ក្រុង​ប៉េកាំងៈ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​អឺរ៉ុប Ericsson និង Nokia បាន​ឈ្នះ​កិច្ច​សន្យា​ផ្គត់ផ្គង់​បណ្តាញ​​អ៊ីនធឺណិត 5G ដ៏​សំខាន់​ក្នុង​ប្រទេស ​ចិន ជា​ជំហាន​មួយ​ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ជា​ការ​បង្ហាញ​​ឥរិយាបថ​បើក​ចំហ​របស់​ចិន​ទៅ​កាន់​ក្រុមហ៊ុន​អន្តរជាតិ​ នៅ​ពេល​ដាក់​ដំណើរការ​​បច្ចេកវិទ្យា​ល្បឿន​លឿន​ខ្លាំង​នេះ។

ដំណឹង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន China Mobile ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ធំ​បំផុត​ក្នុង​ពិភព​លោក​បើ​គិត​តាម​អ្នក​ប្រើប្រាស់ បាន​ប្រកាស​ថា ខ្លួន​​​ទទួល​បាន​កិច្ច​សន្យា​ស្តីពី​​ការ​ផ្គត់ផ្គង់​ឧបករណ៍​បណ្តាញ 5G នៅ​ជុំ​ទី១ ​របស់​ខ្លួន​ដែល​មាន​តម្លៃ ២ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន China Mobile ទទួល​បាន​ឧបករណ៍​ទូរគមនាគមន៍ MME ចំនួន ១៥៣ យូនីត ​ពី​ក្រុមហ៊ុន​ Ericsson របស់​ប្រទេស ​ស៊ុយអែត ដែល​ស្មើ​នឹង ៣៤ ភាគរយ ​នៃ​លទ្ធកម្ម​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន Nokia បាន​ផ្តល់ ៥៦ យូនីត ដែល​ស្មើ​នឹង ១២ ភាគរយ។

នៅ​ពេល​និយាយ​អំពី​ឧបករណ៍​ទូរគមនាគម៍ SAE ក្រុមហ៊ុន Ericsson បាន​ផ្តល់​ចំនួន ២៣១ យូនីត ដែល​ស្មើ​នឹង ៣៤ ភាគរយ នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន China Mobile ខណៈ​ដែល​ក្រុមហ៊ុន Nokia ផ្គង់​ផ្គង់ ៦០ យូនីត ដែល​ស្មើ​នឹង​ប្រហែល ៩ ភាគរយ ​នៃ​លទ្ធកម្ម​សរុប។

វិធានការ​នេះ​បាន​កើត​មាន​ឡើង​ ខណៈ​ដែល​​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ China Mobile ពន្លឿន​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ដំឡើង​បច្ចេកវិទ្យា​ឥត​ខ្សែ​ជំនាន់​ទី៥ នេះ ដែល​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម 5G។ ក្រុមហ៊ុន​មាន​បំណង​ផ្តល់​សេវា​ 5G លក្ខណៈ​​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ចំនួន ៤០ នៅ​ត្រឹម​ខែ​កញ្ញា​ខាង​មុខ។

ចំណែក​ដ៏​ច្រើន​របស់​ក្រុមហ៊ុន Ericsson និង​ក្រុមហ៊ុន Nokia ក្នុង​ផែនការ​លទ្ធកម្ម​របស់​ក្រុមហ៊ុន China Mobile បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស ​ចិន ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ។

ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស ​ចិន បាន​ឲ្យ​ដឹង​នៅ​ដើម​ខែ​នេះ​ថា ក្រសួង​ស្វាគមន៍​ក្រុមហ៊ុន​បរទេស​ ដែល​មក​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សាងសង់​បណ្តាញ 5G របស់​ប្រទេស ​ចិន និង​ការ​លើក​កម្ពស់​ការ​អនុវត្ត​បច្ចេកវិទ្យា​នេះ៕ People''s Daily/KC