ក្រុង​ញូវយ៉កៈ ក្រុម​ហ៊ុន​ Verizon បាន​ប្រកាស​​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​កាត់​បន្ថយ​តម្លៃ​ទ្រព្យ​​សកម្ម​ចំនួន​​​ ៤,​៦ ​ពាន់​លាន​ដុល្លារ​​ពី​ទ្រព្យ​សកម្ម​​ដែល​បាន​ទិញ​ពី​ក្រុម​ហ៊ុន Yahoo ដោយ​សារ​តែ​​​ប្រតិ​បត្តិការ​មិន​ល្អ​​។​

ក្រុម​ហ៊ុន Verizon ​ធ្លាប់​បាន​លើក​ឡើង​ថា ការ​រួម​បញ្ចូល​​គ្នា​នូវ​ក្រុមហ៊ុន Yahoo Finance និង​ក្រុម​ហ៊ុន Yahoo Mail ជា​មួយ​​ក្រុម​ហ៊ុន​ HuffPost និង​ទ្រព្យ​សកម្ម​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​​ AOL នឹង​ទាក់​ទាញ​​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម និង​បង្កើន​តម្លៃ​ក្រុមហ៊ុន​។​

ប៉ុន្តែ​​ជំនួស​មក​វិញ​ ទ្រព្យ​សកម្ម​​ដែល​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​ថា​ «Oath» «​បាន​ជួប​ប្រទះ​​ការ​​ប្រកួត​ប្រជែង និង​សម្ពាធ​ទី​ផ្សារ​កាន់​តែ​ខ្លាំង​​ពេញ​មួយ​ឆ្នាំ ២០១៨ ដែល​​បាន​បណ្ដាល​​ឲ្យ​មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ទាប​ជាង​ការ​រំ​ពឹង​ទុក​»​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​អាមេរិក​មួយ​នេះ​​តាម​រយៈ​​ឯក​សារ​មួយ​ដែល​ផ្ញើ​ទៅ​​កាន់​ផ្សារ​ហ៊ុន​​។

សម្ពាធ​​​ប្រកួត​ប្រជែង​ ដែល​ក្រុម​ហ៊ុន Oath ​បាន​ប្រឈម «​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​ និង​បាន​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​ចំណែក​ទី​ផ្សារ​​ទៅ​ឲ្យ​​ក្រុម​ហ៊ុន​ដៃ​គូ​ប្រកួត​ប្រជែង​របស់​​យើង​ ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ឌីជីថល​»​។​

ជា​លទ្ធ​ផល ​ក្រុម​ហ៊ុន Verizon បាន​ឲ្យ​ដឹង​ថា «​តម្លៃ​ទីផ្សារ» របស់​ទ្រព្យ​សកម្ម​ដែល​បាន​ទិញ​​កាល​ពី​ឆ្នាំ​ ២០១៧ ​ចាំ​បាច់​ត្រូវ​​​បាន​កាត់​បន្ថយ​ចំនួន​ ៤,៦ ​ពាន់​លាន​ដុល្លារ​។​

ការ​បង្ហាញ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុម​ហ៊ុន​មួយ​នេះ​បាន​ប្រកាស​ថា បុគ្គលិក​ចំនួន ១០,៤០០ នាក់ នឹង​ចាក​ចេញ​​ពី​ក្រុមហ៊ុន​នៅ​ដើម​ឆ្នាំ​ក្រោយ ​ក្នុង​កម្មវិធី​​ជម្រុះ​បុគ្គលិក​ដោយ​ស្ម័គ្រ​ចិត្ត​​មួយ ខណៈ​ដែល​​​ក្រុម​ហ៊ុន Verizon រៀបចំ​ឡើង​វិញ​នូវ​តួនាទី​របស់​ខ្លួន ​​សម្រាប់​​ការ​ចេញ​លក់​ទូរស័ព្ទ​មាន​សេវា 5G ថ្មី​។​

ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​មួយ​​​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​​ចំណាយ​ប្រហែល​ពី​ ១,៨ ​​ពាន់​លាន​ដុល្លារ​ទៅ​ ២,១ ​ពាន់​លាន​​ដុល្លារ​ ដើ​ម្បី​រ៉ាប់រង​​លើ​ការ​ចំណាយ​សម្រាប់​​ប្រាក់​បំណាច់​ ដែល​រួម​មាន​ទាំង​​​ប្រាក់​ខែ​​រហូត​ដល់​ ៦០ ខែ​។​

ក្រុម​ហ៊ុន Verizon ​គ្រោង​នឹង​ចំណាយ​បន្ថែម​ទៀត​​ចំនួន ២,១ ​ពាន់​លាន​ដុល្លារ​ សម្រាប់​ការ​រៀប​ចំ​ឡើង​វិញ​នៃ​ស្ថាប័ន​ច្បាប់​របស់​ខ្លួន​ ដែល​ជាប់​ទាក់​ទង​នឹង​អា​ជីវ​កម្ម​បណ្តាញ​អ៊ីន​ធឺ​ណិត​ឥត​ខ្សែ​​​។​

តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Verizon បាន​កើន​ឡើង​ ០,៩ ​ភាគរយ​ដល់​ ៥៨,​៨២ ​ដុល្លារ​នៅ​ក្នុង​ការ​ជួញដូរ​ពេល​ថ្ងៃ​ត្រង់​នៅ​ផ្សារ​ហ៊ុន​អាមេរិក​៕​ AFP/LA