ប៉េកាំងៈ ​ការ​អង្កេត​មួយ​បាន​បង្ហាញ​កាល​ថ្ងៃ​ពុធ​ថា ​ក្រុមហ៊ុន​អាមេរិក​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ​ចិន ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​​​​​រវាង​​ប្រទេស​ទាំង ២​ ដែល​បង្ខំ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ត្រូវ​រក​ទីតាំង​ថ្មី​​នៅ​បរទេស​ ឬ​ផ្ដោត​​ជា​ថ្មី​លើ​អាជីវកម្ម​របស់​ពួក​គេ​។

ការ​ស្ទង់មតិ​ថ្មីៗ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​ប្រទេស ​ចិន ​និង​អង្គការ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​​ទីក្រុង​ស៊ាងហៃ ​ពណ៌នា​ស្ថានការណ៍​​មិន​ច្បាស់​លាស់​មួយ​នៃ​បរិយាកាស​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​។​

៣ ​ភាគ ៤ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឆ្លើយ​​សំណួរ​ចំនួន ​២៥០ ​បាន​ឲ្យ​ដឹង​ថា ​ការ​បង្កើន​ពន្ធ​នាំចូល​របស់​អាមេរិក​ និង​ចិន​កំពុង​មាន​ «​ផល​ប៉ះពាល់​អវិជ្ជមាន​» មួយ ​លើ​អាជីវកម្ម​របស់​ពួក​គេ​ ខណៈ​​ការ​បញ្ជា​ទិញ​​កំពុង​បញ្ចប់ ដោយសារ​តែ​ការ​បង្កើន​ការ​ចំណាយ​ការ​ផលិត ​និង​តម្លៃ​។​

ជិត​ពាក់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​បាន​ជួប​ប្រទះ​វិធានការ​សងសឹក​ដែល​មិនមែន​​ពន្ធ​នាំចូល​ក្នុង​ប្រទេស ​ចិន ​ចាប់​តាំង​ពី​ឆ្នាំ​មុន ​ហើយ​ក្នុង​នោះ​មួយ​ក្នុង​ចំណោម​ ​៥ រាយការណ៍​​ពី​ការ​បង្កើនការ​ត្រួត​ពិនិត្យ ​និង​ប្រឈម​នឹង​ការ​​ប្រើប្រាស់​ពេល​វេលា​ការ​ជម្រះ​ពន្ធ​គយ​កាន់​តែ​យឺត​។

មាន​ក្រុមហ៊ុន​ ១៤ ​ភាគរយ ​បាន​ត្អូញត្អែរ​អំពី​ភាព​ស្មុគស្មាញ​ផ្សេង​ទៀត​​ដោយសារ​តែ​ការ​បង្កើន​ការ​ត្រួត​ពិនិត្យ​ការិយាធិបតេយ្យ​ និង​ការ​ត្រួត​ពិនិត្យ​​​បទប្បញ្ញត្តិ​។​

រហូត​មក​ដល់​ពេល​នេះ​អាមេរិក​ និង​ចិន ​បាន​យក​ពន្ធ​នាំចូល​​ទៅ​វិញ​ទៅ​មក​​លើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​​មាន​តម្លៃ​ជាង ​៣៦០ ​ពាន់​លាន​ដុល្លារ​។​

ការ​ស្ទង់មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​​ពី​ថ្ងៃទី ​១៦​ ខែ ​ឧសភា ដល់​ថ្ងៃ​ទី ​២០​ ​ខែ ​ឧសភា ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​អាមេរិក​បង្កើន​ពន្ធ​នាំចូល​​ជាង ​២ ដង ​លើ​ទំនិញ​របស់​ប្រទេស ចិន ​​ដែល​មាន​តម្លៃ ​២០០ ​ពាន់​លាន​ដុល្លារ​ ហើយ​ទីក្រុង​ប៉េកាំង​​បាន​សងសឹក​ដោយ​ពន្ធ​នាំចូល​កាន់​តែ​ខ្ពស់​លើ​ផលិតផល​របស់​អាមេរិក​ដែល​មាន​តម្លៃ ​៦០ ​ពាន់​លាន​ដុល្លារ​។

