ភ្នំពេញៈ ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង Etiqa Group ដែល​ជា​ផ្នែក​មួយ​របស់​ធនាគារ​ Maybank ​រំ​ពឹង​ថា​នឹង​ពង្រីក​ប្រតិ​បត្តិ​ការ​​​ក្នុង​ប្រ​ទេស​​ កម្ពុជា ​នៅ​ឆ្នាំ​ក្រោយ​ ខណៈ​ដែល​ក្រុម​មន្ដ្រី​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​នេះ​​​បាន​ជួប​​ពិ​ភា​ក្សា​អំ​ពី​ការ​រៀប​ចំ​ខ្លួន​ជា​មួយ​និ​យតករ​ធា​នា​រ៉ាប់​រង​​កម្ពុជា​ និង​​​កំ​ពុង​រង់​ចាំ​​ការ​​អនុ​ម័ត​។​

លោក Kamaludin Ahmad អគ្គ​នា​យក​របស់​ក្រុម​ហ៊ុន Etiqa ត្រូវ​បាន​ដក​ស្រង់​​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ព័ត៌​មាន​ពា​ណិជ្ជ​កម្ម Malaysian Reserve ​របស់​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី ​​ថា ​ក្រុម​ហ៊ុន Etiqa កំ​ពុង​ទន្ទឹង​រង់​ចាំ​​​មក​កម្ពុជា​ ខណៈ​ក្រុម​ហ៊ុន​​​​បាន​ពិ​ភា​ក្សា​​ជា​មួយ​និ​យត​ករ​​ ​ហើយ​​​កិច្ច​ប្រ​ជុំ​នេះ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​​យ៉ាង​ខ្លាំង​។​

លោក​ថ្លែង​ថា​៖ «​យើង​មាន​បំ​ណង​ផ្ដល់​ទាំង​សេ​វា​​​ធា​នា​រ៉ាប់​រង​ទូ​ទៅ និង​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​ ហើយ​យើង​ចង់​ស្ថិត​ក្នុង​​រយៈ​ពេល​វែង​»​។​

លោក Kamaludin បាន​បន្ថែម​ថា ​ក្រុម​ហ៊ុន​ Etiqa នឹង​ត្រូវ​ប្រតិ​បត្តិ​ការ​តាម​រយៈ​​ក្រុម​ហ៊ុន​ ២ ​ដើ​ម្បី​​ផ្ដល់​ការ​ធា​នា​រ៉ាប់​រង​ទាំង​ ២ ​ទៅ​តាម​ការ​​តម្រូវ​របស់​និ​យត​ករ​​កម្ពុជា​។​

លោក​បាន​បន្ត​ថា​៖ «​ខុស​ពី​ប្រ​ទេស​​សិង្ហ​បុរី និង​ហ្វី​លី​ពីន ​អាជ្ញា​ប័ណ្ណ​រួម​​មួយ​អាច​ប្រតិ​បត្តិ​ការ​សម្រាប់​ទាំង​ ២ សេ​វា​កម្ម។ ប៉ុ​ន្តែ​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​ វា​ចាំ​បាច់​ត្រូវ​មាន​ ២ គឺ ១ សម្រាប់​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត និង​​ ១ ​ផ្សេង​ទៀត​សម្រាប់​ការ​ធា​នា​រ៉ាប់​រង​ទូ​ទៅ​»​។​

ក្រៅ​ពី​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី ​ក្រុម​ហ៊ុន Etiqa បច្ចុ​ប្បន្ន​​​មាន​ប្រតិ​បត្តិ​ការ​នៅ​​ សិង្ហ​បុរី ​ឥណ្ឌូ​នេ​ស៊ី​​ និង​ហ្វី​លី​ពីន​។​

ឧស្សា​ហ​កម្ម​ធា​នា​រ៉ាប់​រង​នៅ​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​អគ្គ​នា​យក​ដា្ឋន​ឧ​ស្សាហ​​កម្ម​ទូ​ទៅ​នៃ​​ក្រ​សួង​សេដ្ឋ​កិច្ច និង​​ហិរ​ញ្ញ​វត្ថុ​ (MEF)​។

មន្ដ្រី​របស់​ក្រ​សួង​សេដ្ឋ​កិច្ច មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិ​ប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​អា​ទិត្យ​។​

ផែន​​ការ​របស់​ក្រុម​ហ៊ុន Etiqa សម្រាប់​ទី​ផ្សារ​កម្ពុជា នឹង​បង្កើត​ការ​ប្រ​កួត​ប្រ​ជែង​កាន់​តែ​ខ្លាំង​​មួយ​ផ្សេង​ទៀត​​នៅ​ក្នុង​ទី​ផ្សារ​ថ្មី​ថ្មោង​មួយ​នេះ តែ​មាន​សក្តា​នុ​ពល​ចំ​ណេញ​ច្រើន​។

