ភ្នំពេញៈ ក្រុមហ៊ុន​បន្លែ​ធម្មជាតិ Natural Agriculture Village បាន​ប្រើប្រាស់ QR កូដ​លើ​ផលិតផល​ដែល​ធ្វើឲ្យ​អតិថិជន​អាច​ដឹង​ពី​ប្រភព​ផលិតផល ដើម្បី​ធានា​សុវត្ថិភាព​ស្រប​នឹង​គោលការណ៍​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​សុវត្ថិភាព​ស្បៀងអាហារ​ដល់​អតិថិជន​។

លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village និង​ជា​សមាជិក​របស់​ក្រុមហ៊ុន Green Gold ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ក្នុង​ស្រុក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​សៅរ៍​ថា កសិករ​ដែល​ផលិត​បន្លែ​សុវត្ថិភាព​តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ​នឹង​មាន QR កូដ​នៅលើ​ផលិតផល​ពួកគេ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​របស់​លោកស្រី និង​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​។

លោកស្រី​ថ្លែងថា​៖ «​អតិថិជន​អាច​កំណត់​ប្រភពដើម​នៃ​បន្លែ និង​អ្នក​ដាំដុះ​។ វា​នឹង​បង្ហាញថា​តើ​វា​មាន​សុវត្ថិភាព ឬ​មិនមាន​សុវត្ថិភាព នៅពេល​អតិថិជន​ស្កេន QR កូដ​?»​។

លោកស្រី​បាន​លើក​ឡើង​ថា​៖ «​អតិថិជន​អាច​ទិញ​បន្លែ​សុវត្ថិភាព​នៅតាម​ស្ដង់​នៅក្នុង​ផ្សារ អ៊ីអន ខណ្ឌ​សែនសុខ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៦ ​​ខែ​កុម្ភៈ​»​។

លោកស្រី សៀង បាន​ឲ្យ​ដឹងថា​នៅពេល​ថ្មីៗ​នេះ​នាយកដ្ឋាន​កសិកម្ម បាន​ចេញ​វិញ្ញាបនបត្រ​ដល់​កសិករ​ ៤២ ​នាក់​នៅក្នុង​ខេត្ត​មួយចំនួន​ដែល​រួមមាន​ខេត្តកណ្ដាល បាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង និង​បន្ទាយមានជ័យ​។ លោកស្រី​បន្តថា​៖ «​ក្រុមហ៊ុន​របស់​ខ្ញុំ​បាន​ផ្គត់ផ្គង់​បន្លែ​ជា​មធ្យម​ចន្លោះ​ពី​ ៣០០ ទៅ​ ៤០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​លើ​ទីផ្សារ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កសិករ​ទាំងនោះ​ដែល​សន្យាថា នឹង​ទិញ​បន្លែ​ពី​ពួកគេ​ក្នុង​តម្លៃ​ប្រហែល​ ២០០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម​»​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​ថា មាន​កសិករ​ជាង​ ៤០០ ​នាក់​បាន​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ Green Gold ជា​ក្រុមហ៊ុន​ចែកចាយ​ក្នុង​ស្រុក​សម្រាប់​ផ្គត់ផ្គង់​ការអនុវត្ត​កសិកម្ម​ល្អ​ដល់​ផ្សារ​ឡាក់គី ផ្សារ Matro ផ្សារ​អ៊ីអន និង​ទីផ្សារ​ក្នុង​ស្រុក​មួយចំនួន​ទៀត​ដែល​រួមមាន​ផ្សារ​ធំថ្មី ផ្សារ​ដើមគ ផ្សារ​ដេប៉ូ និង​ផ្សារ​ទួលទំពូង​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​រាយការណ៍​លើក​មុន​ថា កាលពី​ឆ្នាំមុន​ប្រទេស​ កម្ពុជា​ បាន​ប្រើប្រាស់​បន្លែ ៥០០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​ ដែល​ចំណាយ​ប្រចាំថ្ងៃ​នៅ​ចន្លោះ​ពី ២០០ ០០០ ​ដុល្លារ​ ទៅ​ ៣០០ ០០០ ​ដុល្លារ​។

កម្ពុជា​ក៏ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា បាន​នាំចូល​ផ្លែឈើ និង​បន្លែ​មានតម្លៃ​ជាង​ ៣០០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​ផងដែរ​ ក្នុង​អំឡុង​ ២-៣ ​ឆ្នាំ​មុន​។

ថ្មីៗ​នេះ​ក្រសួង​កសិកម្ម​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង «​ផ្សារ​កសិកម្ម​កម្ពុជា​» ជា​កម្មវិធី​ចល័ត​មួយ​ដែល​ត​ភ្ជាប់​កសិករ​ជាមួយ​អ្នកទិញ​ដ៏មាន​សក្ដានុពល និង​ផ្ដល់​ដល់​ពួកគេ​នូវ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​​ទីផ្សារ​សំខាន់ៗ​៕LA