាញ​ពី​ការហោះហើរ​ដំបូង​នៃ​អ្វីដែល​ជាការ​ហោះហើរ​សាកល្បង​ជាច្រើន​។ ប្រសិនបើ​ការហោះហើរ​ទាំងនោះ​ដំណើរការ​ទៅ​ល្អ ក្រុមហ៊ុន Boeing នឹង​ដាក់​ឯកសារ​ជា​ផ្លូវការ​ស្នើសុំ​ការអនុម័ត​ពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA)៕ KC