តូក្យូៈ ​ក្រុមហ៊ុន​ Hitachi ​របស់​ប្រទេស​​ ជប៉ុន ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​​ប្រកាស​ផែន​ការ​ទិញ​ភាគហ៊ុន​ភាគ​ច្រើន​នៅ​ក្នុង​​​ក្រុម​ហ៊ុន​ ABB ជា​​ក្រុមហ៊ុន​វិស្វកម្ម​ឧបករណ៍​ថាមពល​​របស់​ប្រទេស​ ស្វ៊ីស​ និង​ស៊ុយអែត​ ក្នុង​តម្លៃ​ ៦,៤ ​ពាន់​លាន​ដុល្លារ​ ជា​អ្វី​ដែល​នឹង​ក្លាយ​ជា​ការ​ទិញ​ភាគហ៊ុន​ធំ​ជាង​គេ​​មិន​ធ្លាប់​មាន​។​

ប្រព័ន្ធ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​ ជប៉ុន ​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Hitachi ក្លាយ​ជា​​ក្រុមហ៊ុន​ផលិត​ឧបករណ៍​​ថាមពល​អគ្គិសនី​ឈាន​មុខ​គេ​លើ​ពិភព​លោក​។

ក្រុមហ៊ុន​របស់​ប្រទេស​ ជប៉ុន ​​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ស្ថិត​ក្រោម​ផែន​ការ​នេះ​ ​ក្រុមហ៊ុន ​ABB ​នឹង​បង្កើត​​ក្រុមហ៊ុន​អគ្គិសនី​របស់​ខ្លួន ​ដែល​​ក្រុមហ៊ុន Hitachi ​នឹង​ទិញ​ភាគហ៊ុន ​៨០,១ ភាគរយ​​ក្នុង​តម្លៃ ​៧០៤​ ពាន់​លាន​យ៉េន​នៅ​ដើម​ឆ្នាំ ២០២០​។

អ្នក​នាំ​ពាក្យ​មួយ​រូប​បាន​ឲ្យ​ដឹង​​ដោយ​​មិន​បង្ហាញ​​តម្លៃ​​​ថា​៖ «​យើង​គ្រោង​​នឹង​ទិញ​ភាគហ៊ុន​ដែល​នៅ​សល់​ ដើម្បី​​ឲ្យ​ក្រុមហ៊ុន Hitachi​ អាច​ធ្វើ​ឲ្យ​​​ផ្នែក​អាជីវ​កម្ម​មួយ​នេះ​ក្លាយ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទាំង​ស្រុង​របស់​ខ្លួន​»។​

អាជីវ​កម្ម​បណ្តាញ​អគ្គិសនី​របស់​​ក្រុមហ៊ុន​ ABB សាង​សង់ ​និង​ប្រតិបត្តិ​ការ​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​រួម​​​មាន​ឧបករណ៍​បញ្ជូន​អគ្គិសនី និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​​។​

កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Hitachi​ ក្លាយ​ជា​​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ធុនធ្ងន់​ឈាន​មុខ​គេ​ទី ២ ​របស់​ពិភព​លោក​ដោយ​ប្រាក់​ចំណូល​ នៅ​ពី​ក្រោយ​​​ក្រុមហ៊ុន General Electric តែ​មួយ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​ ជប៉ុន​។​

សារ​ព័ត៌មា​ន​ប្រចាំ​ថ្ងៃ​​ Nikkei ​បាន​រាយ​ការណ៍​ថា​ ដំបូង​​​កិច្ច​ព្រមព្រៀង​នេះ​​​​គ្រោង​តាំង​ពី​​ថ្ងៃ​ព្រហស្បតិ៍​​មុន​ ប៉ុន្តែ​​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Hitachi ​បាន​​ធ្លាក់​ចុះ​ ២,៥ ​ភាគរយ​ចាប់​ពី​ពេល​​​នោះ​​។​

ទី​ភ្នាក់ងារ​វាយ​តម្លៃ​ Standard & Poor បាន​ឲ្យ​ដឹង​ថា អាជីវ​កម្ម​ឧបករណ៍​បញ្ជូន ​និង​ចែក​ចាយ​ថាមពល​អគ្គិសនី​ កំពុង​រីក​ច្រើន​លើ​ពិភព​លោក ​ដោយ​មាន​ដំណោះ​ស្រាយ​សេវា​នៅ​ទី​កន្លែង​ដែល​​ជោគ​ជ័យ​ជា​ពិសេស​។​

ទី​ភ្នាក់​ងារ​នេះ​បន្ត​ថា ប៉ុន្តែ​ «​​ប្រាក់​ចំណេញ​​របស់​អាជីវ​កម្ម​នេះ​អាច​​មាន​ការ​ប្រែប្រួល​ ដោយ​ពឹង​ផ្អែក​លើ​ថា តើ​ក្រុមហ៊ុន​មួយ​នេះ​​គ្រប់​គ្រង​គម្រោង​ជាប់​ទាក់​ទង​នឹង​ការ​ដឹក​ជញ្ជូន​សម្ភារ​បាន​ល្អ​យ៉ាង​ណា​?»៕​ AFP/LA