ក្រុងគែរៈ រដ្ឋមន្ដ្រី​ក្រសួង​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​​របស់​ប្រទេស ​អេហ្ស៊ីប បាន​ឲ្យ​ដឹង​កាល​​​ពី​ថ្ងៃ​អាទិត្យ​ថា​ ក្រុមហ៊ុន​ Huawei នឹង​ផ្ដល់​បណ្ដាញ​ទូរស័ព្ទ ​5G ជា​លើក​ដំបូង​​ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​ពាន​រង្វាន់​បាល់ទាត់​ទ្វីប​អា្រហ្វិក​នៅ​រដូវ​ក្ដៅ​នេះ។​

ក្រុមហ៊ុន​របស់​ប្រទេស ចិន ​មួយ​នេះ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា​នេះ​​​​ក្នុង​ពហុ​កីឡដ្ឋាន​​អន្តរជាតិ​ក្រុង​គែរ ដែល​មាន​​សមត្ថភាព​ផ្ទុក​​អ្នក​ទស្សនា​​ចំនួន ៧៤ ០០០ នាក់​ ដែល​​នឹង​​រៀបចំ​ការ​ប្រកួត​ចំនួន ​១០ ប្រកួត​ដែល​រួម​ទាំង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។​

លោក Amr Talaat បាន​ថ្លែង​ថា៖ «​​ប្រទេស ​អេហ្ស៊ីប ចង់​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei ​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ក្នុង​​​ប្រព័ន្ធ 5G»។​​

ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​​នាំ​មុខ​​​គេ​សម្រាប់​ការ​ផ្ដល់​រលក​សញ្ញា​ ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ​​​​ 5G ​ ដែល​មាន​សមត្ថភាព​​​​ផ្ទេរ​ទិន្នន័យ​ស្ទើរ​តែ​បាន​​ភ្លាមៗ ដែល​នឹង​ក្លាយ​ជា​ប្រព័ន្ធ​គួរ​ឲ្យ​បារម្ភ​របស់​សេដ្ឋកិច្ច​របស់​​អឺរ៉ុប​​​ក្នុង​វិស័យ​ជា​យុទ្ធសាស្ដ្រ​ដូចជា​ថាមពល ការ​ដឹក​ជញ្ជូន ធនាគារ និង​ការ​ថែទាំ​សុខភាព។​

ទោះ​យ៉ាង​ណា ​​បណ្ដា​ប្រទេស​​លោក​ខាង​លិច​មួយ​ចំនួន​​បាន​រារាំង​ប្រព័ន្ធ​នេះ ដោយសារ​តែ​​ការ​បារម្ភ​ថា ទីក្រុង​ប៉េកាំង​អាច​ទទួល​បាន​លទ្ធភាព​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​​ទូរគមនាគមន៍ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ដែល​ងាយ​បង្ក​ជា​បញ្ហា ប៉ុន្តែ​ក្រុមហ៊ុន Huawei បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​។​

ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​អាហ្រ្វិក (Cup of Nations) នឹង​រៀបចំ​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី ​២១ ​ខែ មិថុនា ដល់​​ថ្ងៃ​ទី ​១៩ ខែ ​កក្កដា​​​​ ក្នុង​ប្រទេស​ស្ថិត​នៅ​​ភាគ​ខាង​ជើង​ទ្វីប​អាហ្រ្វិក​មួយ​នេះ​៕AFP/LA