លោក ហ៊ុយ វតា្ថរ៉ូ ប្រ​ធាន​សមា​គម​ធា​នា​រ៉ាប់​រង​កម្ពុជា​​ (I​AC) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អា​ទិត្យ​ថា ​លោក​បាន​ទទួល​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​អំ​ពី​ផែន​ការ​របស់​​ក្រុម​ហ៊ុន​ Etiga សម្រាប់​ការ​វិ​និ​យោគ​នៅ​​​កម្ពុជា​ ទោះ​បី​ជា​​លោក​​មិន​ទាន់​បាន​ទទួល​សេច​ក្ដី​​ប្រ​កាស​ព័ត៌​មាន​ផ្លូវ​ការ​ក៏​ដោយ។

យោង​តាម​លោក វត្ថា​រ៉ូ ព័ត៌​មាន​ដែល​ថា​ ប្រតិ​បត្តិ​ករ​កាន់​តែ​​ច្រើន​ចង់​ចូល​រួម​ក្នុង​ទី​ផ្សារ​ធា​នា​រ៉ាប់​រង​របស់​ប្រ​ទេស​ កម្ពុជា ​​នោះ​ អាច​បង្ហាញ​ថា ឧស្សា​ហ​កម្ម​នេះ​​មាន​ភាព​ទាក់​ទាញ​ និង​​សក្ដានុ​ពល​ក្នុង​ការ​រីក​ចម្រើន​។​

លោក​បាន​មាន​ប្រ​សាសន៍​ថា​៖ «​អ្នក​រក​ស៊ី​ក្នុង​ឧស្សា​ហ​កម្ម​នេះ​កាន់​តែ​ច្រើន​ នឹង​ល្អ​សម្រាប់​អតិ​ថិ​ជន។ វា​នឹង​បង្កើត​​​ផលិត​ផល​ និង​សេ​វា​ល្អ​ៗ​នៅ​ក្នុង​ឧ​ស្សាហ​កម្ម​ធា​នា​រ៉ាប់​រង​​សម្រាប់​អត្ថ​ប្រ​យោជន៍​​របស់​ប្រ​ជា​ជន​កម្ពុជា​»​។​

យោង​តាម​របាយ​ការណ៍​ប្រ​ចាំ​​​ឆ្នាំ​ដែល​ចេញ​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​សមា​គម​ធា​នា​រ៉ាប់​រង​កម្ពុជា​ (IAC)​ សមា​គម​នេះ​​មាន​​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​ទូ​ទៅ​ចំ​នួន ១១ ​ក្រុម​ហ៊ុន​ ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​ចំ​នួន​ ៧ និង​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​​បន្ត​ចំ​នួន ១ ជា​ស​មា​ជិក​។​​

សេ​វា​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​ ​គឺ​ជា​ផលិត​ផល​ថ្មី​​នៅ​កម្ពុជា។ ​​ចូល​ក្នុង​ទី​ផ្សារ​​កម្ពុជា​ដំ​បូង​​ក្នុង​ឆ្នាំ ២០១២ ​ឧស្សាហ​កម្ម​នេះ​​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​ទាក់​ទង​នឹង​បុព្វ​លាភ​ដុល (gr​oss premiums) និង​ចំ​នួន​ប្រ​តិ​បត្តិ​ករ​។​

យោង​តាម​ទិន្ន​ន័យ​ចុង​ក្រោយ​បំ​ផុត​ដែល​ទទួល​បាន​ពី​សមា​គម​ IAC បុព្វ​លាភ​ដុល​សរុប​ក្នុង​ឧស្សា​ហ​កម្ម​​ធា​នា​រ៉ាប់​រង​ (​ទូ​ទៅ និង​អា​យុ​ជី​វិត​) នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា បា​ន​កើន​ឡើង​ដល់ ៤៦,​៨ លាន​ដុល្លារ​ក្នុង​​អំ​ឡុង​ត្រី​មាស​ទី ១ ​នៅ​ឆ្នាំ​នេះ ​ពោល​គឺ​កើន​ឡើង ៣០ ​ភាគ​រយ​​ធៀប​នឹង​ ៣៦,​២​ លាន​ដុ​ល្លារ​​កាល​​ពី​ត្រី​មាស​ទី ១​ នៅ​ឆ្នាំ​មុន។

បុព្វ​លាភ​ដុល​ក្នុង​សេ​វា​ធា​នា​រ៉ាប់​រង​ទូ​ទៅ​​មាន​ចំ​នួន​ ​២៤,​៦​ លាន​ដុល្លារ​ ខណៈ​ដែល​​ការ​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​​​ទទួល​បាន​បុព្វ​លាភ​ដុល​សរុប​ ២​២,​១​ លាន​ដុល្លារ​ នៅ​ត្រី​មាស​ទី ១ ​​ក្នុង​ឆ្នាំ​នេះ៕ ​LA