ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​បានបង្ហាញ​ពី​កំណើន​​ពី ១​ ឆ្នាំទៅ ១ ​ឆ្នាំ ដែល​ភាគច្រើន​ត្រូវបាន​ជំរុញ​លំហូរ​ទេសចរ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ឆ្នាំ​ ២០១៩ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វប្បធម៌​ដ៏ល្បីល្បាញ​មួយ​របស់​កម្ពុជា​បាន​មើលឃើញ​ពី​ការធ្លាក់​ចុះ​ភ្ញៀវទេសចរ​បរទេស​លើកដំបូង​ ១៥ ​ភាគរយ​។

អ្នកយកព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​លោក ស៊ន សារ៉ាត បាន​ជួប​ជាមួយ​លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា (CHA) ដើម្បី​ពិភាក្សា​ពី​បញ្ហា​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​នៅ​កម្ពុជា​។

លោកស្រី​មើលឃើញ​យ៉ាងណា​ដែរ​ចំពោះ​ការវិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ព្រឹត្តិការណ៍​ថ្មី​នេះ​?

វិស័យ​ទេសចរណ៍​មាន​ការកើនឡើង​តិចតួច ប៉ុន្តែ​សណ្ឋាគារ​មាន​ការកើនឡើង​ច្រើន​ដូច្នេះ​បាន​ធ្វើឲ្យ​តម្រូវការ​តិចជាង​ការផ្គត់ផ្គង់ យើង​មើលឃើញថា ខណៈ​ចំនួន​ភ្ញៀវទេសចរ​មាន​ការកើនឡើង​តិចតួច ការសាងសង់​សណ្ឋាគារ​បាន​កើនឡើង​ពី​ ១ ​ទៅ​ ១ ​ថ្ងៃ ដូច្នេះ​ចំណែក​ទីផ្សារ​ត្រូវបាន​ពុះ​ច្រៀក​កាន់តែ​ច្រើន​។

ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កាន់​ខេត្តសៀមរាប​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​ ២០១៩​។ តើ​អ្វី​ជា​មូលហេតុ​?

មូលហេតុ​ចម្បង​ខ្ញុំ​គិតថា រឿង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​ឲ្យ​តែមាន​បញ្ហា​តូច​មួយ​កើតឡើង​ហើយ​ឮ​ដល់​បរទេស ពួកគេ​តែងតែ​បារម្ភ ទោះបី​វា​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ពួកគេ​ក៏ដោយ​។ ដូច្នេះ​យើង​ដឹង​ហើយ​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ដែល​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​ដល់​ភ្ញៀវ​។ រឿង​ទី​ ២ គឺ​សេដ្ឋកិច្ច ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​ធ្វើឲ្យ​ភ្ញៀវទេសចរ​ត្រូវធ្វើ​ការពិចារណា​ច្រើនជាង​មុន មុន​នឹង​ពួកគេ​សម្រេចចិត្ត​មក​កម្ពុជា ឬ​ប្រទេស​ណាមួយ​។ ការពិចារណា​ច្រើន​របស់​ភ្ញៀវ​នេះហើយ​ធ្វើឲ្យ​គាត់​ពន្យារពេល​ការធ្វើ​ដំណើរ​។

កត្តា​មួយទៀត​ដែល​នាំ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​នៅ​ខេត្ត​សៀមរាប​គឺ​សេវាកម្ម​ទេសចរណ៍​របស់​កម្ពុជា​មិនទាន់​មាន​ភាពសម្បូរបែប បើ​ធៀប​នឹង​ប្រទេស​ជិតខាង​។ ទាក់ទង​នឹង​កន្លែង​កម្សាន្ត និង​មជ្ឈមណ្ឌល​ទំនិញ យើង​នៅ​មាន​ចំនួន​តិច​នៅឡើយ យើង​ធ្វើការ​ផ្សព្វផ្សាយ​ច្រើនតែ​ពី​អង្គរវត្ត នៅពេល​ភ្ញៀវ​បរទេស​បាន​មក​លេង​អង្គរវត្ត​ហើយ ពួកគេ​នឹង​មិន​មកវិញ​ទេ ដោយសារ​តែ​ពុំមាន​កន្លែង​ផ្សេង ដែល​ពួកគេ​មិន​ចាប់អារម្មណ៍ តាមពិត​យើង​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ច្រើន ដែល​មិនទាន់​បាន​ផ្សព្វផ្សាយ​ឲ្យ​អស់​សក្តានុពល ខណៈ​យើង​មាន​ប្រទេស​ជិតខាង​ជា​​គូប្រជែង ដែល​គេ​មាន​របស់​ពិសេស​ជាង​យើង​ច្រើន​ទាំង​កន្លែង​កម្សាន្ត និង​តម្លៃថោក​។

