ភ្នំពេញៈ ក្រុមហ៊ុនដែលនៅពីក្រោយការវិនិយោគកោះសង្សារបានប្រកាសគម្រោង វិនិយោគកន្លែងលម្ហែកាយថ្មីមួយទៀតក្នុងតម្លៃជាង ២៥០ លានដុល្លារក្នុងខេត្តសៀមរាប ដើម្បីចាប់យកអត្ថប្រយោជន៍ពីកំណើនភ្ញៀវទេសចរនៅក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។
គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានអេកូទេសចរណ៍ដែលមានឈ្មោះថា Song Saa Reserve នេះបានប្រកាសស្វែងរកដៃគូវិនិយោគជាផ្លូវការកាលពីថ្ងៃម្សិលមិញ ដោយរំពឹងថានឹងក្លាយជារមណីយដ្ឋានអេកូទេសចរណ៍ធំបំផុតក្នុងប្រទេស កម្ពុជា ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។
គម្រោងដែលមានចម្ងាយជាង ១ គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី និងជាង ១៩ គីឡូម៉ែត្រពីភ្នំគូលែន ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១២៥ ហិកតា ដោយមានបឹងធម្មជាតិទំហំ ៣៥ ហិកតា។ គម្រោងនេះរួមមានការសាងសង់សណ្ឋាគារ វីឡា និងសម្ភាររូបវន្តជាច្រើនទៀតដែលពាក់ព័ន្ធនឹងវិស័យបដិសណ្ឋារកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។
លោក Rory Hunterអគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Song Saa Collective ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោង កោះសង្សារ ដែលមានតម្លៃខ្ពស់ក្នុងខេត្តព្រះសីហនុ បានកត់សម្គាល់ថា ការអភិវឌ្ឍគម្រោងថ្មីនេះ ដើម្បីចាប់យកភ្ញៀវទេសចរដែលកំពុងកើនឡើងក្នុងខេត្តសៀមរាប។
លោកថ្លែងថា៖ «ចាប់តាំងពីខ្ញុំមកដល់កម្ពុជាក្នុងឆ្នាំ ២០០៥ ខ្ញុំបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រទេសនេះក្នុងរបៀបមួយដែលមានការរួមបញ្ចូល និងបន្ស៊ីទៅនឹងអត្ថប្រយោជន៍ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញទៅពិភពលោកថា តើប្រទេសនេះពិសេសយ៉ាងណា?»។
នេះគឺជាគម្រោងទី ២ ដែលផ្តួចផ្តើមដោយលោក Rory Hunter បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍគម្រោងរមណីយដ្ឋានតំបន់ឆ្នេរ Song Saa Private Island ក្នុងខេត្តព្រះសីហនុ ដែលជាទីតាំងសម្រាកកម្សាន្តសម្រាប់ភ្ញៀវទេសចរមានប្រាក់ច្រើន និងទទួលបានកេរ្តិ៍ឈ្មោះល្បីក្នុងពិភពលោករួចមក។
បើតាមលោក Rory Hunter បច្ចុប្បន្ននេះកោះសង្សារបានក្លាយជាកន្លែងសម្រាកកម្សាន្តលំដាប់កំពូលទាំង ១០ ទូទាំងពិភពលោក។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលជាភ្នាក់ងារទទួលខុសត្រូវលើ ការលក់គម្រោង Song Saa Reserve ផ្តាច់មុខបានថ្លែងថា បន្ទាប់ពីប្រកាសបើកលក់គម្រោងនេះក្នុងប្រទេស កម្ពុជា រួចហើយ ក្រុមហ៊ុនរបស់លោកស្រីនឹងចាប់ផ្តើមធ្វើយុទ្ធនាការទីផ្សារនៅទីក្រុង ហុងកុង ទីក្រុង ស៊ាងហៃ និងប្រទេស សិង្ហបុរី។
លោកស្រីបន្តថា ៖ «រហូតមកដល់ពេលនេះមានក្រុមហ៊ុនវិនិយោគក្នុងផ្នែកបដិសណ្ឋារកិច្ច នៅបរទេសចំនួន ២-៣ កំពុងចាប់អារម្មណ៍ក្នុងការចូលមកវិនិយោគចំពោះគម្រោងនេះ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា កំណើនភ្ញៀវទេសចរកំពុងធ្វើឲ្យកម្ពុជាប្រឈមនឹងកង្វះខាតផលិតផលទេសចរណ៍ជាច្រើន ពិសេសតំបន់នៅឆ្ងាយៗ។ គម្រោងនេះនឹងចូលរួមចំណែកធ្វើឲ្យវិស័យទេសចរណ៍ក្នុងតំបន់ប្រាសាទបន្ទាយស្រីកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
លោកស្រីថ្លែង៖ «ខ្ញុំសូមគាំទ្រចំពោះការអភិវឌ្ឍផលិតផលដែលគាំទ្រដល់វិស័យទេសចរណ៍ ហើយស្ថិតនៅឆ្ងាយពីទីក្រុងបែបនេះ ព្រោះវានឹងផ្តល់នូវកន្លែងស្នាក់នៅសម្រាប់ភ្ញៀវ ព្រមទាំងអាចផ្តល់នូវបទពិសោធនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ផ្ទាល់»។
ទិន្នន័យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៩ លាននាក់កើនឡើង ១១,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។
កាលពីឆ្នាំ ២០១៧ គ្រាន់តែសៀមរាបមួយទទួលបានភ្ញៀវទេសចរបរទេសជិត ២,៥ លាននាក់ កើនឡើង ១១,៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦៕