ក្រុង​វ៉ា​ស៊ីន​តោនៈ ក្រុម​ហ៊ុន​ Sears ​ជា​​ក្រុ​ម​ហ៊ុន​ធ្លាប់​គ្រប់​គ្រង​វិ​ស័យ​លក់​រាយ​ឈាន​មុខ​គេ​របស់​អា​មេ​រិក​ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​​ចាប់​តាំង​ពី​ការ​មក​ដល់​នៃ​សម័យ​ Amazon ​បាន​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន​កាល​ពី​ថ្ងៃ​ចន្ទ​​និង​បាន​ប្រ​កាស​ថា ខ្លួន​បាន​បិទ​ហាង​លក់​រាយ​​ជិត​ ១៥០ ​ហាង​។​

បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ​១៨៨៦ ​ក្រុម​ហ៊ុន​នេះ​គឺ​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​នៃ​ហាង​​លក់​រាយ​​ធំ​ៗ​​ ដែល​បាន​បម្រើ​មនុស្ស​គ្រប់​គ្នា ​ហើយ​​​ពាក់​កណ្ដាល​សត​វត្សរ៍​ទី​ ២០​ ក្រុម​ហ៊ុន​នេះ​បាន​ក​សាង​​ចក្រ​ភព​លក់​រាយ​ដ៏​ធំ​មួយ​ ដែល​លាត​សន្ធឹង​​ទូ​ទាំង​អា​មេ​រិក​ខាង​ជើង​។

ប៉ុន្តែ​​ក្រុម​ហ៊ុន​នេះ​បាន​បិទ​ហាង​លក់​រាប់​រយ​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ថ្មី​ៗ​នេះ​ ដោយ​សារ​តែ​ការ​​ធ្លាក់​ចុះ​​ការ​លក់​រាយ​ ដែល​​មួយ​ផ្នែក​ដោយ​ការ​កើត​ឡើង​​​ក្រុម​ហ៊ុន ​Amazon ​និង​ក្រុម​ហ៊ុន​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត​​។​​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​ដោយ​ក្រុម​ហ៊ុន ​Sears ​Holdings ​Corporation ​បាន​ឲ្យ​ដឹង​ថា​៖ «​​ក្រុម​ហ៊ុន​នេះ ​និង​​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំ​នួន​របស់​ខ្លួន​​បាន​ដាក់​ញត្តិ​ដោយ​ស្ម័គ្រ​ចិត្ត ​សម្រាប់​ជំ​នួយ​ស្ថិត​ក្រោម​ជំ​ពូក​ ១១ ​នៃ​ច្បាប់​ក្ស័យ​ធន​​នៅ​តុ​លា​ការ​ក្ស័យ​ធន​អា​មេ​រិក​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង​ញូវ​យ៉ក»​។​

​ក្រុម​ហ៊ុន ​Sears ​កំ​ពុង​លង់​ខ្លួន​ដោយ​សារ​បំ​ណុល ​ហើយ​តាម​ការ​រាយ​ការណ៍​មិន​អាច​សង​ប្រាក់ ​១៣៤ ​លាន​ដុល្លារ​ ដែល​បាន​​កំ​ណត់​ពេល​នៅ​ថ្ងៃ​ចន្ទ​។​

​លោក ​Edward S.​ Lampert ​ប្រ​ធាន​ Sears ​Holdings ​បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន​ នឹង​ផ្ដល់​ដល់​ក្រុម​ហ៊ុន​នេះ​នូវ​ «​ភាព​អាច​បត់​បែន​បាន​ ដើ​ម្បី​ពង្រឹង​តា​រាង​តុល្យ​ភាព​របស់​ខ្លួន​» និង​អាច​ឲ្យ​ក្រុម​ហ៊ុន​នេះ​​ពន្លឿន​​ការ​ផ្លាស់​ប្តូរ​​យុទ្ធ​សាស្ដ្រ​​។​

​ក្រុម​ហ៊ុន​នេះ​​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​បំ​ណង​​​ក្នុង​ការ​រៀប​ចំ​ឡើង​វិញ​នូវ​រចនា​ស​ម្ព័ន្ធ​ហាង​​កាន់​តែ​តូច​ ដែល​ជា​យុទ្ធ​សាស្ដ្រ​មួយ​​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​ នឹង​ជួយ​​សង្គ្រោះ​ការ​ងារ​បាន​រាប់​សែន​​៕ AFP/LA​