ភ្នំពេញៈ គម្រោង​សាង​សង់​ព្រ​លាន​យន្ត​ហោះ​ក្រុង​ប៉ោយ​ប៉ែត គ្រោង​នឹង​​ចាប់​ផ្តើម​ឡើង​វិញ​ បន្ទាប់​ពី​​​ផ្អាក​រយៈ​ពេល ១០ ឆ្នាំ​ ដោយ​សារ​វិ​បត្តិ​ហិ​រញ្ញ វត្ថុ​ពិភព​លោក​​ឆ្នាំ ២០០៨ ខណៈ​ថ្មី​ៗ​នេះ​ជន​ជាតិ​ចិន​កំ​ពុង​ហូរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ជាប់​​​ព្រំ​ដែន​មួយ​នេះ។

ចាប់​ផ្តើម​សាង​សង់​ដំ​បូង​នៅ​ឆ្នាំ​ ២០​០៧ ដោយ​​ក្រុម​ហ៊ុន​វិ​និ​យោគ​ស​ណ្ឋា​គារ និង​កា​ស៊ី​ណូ Holiday Palace គម្រោង​នេះ​បាន​​សាង​សង់​គ្រឹះ​ផ្លូវ​សម្រាប់​យន្ត​ហោះ​រត់​បាន​មួយ​ចំ​នួន​​​ហើយ មុន​ពេល​ត្រូវ​បាន​ទុក​ចោល​ក្នុង​គ្រា​ដែល​ពិ​ភព​លោក​ជួប​ប្រ​ទះ​វិ​បត្តិ​ហិ​រញ្ញ​វត្ថុ​ដែល​ក៏​បាន​​បង្ក​ការ​ប៉ះ​ទង្គិច​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​ដែរ​នោះ។

លោក ស៊ិន ចាន់​សិ​រី​វុត្ថា អ្នក​នាំ​ពាក្យ​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​អា​កាស​ចរ​ស៊ី​វិល​បាន​ឲ្យ​ដឹ​ង​កាល​ពី​ម្សិល​មិញ​​​​ថា គម្រោង​សាង​សង់​បន្ត​នេះ​នឹង​​វិ​និ​យោគ​ដោយ​​ក្រុម​ហ៊ុន​ឯក​ជន​ក្នុង​ស្រុក PoiPet Airport Investment ដែល​នឹង​ចំ​ណាយ​ប្រាក់​​​​ប្រ​ហែល ៥០ ​លាន​ដុ​ល្លារ។

លោក​ថ្លែង​ថា បច្ចុ​ប្បន្ន​គម្រោង​​នេះ​ស្ថិត​ក្នុង​ដំ​ណាក់​កាល​​សិ​ក្សា​ឡើង​វិញ​ ហើយ​​​គ្រោង​ចាប់​ផ្តើម​សាង​សង់​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០ និង​​បើក​ដំ​ណើរ​ការ​​​ក្នុង​ឆ្នាំ​ ២០២៣ ​​។

លោក​ថ្លែង​ថា៖​ «​​​ដោយ​សារ​​សេដ្ឋ​កិច្ច​នៅ​ក្រុង​​ប៉ោយ​ប៉ែត​ពេល​នេះ​​ល្អ​ប្រ​សើរ​ ទើប​ក្រុម​ហ៊ុន​ PoiPet Airport Investment ដាក់​ឯក​សារ​មក​​សុំ​ការ​អនុ​ញ្ញាត​ដើ​ម្បី​​ចាប់​ផ្តើម​​ការ​​សាង​សង់​​ឡើង​វិញ​»​​។​

ព្រ​លាន​យន្ត​ហោះ​​​​នេះ​មាន​ស​មត្ថ​ភាព​​​សម្រាប់​​តែ​ការ​ចុះ​ចត​​​​យន្ត​ហោះ​ក្នុង​​ស្រុក​​​ប៉ុណ្ណោះ។ ​ម្ចាស់​ក្រុម​ហ៊ុន​​នេះ​​​មាន​អា​ជីវ​កម្ម​ជា​ច្រើន​នៅ​ក្រុង​ប៉ោយ​ប៉ែត ដូច​ជា ​​ស​ណ្ឋា​គារ កា​ស៊ី​ណូ និង​កន្លែង​កម្សាន្ត​ជា​ដើម​។​ នេះ​បើ​តាម​លោក ចាន់​សិ​រី​វុត្ថា។

