ហ្វ្រេងហ្វឺតៈ BMW ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បិទ​រោងចក្រ​នៅ​អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង ដែលមាន​ចំនួន​ពាក់កណ្ដាល​នៃ​ទិន្នផល​របស់ខ្លួន​ក្នុង​ ១ ​ខែ​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈានមុខ​គេ​ផ្សេងទៀត​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

ក្រុមហ៊ុន​នេះ​ក៏បាន​ព្រមាន​ដែរ​ថា ប្រាក់ចំណេញ​នៅ​ឆ្នាំ​​នេះ​នឹង​ធ្លាក់ចុះ​កាន់តែ​ទាប​ខ្លាំង ដោយសារ​តែ​វិបត្តិ​នេះ​។

លោក Oliver Zipse ប្រធាន​ប្រតិបត្តិ​បាន​ថ្លែងថា​៖ «​ចាប់ពី​ថ្ងៃនេះ​ទៅ យើង​នឹង​បិទ​រោងចក្រ​ផលិត​រថយន្ត​អឺរ៉ុប​របស់​យើង និង​រោងចក្រ​នៅ​តំបន់ Rosslyn នៅ​អាហ្វ្រិក​ខាងត្បូង​»​។

លោក​បន្ថែមថា ការបង្អាក់​នេះ​ត្រូវ​បាន​រំពឹងថា នឹងមាន​រយៈពេល «​រហូតដល់​ថ្ងៃទី​ ១៩ ខែមេសា​»​។

រោងចក្រ​របស់ BMW ជុំវិញ​អឺរ៉ុប​នៅ​រដ្ឋ Bavaria ​ជា​កន្លែង​ផ្សេងទៀត​នៅ​ប្រទេស​អាល្លឺម៉ង់ និង​កន្លែង​ឆ្ងាយៗ​រួម​ជាមួយនឹង​រោងចក្រ​នៅ​អាហ្វ្រិក​ខាង​ត្បូង​មាន​ចំនួន​ពាក់កណ្ដាល​នៃ​រថយន្ត​ចំនួន ២,៥៦ ​លាន​គ្រឿង​ដែល​ក្រុមហ៊ុន​នេះ​បាន​ផលិត​កាលពី​ឆ្នាំ​ ២០១៩​។

ជុំវិញ​អឺរ៉ុប​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងទៀត​ដែល​រួមមាន Mercedes-Benz ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Daimler ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន Ford ក្រុមហ៊ុន Fiat និង​ក្រុមហ៊ុន Peugeot បាន​បិទ​រោងចក្រ​ដោយសារតែ​វិបត្តិ​កូវីដ​១៩​។

លោក Zipse អគ្គនាយក​ក្រុមហ៊ុន BMW បាន​ថ្លែងថា​៖ «​ចំណែក​ខាង​ទំនិញ​ជាច្រើន​តម្រូវការ​រថយន្ត​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​» ដោយសារ​តែ​វីរុស​នេះ និង​វិធានការ​ទប់ស្កាត់​ដែល​ជាប់ទាក់ទង​។

រដ្ឋាភិបាល​អាល្លឺម៉ង់​មាន​ច្បាប់​រួចហើយ ដែល​គ្រប់គ្រង​លើ​សំណង​សម្រាប់​កម្មករ​ដែល​ម៉ោង​ការងារ​របស់​ពួកគេ​ត្រូវបាន​កាត់បន្ថយ​ក្នុង​អំឡុង​មាន​វិបត្តិ​នេះ​៕ LA