ក្រុងប៉េកាំងៈ លោក Gao Feng អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន (MOFCOM) បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ប្រទេស​ ចិន​ បាន​ស្វាគមន៍​សុច្ឆន្ទៈ​ពី​ភាគី​អាមេរិក ហើយ​ក្រុមហ៊ុន​របស់​ប្រទេស ​ចិន​ ជាច្រើន​បាន​ចាប់ផ្ដើម​សាកសួរ​តម្លៃ​ផលិតផល​កសិកម្ម រួមទាំង​សណ្ដែកសៀង និង​សាច់ជ្រូក​ពី​អាមេរិក​វិញ​ហើយ​។

ការអត្ថាធិប្បាយ​របស់​លោក Gao បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​នៅលើ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​បាន​យល់​ព្រម​លុបចោល​ការបង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​តម្លៃ​ ២៥០ ពាន់​លាន​ដុល្លារ (២៥ ភាគរយ​ដល់ ៣០ ​ភាគរយ​) ចាប់ពី​ថ្ងៃទី​​ ១ ដល់​ថ្ងៃទី​ ១៥ ខែ តុលា ​ដែល​លោក​ថា ការពន្យារ​ពេល​នេះ​ជា​កាយវិការ​សុច្ឆន្ទៈ​មួយ​។

លោក Gao ឲ្យ​ដឹងថា ក្រុមការងារ​ចរចា​ពាណិជ្ជកម្ម​មកពី​ប្រទេស​ទាំង​ ២ បន្ត​ទាក់ទង​គ្នា ហើយ​ពួកគេ​កំពុង​រៀបចំ​ការចរចា​នៅពេល​ខាងមុខ​។

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ខិតខំ​ដើម្បី​សម្រេចបាន «​ការរីកចម្រើន​ដ៏សំខាន់​» នៅក្នុង​ការពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​ជុំ​ទី​ ១៣ ដែល​នឹង​ធ្វើឡើង​នៅ​ដើម​ខែ​តុលា នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

លោក Gao បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ថា​៖ «​យើង​សង្ឃឹមថា ភាគី​ទាំង​ ២ ​នឹង​ឆ្ពោះ​ទៅ​រក​ទិសដៅ​ដូចគ្នា ចាត់វិធានការ​ជាក់ស្ដែង និង​ផ្ដល់​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការចរចា​ពាណិជ្ជកម្ម ហើយ​វា​នឹង​ល្អ​សម្រាប់​ប្រទេស​ទាំង​ ២ និង​ពិភពលោក​»​។

ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ផែនការ​មួយ​សម្រាប់​ការនាំ​ចូល​ផលិត​របស់​អាមេរិក​មួយ​ចំនួន ហើយ​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​ចំនួន​បានដាក់​ពាក្យស្នើសុំ​ការលើកលែង​ពី​ការដក​ហូតពន្ធ​នាំចូល​របស់​ប្រទេស​ចិន​។

ផលិតផល​របស់​អាមេរិក​ជាច្រើន​ដែល​ទទួល​បាន​ការលើក​លែង​ពី​ការដក​ហូតពន្ធ​នាំចូល​របស់​ប្រទេស​ចិន​រួមមាន​ទំនិញ ១៦ ​ប្រភេទ​ដែល​ជាប់​ទាក់ទង​នឹង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ដូចជា​ប្រេងរំអិល ឧបករណ៍​ព្យាបាល​ជំងឺមហារីក និង​ឱសថ​ប្រឆាំង​ទៅ​នឹង​ជំងឺមហារីក​ជាដើម​។

លោក Gao បាន​ថ្លែងថា​៖ «​គណៈកម្មការ​ពន្ធ​នាំចូល​នៃ​ក្រុមប្រឹក្សារដ្ឋ​នឹង​បន្តធ្វើ​ការងារ​លើ​បញ្ជី​លើកលែង និង​ចេញផ្សាយ​បញ្ជី​នេះ​នៅក្នុង​ពេលវេលា​ត្រឹមត្រូវ​មួយ​»​។

ក្រុម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​របស់​អាមេរិក​ក្នុងការ​ពន្យារពេល​ពន្ធ​នាំចូល​បន្ថែម​គឺ​ល្អ​សម្រាប់​ការចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​នៅពេល​ខាង​មុខ ប៉ុន្តែ​អ្វី​ដែល​លោក​ ត្រាំ បានធ្វើ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ ហើយ​ចិន​មិន​គួរ​ចាត់ទុក​វា​ថា​ជា​ការសម្រេច​បាន​ដ៏សំខាន់​មួយ​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ដែល​នៅតែ​ពិបាក​ខ្លាំង​នោះទេ​។

លោក Bai Ming អ្នក​ស្រាវជ្រាវ​នៅ​បណ្ឌិត្យសភា​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ប្រទេស​ចិន​បាន​ប្រាប់​កាសែត Global Times ថា​៖ «​ការពន្យារពេល​ពន្ធ​នាំចូល​បន្ថែម​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ ហើយ​យើង​មិនអាច​សរសើរ​គាត់​បានទេ​។ មាន​តែ​តាមរយៈ​ការលុបចោល​ពន្ធ​នាំចូល​បន្ថែម​នោះ​ទេ ទើប​លោក​អាច​បង្ហាញ​ភាព​ស្មោះត្រង់​របស់លោក​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​»​។

លោក Bai មានប្រសាសន៍​ថា​៖ «​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ យើង​គួរតែ​មើល​អ្វី​ដែល​លោក​បាន​ធ្វើ​រួច​ហើយ និង​អ្វី​ដែល​លោក​នឹង​ធ្វើ​»៕ People''s Daily/LA