ភ្នំពេញៈ លោក Alex Odom ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនមូលនិធិវិនិយោគ Belt Road Capital Management (BRCM) បានផ្តល់បទសម្ភាសដល់អ្នកស្រី ចេង សុខហ័ង អ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍ ដើម្បីជជែកអំពីមូលនិធិដែលត្រូវបានវិនិយោគ លើសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ព្រមទាំងគោលបំណងនៃការវិនិយោគប្រកបដោយសក្ដានុពលរបស់ខ្លួន។
បច្ចុប្បន្ន ក្រុមហ៊ុន BRCM បានទិញភាគហ៊ុន ៤០ ភាគរយនៅក្នុង Sabay Digital Corporation ដែលជាក្រុមហ៊ុនផ្សព្វផ្សាយ និងកម្សាន្តឌីជីថល ខណៈកាលពីដើមឆ្នាំនេះ ក្រុមហ៊ុននេះក៏បានវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ផងដែរ។
១. តើក្រុមហ៊ុន BRCM ត្រូវបានបង្កើតឡើងនៅពេលណា? តើមូលនិធិបានមកពីប្រភពណា?
ក្រុមហ៊ុន Belt Road Capital Management (BRCM) ត្រូវបានបង្កើតឡើង កាលពីពាក់កណ្ដាលឆ្នាំ ២០១៧។ គោលបំណងពាណិជ្ជកម្មដំបូង គឺដើម្បីផ្ដល់សេវាគ្រប់គ្រងហិរញ្ញវត្ថុអាជីព សម្រាប់មូលនិធិ ដែលស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់ទន្លេមេគង្គ (Mekong Region)។ ក្រុមវិនិយោគិនរបស់យើង គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC)។
២. តើក្រុមហ៊ុន BRCM សហការ ឬជួយលើកកម្ពស់ SME ក្នុងស្រុកដោយរបៀបណា?
មូលនិធិដំបូងរបស់យើងត្រូវបានកំណត់ទិសដៅឆ្ពោះទៅរកសហគ្រាសធុនតូច និងមធ្យម(SME)។ យើងធ្វើជាដៃគូជាមួយ SME ដែលមានសក្តានុពលជោគជ័យ ក្នុងតំបន់ទន្លេមេគង្គ ដែលមានទាំងប្រទេស កម្ពុជា ផងដែរ ដើម្បីគាំទ្រដល់ការសម្រេចបានជោគជ័យនូវគោលដៅជាយុទ្ធសាស្ដ្រ ជួយសម្រួលកំណើនប្រកបដោយស្ថិរភាព និងពង្រីកលទ្ធភាពចូលទីផ្សារថ្មីសម្រាប់ក្រុមហ៊ុនទាំងនេះ។
ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន BRCM បានវិនិយោគលើកដំបូងក្នុងក្រុមហ៊ុន Digital Classified Group (DCG) ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយក្រុមហ៊ុន realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅប្រទេស កម្ពុជា។ មូលធននេះត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀតដល់ប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា ព្រមទាំងពង្រីកពាណិជ្ជកម្ម ចូលទៅក្នុងទីផ្សារក្នុងតំបន់ផ្សេងទៀតផងដែរ។
ថ្មីៗនេះក្រុមហ៊ុន BRCM បានវិនិយោគក្នុងក្រុមហ៊ុន Sabay Digital Corporation (Sabay) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះបំផុតរបស់កម្ពុជា។ ការវិនិយោគនេះគឺដើម្បីការពង្រឹងបន្ថែមនូវការអភិវឌ្ឍការលេងហ្គេមតាមរយៈ Sabay Osja ដែលជាស្ទូឌីយោលេងហ្គេមរបស់ពួកគេ ព្រមទាំងដើម្បីនាំយកជើងឯកខាងលេងហ្គេមអន្តរជាតិមកកម្ពុជាផងដែរ។
៣. តើលោកផ្ដោតការយកចិត្តទុកដាក់លើសក្ដានុពលពាណិជ្ជកម្មប្រភេទអ្វី? ហេតុអ្វី?
