ក្រុងញូវយ៉កៈ ក្រុមហ៊ុន Chevron បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការខួងប្រេងឡើងវិញហើយនៅតំបន់ឃើដនៃប្រទេសអ៊ីរ៉ាក់ ដែលការប្រកាសនេះបានធ្វើឡើងរយៈពេលបួនខែ បន្ទាប់ពីការផ្អាកប្រតិបត្តិការទាំងនោះក្នុងគ្រាដែលមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងបាដាដ និងរដ្ឋាភិបាលតំបន់ស្វយ័តឃើដ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevron បានឲ្យដឹងតាមរយៈអ៊ីមែលផ្ញើជូនទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ក្រុមហ៊ុន Chevron អាចបញ្ជាក់បានថា ក្រុមហ៊ុនបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនឡើងវិញហើយនៅតំបន់ស្វយ័តឃើដ ហើយយើងបានចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការខួងប្រេងនៅអណ្តូងប្រេង Sarta 3 របស់យើង»។
ក្រុមហ៊ុន Chevron បានផ្អាកការខួងប្រេងកាលពីខែតុលា បន្ទាប់ពីការធ្វើប្រជាមតិទាមទារឯករាជ្យភាពពីប្រទេសអុីរ៉ាក់នៅទីក្រុង Erbil ស្ថិតនៅភាគខាងត្បូង បានបង្កឲ្យមានភាពតានតឹងជាមួយរដ្ឋាភិបាលក្រុងបាដាដ។
ទីក្រុងបាដាដបានឆ្លើយតបវិញយ៉ាងចាស់ដៃចំពោះការបោះឆ្នោតប្រជាមតិនេះ ដោយបានប្រកាសថា ការធ្វើប្រជាមតិនេះជាអំពើខុសច្បាប់ និងបានដាក់ការហាមឃាត់ផ្លូវអាកាសទៅកាន់តំបន់ឃើដ និងបញ្ជូនកងទ័ពទៅកាន់តំបន់ដែលមានការប្រទាញប្រទង់គ្នា៕ AFP/KC