ក្រុងប៉េកាំងៈ ​ការ​អង្កេត​​ពាណិជ្ជកម្ម​មួយ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​អឺរ៉ុប «ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​»​​ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន ​ហើយ​មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​សុទិដ្ឋិនិយម​​អំពី​អនាគត​របស់​ពួក​គេ​​ក្នុង​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី២ ​របស់​​ពិភព​លោក​មួយ​នេះ​។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីន​តោន​ មិន​បាន​ផ្ដល់​នូវ​ផល​​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អឺរ៉ុប​នោះ​ទេ ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ធ្លាប់​សង្ឃឹម​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង​នៃ​ជម្លោះ​នេះ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​​​តាម​សភា​ពាណិជ្ជកម្ម​​អឺរ៉ុប​ប្រចាំ​​ប្រទេស ​ចិន។

លោកស្រី Charlotte Roule អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ត្រូវ​បាន​មើល​ឃើញ​ថា ជា​ភាព​មិន​ច្បាស់លាស់​ផ្សេង​ទៀត​លើ​បរិយាកាស​ពាណិជ្ជកម្ម​ ហើយ​ជា​អ្វី​ដែល​​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ភ្លាមៗ​ទេ ទោះបី​មាន​កិច្ច​ព្រមព្រៀង​ឬ​អត់​ក៏​ដោយ​»។​ លោកស្រី​ថ្លែង​ថា​៖ «​សមាជិក​របស់​យើង​​ឲ្យ​ដឹង​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ មិន​ល្អ​សម្រាប់​​ក្រុមហ៊ុន​​នោះ​ទេ​»​។​

ការ​អង្កេត​នេះ​ ក៏​បង្ហាញ​ថា សង្គ្រាម​ពាណិជ្ជកម្ម​ គឺ​ជា​ការ​បារម្ភ​មួយ​ដ៏​ធំ​​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប នៅ​ប្រទេស ​ចិន ​ដែល​មាន ​២៣ ​ភាគរយ​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​​ចិន​ មាន​ការ​បារម្ភ ​៤៥ ​ភាគរយ​ បញ្ហា​​​សេដ្ឋកិច្ច​ពិភព​លោក​មាន ២៧ ​ភាគរយ និង​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ដែល​កើន​ឡើង​​​ក្នុង​ប្រទេស ​ចិន ​មាន​​​ ២៣​ ភាគរយ។

ការ​សិក្សា​​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ចំនួន ៥៨៥​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​​មករា ខណៈ​​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​បាន​ធូរ​ស្រាល​។​

ភាព​តានតឹង​​បាន​កើន​ឡើង​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ដើម​ខែ​ឧសភា រវាង​​​អាមេរិក និង​ចិន ដែល​បង្កើន​ការ​​ហូត​ពន្ធ​នាំចូល​កាន់​តែ​ច្រើន​​​ទៅ​វិញ​ទៅ​មក​។​

ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ ២០១៩ ​នេះ ១ ​ភាគ ៤ ​នៃ​ក្រុមហ៊ុន​អឺរ៉ុប នៅ​​​ប្រទេស ​ចិន បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​រួច​ហើយ ដោយសារ​​​ការ​បង្កើន​ពន្ធ​នាំចូល​របស់​អាមេរិក​​លើ​ផលិតផល​ពី​ប្រទេស ចិន​។​

ក្រុមហ៊ុន​របស់​អឺរ៉ុប​ជា​ច្រើន ​ផលិត​ផលិតផល​ក្នុង​ប្រទេស ​ចិន និង​នាំចេញ​ផលិតផល​ទាំង​នោះ​ទៅ​ជុំវិញ​ពិភព​លោក។​

ចំនួន​បន្តិច​បន្តួច ​(​៦ ​ភាគរយ​) បាន​រក​ទីតាំង​ថ្មី​រួច​ហើយ ដើម្បី​ចៀស​ផុត​ពី​ការ​ពិន័យ​របស់​អាមេរិក​ ឬ​ក៏​ពួក​គេ​កំពុង​គ្រោង​នឹង​​ធ្វើ​ដូច្នេះ​នៅ​កន្លែង​ណា​មួយ​នៅ​អាស៊ី​ឬអឺរ៉ុប​។​

ប៉ុន្តែ​ក្រុមហ៊ុន​អឺរ៉ុប ឲ្យ​ដឹង​ថា ពួក​គេ​បាន​ចែក​រំលែក​ការ​បារម្ភ​ ដែល​បាន​លើក​ឡើង​ដោយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង​។​

លោកស្រី Roule ​ថ្លែង​ថា​៖ «​បញ្ហា​ដ៏​សំខាន់​ ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ ចាំបាច់​ត្រូវ​ដោះស្រាយ​តាមរយៈ​ការ​ដោះស្រាយ​របាំង​ចូល​ទីផ្សារ​ និង​បញ្ហា​ប្រឈម​បទ​ប្បញ្ញត្តិ​នានា ដែល​ដោះស្រាយ​កំណែ​ទម្រង់​សហគ្រាស​​​រដ្ឋ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ​»។​

ប្រហែល​​ ២០ ​ភាគរយ​​ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​អង្កេត​បាន​ត្អូញត្អែរ​អំពី​ការ​បង្ខំ​ពី​​​ការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​អត្ថប្រយោជន៍​នៃ​ដៃគូ​របស់​​ចិន ដែល​បង្កើន​តួលេខ​ ២ ដង​កាល​ពី​ឆ្នាំ​ទៅ៕​ AFP/LA