លោក​ថ្លែង​​ថា៖ «ជា​ទិស​ដៅ​​​រដ្ឋា​ភិ​បាល​​កម្ពុជា​មិន​មាន​ផែន​ការ​សាង​សង់​​​ព្រ​លាន​យន្ត​ហោះ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ទេ ប៉ុន្តែ​ដោយ​សារ​វិ​ស័យ​ឯក​ជន​​មើល​​ឃើញ​​ពី​ស​ក្តា​នុ​ពល​ ហើយ​គេ​មក​​សុំ​ច្បាប់​​​សាង​សង់ យើង​ក៏​យល់​ព្រម​»​​។

លោក ហូ វណ្ឌី ទី​ប្រឹ​ក្សា​ស​មា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ឲ្យ​ដឹង​​​ថា ការ​សាង​សង់​ព្រ​លាន​យន្ត​ហោះ​​ថ្មី​ៗ​បន្ថែម​នឹង​ជួយ​​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​អា​កាស​មាន​កាន់​តែ​ច្រើន​ ហើយ​​​​រដ្ឋ​ក៏​​ទទួល​បាន​ចំ​ណូល​កាន់​តែ​ច្រើន​ដែរ​​។

លោក​បន្ថែម​ថា​ បច្ចុ​ប្បន្ន​​​​​អាច​និ​យាយ​ថា​ ទី​ក្រុង​ប៉ោយ​ប៉ែត​គឺ​ជា​តំ​បន់​ទេស​ចរណ៍​​កែ​ច្នៃ​មួយ​ដ៏​ពេញ​និ​យម​នៅ​តំ​បន់​ព្រំ​ដែន​កម្ពុជា-​ថៃ​​។​

លោក​​​ថ្លែង​ថា៖​ «ប៉ោយ​ប៉ែត​នឹង​ក្លាយ​ជា​កន្លែង​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋ​កិច្ច​ខ្ពស់​នា​ពេល​ខាង​មុខ ខណៈ​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទី​នោះ​មាន​ទាំង​​តាម​ផ្លូវ​ថ្នល់ ផ្លូវ​ដែក និង​ផ្លូវ​អា​កាស»​។

លោក សាន ស៊ាន​ហូ អ​ភិ​បាល​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​ថា ការ​​សាង​សង់​ព្រ​លាន​យន្ត​ហោះ​​នេះ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ​ជិត ​៣០០​ ហិក​តា​ក្នុង​សង្កាត់​និ​មិត្ត ក្រុង​ប៉ោយ​ប៉ែត​ ដោយ​មាន​ចម្ងាយ​ប្រ​ហែល ​១៣ ​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​​ប៉ោយ​ប៉ែត។

លោក​បន្ត​ថា បច្ចុ​ប្បន្ន​​​ក្រុង​ប៉ោយ​ប៉ែត​កំ​ពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិ​ស័យ ស្រប​ពេល​ដែល​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ចិន​បាន​កើន​ឡើង​ជា​លំ​ដាប់​។​

លោក​បាន​មាន​ប្រ​សាស​ន៍​បន្ត​ថា​៖ «​​​ការ​មក​ដល់​របស់​ជន​ជាតិ​ចិន​កំ​ពុង​ប្រែ​​ក្លាយ​ក្រុង​ប៉ោយ​ប៉ែត​ទៅ​ជា​ទី​កន្លែង​​ទី​​ ២ ដែល​ទាក់​ទាញ​ជន​ជាតិ​ចិន​បន្ទាប់​ពី​ក្រុង​ព្រះ​សី​ហ​នុ»។​​

លោក​បន្ត​ថា​ ជន​ជាតិ​ចិន​សរុ​ប​ដែល​កំ​ពុង​ស្នាក់​នៅ​ទាំង​អ្នក​ទេស​ចរ និង​​រក​សុី​​នៅ​​ប៉ោយ​ប៉ែត​ បច្ចុ​ប្បន្ន​មាន​​ជាង ២០ ០​០​០ ​នាក់៕ LA