តើ​លោកស្រី​យល់ឃើញ​យ៉ាងណា​ដែរ​ចំពោះ​លំហូរ​ចូល​ទាំង​វិនិយោគិន និង​ទេសចរ​ចិន​មក​កម្ពុជា​បច្ចុប្បន្ន​ដែល​ភាគច្រើន​បាន​បង្កើត​សេវា​សម្រាប់​ការផ្គត់ផ្គង់​ដោយ​ខ្លួនឯង​?

ខ្ញុំ​គិតថា ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដែល​ចូលមក​ស្រុក​ខ្មែរ​យើង​មិនបាន​នាំ​ប្រយោជន៍​ធំដុំ​ដល់​ប្រជាជន​ទេ ដោយសារ​ភាគច្រើន​នៃ​ក្រុម​ភ្ញៀវ​ធំៗ​នេះ​ពួកគាត់​ស្នាក់​នៅតែ​ក្នុង​សណ្ឋាគារ​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន ពួកគេ​ទទួលទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ខណៈ​ក្រុមហ៊ុន​ទេសចរណ៍​ទៀតសោត​ក៏​ជា​ក្រុមហ៊ុន​ចិន បើ​ពួកគាត់​ទិញ​វត្ថុ​អនុស្សាវរីយ៍​ក៏​ទិញ​ក្នុង​ហាង​ចិន​ដែរ អ៊ីចឹង​លុយ​ដែល​ធ្លាក់​មកដល់​ដៃ​ពលរដ្ឋ​ខ្មែរ​តិចតួច​បំផុត​។ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​មាន​ដូចជា​អ្នក​នាំ​ភ្ញៀវ និង​អ្នក​បើកបរ​ដ៏តិចតួច​។

ប៉ុន្តែ​បើ​និយាយ​ពី​ផលប៉ះពាល់​មាន​ច្រើន ដូចជា​ការនាំមក​នូវ​រូបភាព​មិន​សូវ​ល្អ ដូច​យើង​ដឹង​ស្រាប់​ហើយ​ភ្ញៀវ​ជនជាតិ​ចិន​មិន​ថា​មក​កម្ពុជា ឬ​ទៅ​ប្រទេស​ណា​ទេ ពួកគេ​មាន​ឥរិយាបថ​មិនល្អ មិនបាន​រៀនសូត្រ​ពី​វប្បធម៌​របស់​ប្រទេស​ណាមួយ​មុននឹង​ពួកគេ​ចូលមក​ទេ ពួកគេ​ទៅ​ទី​ណា​ចង់​ធ្វើ​ចៅហ្វាយ​គេ​តែម្តង​។

អ៊ីចឹង​លោកស្រី​យល់ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ការវិវឌ្ឍ​នៃ​ទិសដៅ​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏សំខាន់​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​ក្រុងព្រះសីហនុ​?

ខ្ញុំ​គិតថា ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​ជា​រឿង​ល្អ ព្រោះ​ដើម្បី​ឲ្យ​គាត់​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅខាង​ក្រៅ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ទុក​ផ្លូវ ទុក​ឱកាស ទុក​ចំណែក​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ក្នុង​ការអភិវឌ្ឍ​ទេសចរណ៍​សហគមន៍​។ ពិតណាស់​ការអភិវឌ្ឍ​ទេសចរណ៍ យើង​ត្រូវមាន​គ្រប់​ប្រភេទ ទាំង​ការវិនិយោគ​ខ្នាត​ធំ ខ្នាត​មធ្យម និង​អាជីវកម្ម​ខ្នាតតូច ឬ​ទេសចរណ៍​របស់​សហគមន៍ ដើម្បី​ជា​ជម្រើស​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ បច្ចុប្បន្ន​ទេសចរ​ក្នុង​ស្រុក​ពិបាក​នឹង​ទៅ​ក្រុងព្រះសីហនុ​ណាស់ ពិសេស​លើ​ការ​ស្នាក់នៅ ហើយ​ជម្រើស​គឺ​ពួកគេ​ត្រូវ​ជិះ​ឆ្លង​ទៅលេង​កោះ​ដែល​ត្រូវ​ចំណាយ​កាន់តែ​ខ្ពស់​។

