ក្រុង​ហ្សាការតាៈ ក្រុមហ៊ុន Tokopedia ដែល​ជា​ប្រតិបត្តិ​ករ​គេហ​ទំព័រ​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​អន​ឡាញ​ដ៏​ធំ​​របស់​ឥណ្ឌូ​នេ​ស៊ី បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​ប្រមូល​មូល​និធិ​បាន​ចំនួន ​១,១ ​ពាន់​លាន​ដុល្លារ​ពី​វិនិ​យោគិន​មួយ​ចំនួន ​រួម​ទាំង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជប៉ុន SoftBank និង​ក្រុមហ៊ុន​ Alibaba របស់​ចិន​ផង​ដែរ​។

ការ​ផ្តល់​ហិរញ្ញប្បទាន​ចុង​ក្រោយ​បំផុត​​សម្រាប់​ក្រុម​ហ៊ុន Tokopedia ដែល​​អនុ​ញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​ហាង​លក់​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ​និង​ទូទាត់​​ប្រតិ​បត្តិ​ការ​នា​នា ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជំរុញ​មួយ​​​​ពី​សំណាក់​​ក្រុម​ហ៊ុន​បរទេស​​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​​​ទីផ្សារ​អន​ឡាញ​ដែល​កំពុង​​ស្ទុះ​ងើប​​​របស់​ឥណ្ឌូ​នេ​ស៊ី។

វិនិ​យោ​គិន​ធំ​ៗ ដែល​ក៏​​​រួម​មាន​​​ទាំង​ក្រុម​ហ៊ុន​ Expedia និង​ក្រុមហ៊ុន Tencent របស់​ប្រទេស​ ចិន ​ផង​ដែរ​នោះ​បាន​ចាក់​​បញ្ចូល​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ក្រុមហ៊ុន​ទើប​បង្កើត​​ថ្មី​ផ្នែក​បច្ចេក​វិទ្យា​របស់​ឥណ្ឌូ​នេ​ស៊ី​មួយ​នេះ ​​ដើម្បី​ទាញ​យក​អត្ថ​ប្រយោ​ជន៍​ពី​សេដ្ឋ​កិច្ច​ឌីជី​ថល​ដែល​កំពុង​កើន​​ឡើង​។

ក្រុម​ហ៊ុន​ Tokopedia ដែល​បង្កើត​ឡើង​កាល​ពី​ជិត​ ១ ​ទសវត្សរ៍​​មុន​​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​បន្ត​ផ្តោត​លើ​ទី​ផ្សារ​​​​​ឥណ្ឌូ​នេស៊ី​ ដែល​​មាន​ប្រជាជន​រហូត​ដល់​ ២៦០ លាន​នាក់ ជា​ទី​ដែល​​​ប្រជាជន​មាន​ជីវភាព​មធ្យម​​​​កំពុង​កើន​ឡើង​។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្រុម​ហ៊ុន​រំពឹង​ថា​នឹង​ប្រើ​ប្រាស់​​មូល​និធិ​នេះ​ដើម្បី​កសាង​បច្ចេក​វិទ្យា​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​​​ផ្តល់​អត្ថ​ប្រយោ​ជន៍​ដល់​អាជីវ​កម្ម​ក្នុង​ស្រុក​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​​​រីក​ចម្រើន​»។

ចំនួន​អ្នក​​​ប្រើ​ប្រាស់​អុីន​ធឺ​ណិ​ត​អាច​មាន​​ប្រមាណ ៤៨០ ​លាន​​នាក់​ក្នុង​​​​ឆ្នាំ​ ២០២០ ​នៅ​អាស៊ាន៕ AFP/NS