យើងមើលឃើញតម្លៃជាច្រើនខាងបច្ចេកទេស និងអាជីវកម្មដែលផ្អែកលើគេហទំព័រ (platform) នៅពេលនេះ។ ផលបត្រវិនិយោគបច្ចុប្បន្នរបស់យើងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគំនិតនៃការវិនិយោគនោះ។ ប៉ុន្តែយើងមិនស្ថិតក្នុងវិស័យណាជាក់លាក់ទេ ហើយកំពុងស្វែងរកឱកាសនានារាប់ចាប់ពីវិស័យថែទាំសុខភាព រហូតដល់វិស័យដឹកជញ្ជូន និងអប់រំ។
សម្រាប់គុណភាពរបស់ក្រុមហ៊ុនដែលអាចនឹងត្រូវវិនិយោគជាមួយ យើងស្វែងរកក្រុមហ៊ុនដែលមានក្រុមអ្នកដឹកនាំដ៏រឹងមាំ និងប្រវត្តិប្រតិបត្តិការរយៈពេល ២ ឆ្នាំឬលើសពីនេះ។
ក្រុមហ៊ុនទាំងនោះគួរមានផែនការកំណើនដែលអាចរស់រានបាន និងរឹងមាំ ដែលជាធម្មតាប្រតិបត្តិការក្នុងវិស័យនានា ដែលមានគំរូអាជីវកម្មត្រូវបានបង្ហាញឲ្យឃើញ និងត្រូវបានធ្វើតេស្ត។
៤. តើលោកមើលឃើញការអភិវឌ្ឍរបស់ SME បច្ចុប្បន្ននៅក្នុងប្រទេស កម្ពុជា យ៉ាងណាដែរ?
មានការកើនឡើងចំនួន SME ជារួមនៅក្នុងតំបន់ដែលរួមមានទាំងប្រទេសកម្ពុជានេះ ដែលបង្ហាញសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងប្រទេស កម្ពុជា យើងកំពុងមើលឃើញ SME កាន់តែច្រើនឡើងៗដែលស្វែងរកមូលធនវិនិយោគ។ ជារឿយៗ ក្រុមហ៊ុនទាំងនោះ ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក។ ក្រុមហ៊ុនទាំងនេះនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន។
៥. រហូតមកដល់ពេលនេះ តើលោកផ្ដល់ហិរញ្ញប្បទានច្រើនប៉ុន្មានហើយដល់ SME?
រហូតមកដល់ពេលនេះ យើងបានបញ្ចេញមូលធនវិនិយោគប្រហែល ២០ លានដុល្លារ ទៅក្នុងតំបន់នេះ ដោយមានកិច្ចព្រមព្រៀងក្នុងតម្លៃចាប់ពី ២ លានដុល្លាររហូតដល់ ៧ លានដុល្លារ។
ដូចទៅនឹងក្រុមហ៊ុននៅកម្ពុជាចំនួន ២ ដែលយើងបានវិនិយោគពោលគឺក្រុមហ៊ុន Sabay និងRealesate.com.kh យើងសង្ឃឹមថា នឹងមើលឃើញការវិនិយោគប្រភេទនេះកាន់តែច្រើននៅកម្ពុជា ហើយយើងកំពុងស្វែងរកយ៉ាងសកម្ម។
៦. តើលោកមានផែនការណាមួយផ្សេងទៀតទេ?
ក្នុងឆ្នាំ ២០១៩ យើងគ្រោងបង្កើនឧបករណ៍វិនិយោគ (investment vehicle) ទី ២ ដោយផ្ដោតការយកចិត្តទុកដាក់ស្រដៀងគ្នាមួយលើការវិនិយោគមូលនិធិឯកជននៅក្នុងតំបន់ទន្លេមេគង្គ។ យើងកំពុងតែស្វែងរកសកម្មភាពនៃការវិនិយោគកាន់តែធំក្នុងវិស័យអចលនទ្រព្យ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ៕ LA