ការ​ស្ទង់មតិ​នេះ​បាន​បង្ហាញ​ថា ​៣៥ ​​ភាគរយ នៃ​ក្រុមហ៊ុន​ទាំង​នេះ​នឹង​ទទួល​យក​យុទ្ធសាស្ដ្រ​ «​នៅ​ក្នុង​ប្រទេស ​ចិន សម្រាប់​​ប្រទេស ​ចិន​»​ ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស ​ចិន ​និង​ការ​កំណត់​ទិសដៅ​ទីផ្សារ​​ក្នុង​ស្រុក​​។​​

ប៉ុន្តែ​ជាង ​៤០ ​ភាគរយ ​​បាន​ឲ្យ​ដឹង​ថា​ ពួក​​គេ «កំពុង​ពិចារណា​ ឬ​បាន​រក​ទីតាំង​ថ្មី​» រោងចក្រ​ផលិត​នៅ​ក្រៅ​ប្រទេស ​ចិន ​ជាមួយ​នឹង​​ប្រទេស ​ម៉ិកស៊ិក ​និង​​អាស៊ី​ខាង​ត្បូង​ជា​ជម្រើស​​ពេញ​ចិត្ត​ជាង​គេ​សម្រាប់​​ការ​ផលិត​។​

ក្រុមហ៊ុន​តិច​ជាង ​៦ ​ភាគរយ ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​​បាន​ផ្លាស់​ប្តូរ​ ឬ​កំពុង​ពិចារណា​ការ​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ពួក​​គេ​​ទៅ​អាមេរិក​។

លោក ត្រាំ បាន​ចាប់​ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​ទាញ​យក​ការ​កែ​ទម្រង់​សេដ្ឋកិច្ច​កាន់​តែ​ស៊ីជម្រៅ​​ពី​ទីក្រុង​ប៉េកាំង​ដែល​ចោទ​ប្រកាន់​ប្រទេស ចិន ​ពី​បទ​ព្យាយាម​ត្រួតត្រា​​ឧស្សាហកម្ម​ពិភព​លោក​ តាមរយៈ​អន្តរាគមន៍​របស់​​រដ្ឋ​ដ៏​ធំ​នៅ​ក្នុង​ទីផ្សារ ​និង​ចោរកម្ម​បច្ចេកវិទ្យា​​អាមេរិក​។​

ទោះបី​ជា​ការ​រង​ផល​ប៉ះ​ពាល់​នេះ​ក៏​ដោយ ក៏​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​គាំទ្រ​ការ​​​ចរចា​ពាណិជ្ជកម្ម​​ដើម្បី​ដោះស្រាយ​ «​បញ្ហា​រចនា​សម្ព័ន្ធ ​ដែល​អាច​ឲ្យ​ពួក​គេ​ប្រតិបត្តិការ​លើ​​កម្រិត​ស្មើភាព​គ្នា​កាន់​តែ​ខ្លាំង​ឡើង​»។​

បន្ទាប់​ពី​ការ​ចរចា​​​បាន​បញ្ចប់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ខែ​នេះ លោក Liu He ​អ្នក​ចរចា​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​ប្រទេស ​ចិន​ បាន​ឲ្យ​ដឹង​ថា ​ជុំ​ផ្សេង​ទៀត​​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ ប៉ុន្តែ​​ភាគី​ទាំង ​២ ​​មិន​បាន​ប្រកាស​កាល​បរិច្ឆេទ​​នោះ​ទេ​។​

លោក​ ត្រាំ បាន​ទុក​ទ្វារ​ចំហ​​សម្រាប់​​​ការ​សម្រុះសម្រួល​ ដោយ​លើក​ឡើង​ថា លោក​រំពឹង​ថា នឹង​មាន​កិច្ច​ប្រជុំ «​​ប្រកប​ដោយ​ផ្លែ​ផ្កា​» ​មួយ​នៅ​ខែ​ក្រោ​យ​ ជាមួយ​លោក ​ស៊ី ជីនភីង​សមភាគី​ចិន​របស់​លោក​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រុម​​​​ប្រទេស​ G20 ​នៅ​ក្នុង​ប្រទេស​ ជប៉ុន៕​ AFP/LA​