ក្រុងញូវយ៉កៈ ក្រុមហ៊ុន LMVH ដែល​គ្រប់គ្រង​ទំនិញ​ម៉ាក​យីហោ​ល្បីៗ​ដូចជា Louis Vuitton, Dior និង​ស្រា​សំប៉ាញ Veuve Clicquot និង Moet បានដាក់​សំណើ​ទិញយក​ក្រុមហ៊ុន​គ្រឿងអលង្ការ​អាមេរិក Tiffany ដែលមាន​ឈ្មោះ​ល្បី​ខាង​ផលិត​ចិញ្ចៀន​ភ្ជាប់ពាក្យ និង​ត្បូង​មានតម្លៃ​។

ក្រុមហ៊ុន​លក់​ផលិតផល​ទំនិញ​តម្លៃ​ថ្លៃ​របស់​ប្រទេស​ បារាំង​ មួយ​នេះ​បាន​ដាក់សំណើ​ទិញ​ក្រុមហ៊ុន​អាមេរិក​នៅ​ដើមខែ​នេះ​។ នេះ​បើ​យោងតាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​។

ក្រុមហ៊ុន Tiffany ដែល​ហាង​លក់​គ្រឿងអលង្ការ​ល្បី​របស់ខ្លួន​នៅជាប់​នឹង​អគារ Trump Tower ស្ថិតនៅ​លើផ្លូវ​លេខ ៥ មិនទាន់​បាន​ឆ្លើយតប​ទៅនឹង​ការ​សំណើ​ទិញ​នេះ​ទេ ដែល​សំណើ​នេះ​ធ្វើឡើង ខណៈ​ឧស្សាហកម្ម​ទំនិញ​តម្លៃ​ថ្លៃ​ស្ថិតក្នុង​ភាពមិន​សូវ​ល្អ​ដោយសារ​ឥទ្ធិពល​ដែល​អាច​កើតមាន​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន​។

យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​យ៉ាង​ទូលំទូលាយ​ដែល​ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង ក៏បាន​បន្ទច់បង្អាក់​ដល់​ការទិញ​អំណោយ​តម្លៃ​ថ្លៃៗ​ដោយ​ធុរជន និង​មន្ត្រី​រដ្ឋាភិបាល​ផងដែរ​។

បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​ជាច្រើន​ខែ​ក្នុង​ទីក្រុង​ហុងកុង​បាន​បង្ក​ហានិភ័យ​បន្ថែមទៀត​ដល់​វិស័យ​ទំនិញ​ថ្លៃៗ​។

ប្រភព​ដែល​ប្រាប់ AFP ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​មិន​បាន​និយាយថា​តើ​ក្រុមហ៊ុន LVMH ផ្តល់​តម្លៃ​ប៉ុន្មាន​ដើម្បី​ទិញយក​ក្រុមហ៊ុន Tiffany នោះទេ ប៉ុន្តែ​ប្រភព​ដដែល​នេះ​ក៏​មិន​ប្រាកដ​ផងដែ​ថា តើ​ការពិភាក្សា​នេះ​អាច​នឹង​ឈានទៅ​ដល់​ការសម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ឬ​យ៉ាងណា​នោះដែរ​។

មូលធននីយកម្ម​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tiffany មាន​តម្លៃ​ប្រហែល ១១,៩ ពាន់​លាន​ដុល្លារ​ នៅពេល​បិទ​ការជួញដូរ​ភាគហ៊ុន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

ប្រាក់ចំណូល​ពី​ការលក់​របស់​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​នេះ​បាន​កើនឡើង ៦,៥ ភាគរយ ​ដល់ ៤,៤ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​សារពើពន្ធ​មុន ហើយ​ក្រុមហ៊ុន​មាន​បុគ្គលិក​ចំនួន ១៤ ០០០ នាក់ ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ​មករា​។

ប្រភព​ដដែល​បាន​បន្ថែមថា Tiffany បាន​ស្នើសុំ​ការប្រឹក្សា​យោបល់​អំពី​សំណើ​ទិញ​របស់ LMVH ពី​ធនាគារ​ធំៗ​។

ក្រុមហ៊ុន LVMH មិនបាន​ឆ្លើយតប​ភ្លាមៗ​នោះទេ​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​របស់ AFP ខណៈ​ដែល​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Tiffany បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ «​ពាក្យ​ចចាមអារ៉ាម និង​ការលើកឡើង​» ទាំងនេះ​៕ KC