ដូច​លោកស្រី​បានដឹង​ហើយពី​ការបិទទ្វារ​របស់​សណ្ឋាគារ​ផ្កាយ​ ៥ ​ដ៏ចំណាស់​នៅ​ទីក្រុង​ភ្នំពេញ The Great Duke និង​សណ្ឋាគារ​អប្សរា​អង្គរ​នៅ​ខេត្តសៀមរាប​។ លោកស្រី​មាន​យោបល់​យ៉ាងណា​ដែរ​?

ខ្ញុំ​គិតថា​វា​មាន​បញ្ហា​ច្រើន​ដែល​ជំរុញ​ឲ្យ​ពួកគេ​បិទទ្វារ ហើយ​នោះ​ជា​បញ្ហា​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​គេ​។ ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​កាន់តែ​ស្វិតស្វាញ ពិសេស​អ្នក​ចូលមក​ថ្មី​ដែល​កំពុង​អភិវឌ្ឍ​កាន់តែ​ទំនើប ហើយ​បើ​សណ្ឋាគារ​ណា​មិន​ដើរឲ្យ​ទាន់​ស្ថានភាព​ទេ​នឹង​មាន​បញ្ហា​។

បញ្ហា​ពន្ធ​ក៏​អ៊ីចឹង​ដែរ ក្រុមហ៊ុន​ខ្លះ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការបង់ពន្ធ​ដែល​ធ្វើឲ្យ​ចំនួន​ចេះ​តែ​កើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ទីបំផុត​គាត់​មិន​អាច​ទូទាត់​បាន​ក៏​សម្រេចចិត្ត​បិទ​មួយរយៈ​។

ក្នុង​នាម​ជា​ប្រធាន​សមាគម​តើ​លោកស្រី​នឹង​ធ្វើ​អ្វីខ្លះ​ចំពោះ​ស្ថានភាព​បែបនេះ​?

យើង​បាន​ជូនដំណឹង​ដល់​សមាជិក​របស់​យើង​ឲ្យ​ប្រឹងប្រែង​បន្ត​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​នៅ​ទីផ្សារ​ក្រៅប្រទេស ដើម្បី​ប្រមូល​ភ្ញៀវ​មកវិញ យើង​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ចំពោះ​ស្ថានភាព​បែបនេះ​ឡើយ យើង​ត្រូវ​ពង្រឹង​សេវាកម្ម​ឲ្យ​កាន់តែ​ខ្លាំង យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​សំឡេង​តែមួយ​។ ហើយ​យើង​បានធ្វើការ​ជាមួយ​ក្រសួង​ក្នុង​ការផ្សព្វផ្សាយ​រក​ទីផ្សារ​ទាំងក្នុង និង​ក្រៅប្រទេស ដើម្បី​ទទួល​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កើនឡើង​។

លោកស្រី​មើល​យ៉ាងណាដែរ​ចំពោះ​ចក្ខុវិស័យ​វិស័យ​ទេសចរណ៍​ ២០២០?

យើង​មាន​ក្តី​ព្រួយបារម្ភ​ថា ចំនួន​ភ្ញៀវទេសចរ​នឹង​មិនអាច​កើនឡើង​បានទេ​នៅ​ឆ្នាំ​ ២០២០ ​នេះ​ដោយ​ហេតុផល​ដែល​ខ្ញុំ​បានលើក​ឡើង​ខាងលើ​ដូចជា​បញ្ហា​សេដ្ឋកិច្ច​សកល​ជាដើម ប៉ុន្តែ​យើង​នៅតែ​មាន​ក្តីសង្ឃឹម​ចំពោះ​វិស័យ​ទេសចរណ៍​នៅពេល​អនាគត យើង​នៅតែ​បន្តធ្វើ​ការផ្សព្វផ្សាយ​ទីផ្សារ និង​ពង្រឹង​សេវាកម្ម ខ្ញុំ​ជំរុញ​ឲ្យ​សមាជិក​ចេញ​ទៅ​ក្រៅ​ដើម្បី​ធ្វើ​ទីផ្សារ​។

នៅ​ខែមីនា​ខាងមុខ ខ្ញុំ​នឹង​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​មួយ​នៅ​អាល្លឺម៉ង់​ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​៕ LA