សានស៊ីៈ រដ្ឋាភិបាល​ខេត្ត Shaanxi របស់​ប្រទេស ​ចិន ​សង្ឃឹម​ថា​ នឹង​​មើល​ឃើញ​​កិច្ច​សហប្រតិបត្តិការ​​កាន់​តែ​ច្រើន​ជា​​មួយ​​ប្រទេស ​កម្ពុជា​ ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​។ នេះ​បើ​យោង​តាម​​លោក Zhang Xiaodong ​អនុ​ប្រធាន​អង្គភាព​​ព័ត៌មាន​នៃ​ការិយាល័យ​កិច្ច​ការ​បរទេស​របស់​ខេត្ត​​ Shaanxi កាល​ពី​​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

ការ​រំពឹង​ទុក​នេះ​កើត​ឡើង ​ខណៈ​​ប្រទេស ​កម្ពុជា បាន​បង្កើត​ការិយាល័យ​តំណាង​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​នេះ​​​។​

មន្ដ្រី​កម្ពុជា​ជាង ​១០០ ​នាក់​ បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ផ្លូវ​សូត្រ​នៅ​ក្នុង​ខេត្ត​ Shaanxi ដែល​មាន​ចំនួន​​ប្រជាជន ​៣៨ ​លាន​នាក់។

លោក ​Shi Zhijun​g អនុប្រធាន​​អង្គភាពពាណិជ្ជកម្ម​​ខេត្ត Shaanxi ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ខេត្ត Shaanxi ចាំបាច់​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ និង​​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន ​ដើម្បី​ជួយ​​​ក្រុមហ៊ុន​ចិន ​យល់​ដឹង​អំពី​ច្បាប់​វិនិយោគ​របស់​ប្រទេស ​កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​យើង​ចាំបាច់​ត្រូវ​ធ្វើ​ទស្សន​កិច្ច​ជា​ញឹកញាប់​រវាង​​មន្រ្ដី​ជាន់​​ខ្ពស់​របស់​ខេត្ត Shaanxi និង​ប្រទេស​ ​កម្ពុជា ​ដើម្បី​លើក​កម្ពស់​​ការ​ផ្លាស់ប្តូរ ​[បទ​ពិសោធ​] និង​កិច្ច​សហប្រតិបត្តិការ​»។​

លោក Shi Zhijung ​ឲ្យ​ដឹង​ថា ការ​ផ្ដោត​លើ​អាស៊ី​កណ្ដាល​ អាស៊ី​អាគ្នេ​យ៍​ អឺរ៉ុប​កណ្ដាល និង​អឺរ៉ុប​ខាង​កើត ខេត្ត ​Shaanxi ​នឹង​បង្កើត​យន្តការ​ផ្លាស់ប្តូរ ​ដើម្បី​គាំទ្រ​សហគ្រាស​ក្នុង​ការ​ធ្វើ​កិច្ច​​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ពហុភាគី​ និង​ទ្វេភាគី​ ស្វែងរក​ព័ត៌មាន​ការ​វិនិយោគ និង​ពង្រីក​គម្រោង​ទីផ្សារ​កិច្ច​សន្យា​​។​​

លោកស្រី​ Ying Fan សាស្រ្តាចារ្យផ្នែក​​សេដ្ឋកិច្ច​អន្តរជាតិ នៅ​សាកល​​វិទ្យាល័យ​​កិច្ចការ​បរទេស​របស់​ប្រទេស​ ​ចិន​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​កម្ពុជា​ ​គឺ​ជា​ដៃគូ​ដ៏​សំខាន់​​មួយ​សម្រាប់​គំនិត​ផ្តួចផ្ដើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​របស់​ប្រទេស ​ចិន​។ លោកស្រី​ថ្លែង​ថា​៖«ប្រទេស ​ចិន ​ចង់​ធ្វើ​ទំនាក់​ទំនង​ល្អ​ជាមួយ​​ប្រទេស​ផ្សេងៗ​​លើ​​ពិភព​លោក​ នេះ​​ជា​ជាតិសាសន៍ ​និង​បុគ្គលិក​លក្ខណៈ​​នៃ​​ប្រជាជន​របស់​​ប្រទេស ​ចិន​»​។​

លោក​ គិន ​ភា ​ប្រធាន​​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ឲ្យ​ដឹង​​​ កាល​ពី​សប្ដាហ៍​​មុន​ថា ​ខណៈ​ប្រទេស ចិន ​​មាន​ឥទ្ធិពល​ភូមិសាស្ដ្រ​នយោបាយ​ដ៏​រឹងមាំ​​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ ប្រទេស​នេះ​ក៏​ប្រឈម​នឹង​ការ​រិះគន់​យ៉ាង​​ខ្លាំង​ដោយ​ «អន្ទាក់​បំណុល​» ផង​ដែរ​។ ​

លោក​លើក​ឡើង​ថា​៖ «​ប្រសិន​បើ​​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស ​ចិន ​​ជាមួយ​កម្ពុជា​ មិន​ធ្វើ​ឲ្យ​ប្រទេស ​កម្ពុជា ​រីក​ចម្រើន វា​នឹង​​មិន​ក្លាយ​ជា​​ឧទាហរណ៍​សម្រាប់​បណ្ដា​ប្រទេស​​ផ្សេង​ទៀត​នោះ​ទេ​»។

លោក​បន្ថែម​​ថា ​បណ្ដា​ប្រទេស​ជា​ច្រើន​​ដូច​ជា​ ស្រីលង្កា និង​​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​​ត្រូវ​ចាត់​ទុក​ជា​​ប្រទេស​ដែល​បាន​ធ្លាក់​ចូល​​ក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស ​ចិន​។​

ក្នុង​អំឡុង​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​ ​ចិន ​កាល​ពី​ថ្ងៃទី ​៣០ ​ខែ ​ឧសភា ​​លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​​កម្ពុជា និង​​លោក Wang Yi ទីប្រឹក្សា​រដ្ឋ​របស់​​ប្រទេស ​ចិន បាន​សន្យា​ថា ​ប្រទេស​ទាំង ​២ ​នឹង​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​ក្លាយជា​គំរូ​​ប្រកប​ដោយ​ជោគជ័យ​។​

លោក​ ប្រាក់ ​សុខុន​ ​ឲ្យ​ដឹង​ថា ​ប្រទេស​​ ចិន​ នឹង​ព្យាយាម​​​ជំរុញ​ឲ្យ​​ក្រុមហ៊ុន​​ចិន​​មក​វិនិយោគ​​កាន់​តែ​ច្រើន​​នៅ​​កម្ពុជា​ ហើយ​ក៏​ពង្រីក​ចំណែក​ទីផ្សារ​ចិន​សម្រាប់​ផលិតផល​​កម្ពុជា​ផង​ដែរ​​៕​LA